ព្រោះផ្សាយពីអំពើពុករលួយ ក្នុងបក្សកុម្មុយនីស្ដិ៍ និងរដ្ឋាភិបាលចិន អ្នកសារព័ត៌មានមួយរូប ត្រូវបានតុលាការប្រជាជន ក្រុង«Guiyang» ខេត្ត«Guizhou» ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ។ ការផ្តន្ទាទោសនេះ បានរងការរិះគន់ខ្លាំងក្លា ពីអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWF /RSF) ដែលឃ្លាំមើលពីករណីនេះ យ៉ាងដិតដល់។
លោក «Chen Jieren» អាយុ៤៨ឆ្នាំ បានត្រូវផ្ដន្ទាទោស កាលពីថ្ងៃទី៣០ ខែមេសាកន្លងមក ឲ្យជាប់ក្នុងពន្ធនាគារ ចំនួន១៥ឆ្នាំ ពីបទ«ញុះញង់ឲ្យមានជម្លោះ បង្កចលាចល» និងបទបានប្រព្រឹត្តិ នូវ«ការជំរិតទារប្រាក់ ការធ្វើជំនួញខុសច្បាប់ និងអំពើពុករលួយ»។
បន្ថែមពីលើទោស ជាប់ពន្ធនាគារ លោក «Chen Jieren» នៅរងការពិន័យជាប្រាក់ ប្រមាណជា៧លានយ័ន (ត្រូវជា ជិត១លានអ៊ឺរ៉ូ ឬជាង១លានដុល្លារ)។ ប្រាក់ពិន័យនេះ មានកម្រិតស្មើនឹងប្រាក់ខែ ចំនួន៥៣ឆ្នាំ របស់អ្នកសារព័ត៌មានម្នាក់ នៅក្នុងប្រទេសចិនកុម្មុយនីស្ដិ៍។
ប្អូនប្រុសរបស់អ្នកកាសែត គឺលោក «Chen Weiren» ដែលជាអ្នកបង្ហោះអត្ថបទ នៅតាមគេហទំព័រ ក៏ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៤ឆ្នាំដែរ ជាមួយនឹងប្រាក់ពិន័យ ១សែនយ័ន (ត្រូវជា ១ ៣០០អ៊ឺរ៉ូ ឬ ១ ៤០០ដុល្លារ)។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ លោក «Chen Jieren» រួមនឹងភរិយា ប្អូនប្រុសពីររូប និងសហការីពីរនាក់ទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួន ហើយដាក់ឲ្យរស់នៅ ក្នុងអាគារមួយ ដាច់ដោយឡែកពីគេឯង។ អាគារនោះ ត្រូវបានអាជ្ញាធរហៅថា ជា«លំនៅដ្ឋានក្រោមការឃ្លាំមើល»។ តែសម្រាប់អ្នកដែលធ្លាបស្គាល់ បានហៅអាគារនោះ ថាជា«គុកងងឹត»របស់ប្រទេសចិន។
នៅមុនពេលក្លាយជាអ្នកសារព័ត៌មានឯករាជ្យ លោក «Chen Jieren» ធ្លាប់ធ្វើការឲ្យប្រព័ន្ធឃោសនា របស់របបកុម្មុយនីស្ដិ៍ ជាច្រើនកន្លែង។ តែលោក តែងត្រូវបានបណ្ដេញចេញ ដោយហេតុមកពីជំហររិះគន់ នៅក្នុងអត្ថបទរបស់លោក។
ការផ្ដន្ទាទោសប្រឆាំងអ្នកសារព័ត៌មានខាងលើ រងការថ្កោលទោស ពីអង្គការ «RSF» ដែលមានជំនាញ ខាងឃ្លាំមើលសេរីភាពសារព័ត៌មាន នៅជុំវិញពិភពលោក។ ពីទីស្នាក់ការធំរបស់ «RSF» ដែលស្ថិតក្នុងរដ្ឋធានីប៉ារីស (បារាំង) លោក «Cédric Alviani» នាយកទទួលបន្ទុក កិច្ចការអាស៊ីខាងកើត របស់អង្គការនេះ បានស្នើឲ្យក្រុងប៉េកាំង លុបចោលសាលក្រម និងដោះលែងអ្នកសារព័ត៌មានខាងលើ ជាបន្ទាន់។
លោក «Cédric Alviani» បានថ្លែងឡើងថា៖
«ជាក់ស្ដែងណាស់ ការផ្ដន្ទាទោសសព្វគ្រប់បែបយ៉ាង ដែលហាក់នាំយើង ឱ្យវិលត្រលប់ទៅរកសម័យម៉ៅនិយមវិញនេះ មានគោលបំណងធ្វើជាគំរូ ដើម្បីកុំឱ្យអ្នកកាសែតចិនដទៃទៀត ហ៊ានរិះគន់របបកុម្មុយនីស្ដិ៍ តទៅទៀត។»
«RSF» បានបន្តបរិហារទៀតថា ប្រទេសចិន គឺជា«ពន្ធនាគារ»ដ៏ធំ សម្រាប់អ្នកសារព័ត៌មាន ទាំងបែបប្រយោល និងដោយផ្ទាល់។ ហើយប្រទេសនេះ ទទួលបានចំណាត់ថ្នាក់ នៅក្នុងសន្ទស្សសេរីភាពសារព័ត៌មាន យ៉ាងទាប និងជិតចុងគេបង្អស់ គឺចំណាត់ថ្នាក់លេខ ១៧៧ ពីក្នុងចំណោមប្រទេស១៨០ នៃបញ្ជីសន្ទស្សឆ្នាំ២០២០ របស់អង្គការ «RSF» ដែលទើបនឹងចេញផ្សាយ កាលពីចុងខែកន្លងទៅ៕