យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន «China Eastern Airlines» បានធ្លាក់បោកខ្លួន ជាមួយអ្នកដំណើរ១៣២នាក់ នៅក្នុងតំបន់មួយ ស្ថិតក្នុងភាគខាងត្បូងនៃប្រទេសចិន។ ក្នុងពេលភ្លាមៗ មិនទានមានតុល្យភាពជាផ្លូវការ បង្ហាញឲ្យដឹងអំពីចំនួនជនរងគ្រោះ ឬយ៉ាងណាទេ។
យន្ដហោះប្រភេទ «Boeing-737» បានធ្លាក់នៅក្បែរក្រុង «Wuzhou» ក្នុងតំបន់ «Guangxi» បង្កឲ្យមានអគ្គិភ័យឆេះឡើង យ៉ាងសន្ធោសន្ធៅ។ នេះបើតាមការផ្សាយ របស់ទូរទស្សន៍រដ្ឋចិន «CCTV» ដែលបង្ហាញពីរូបភាពផ្សែងខ្មួលខ្មាញ់ គ្រប់ដណ្ដប់ពីលើព្រៃឈើ និងភ្នំ ជុំវិញតំបន់កើតហេតុ។
បើតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា យន្ដហោះខាងលើដែលភ្ជាប់ជើងហោះហើរ «MU5735» បានហោះងើបខ្លួន នៅម៉ោងប្រមាណជាង១រសៀល ពីព្រលានយន្ដហោះក្រុង «Kunming» ដែលស្ថិតនៅភាគនារតី ដើម្បីហោះឆ្ពោះទៅកាន់ក្រុង «Canton» (ជិតក្រុងហុងកុង) ដែលមានចម្ងាយប្រមាណជា១៣០០គីឡូម៉ែត្រ ពីព្រលានយន្ដហោះដើម។
ក្នុងពេលភ្លាមៗ មិនមានតុល្យភាពផ្លូវការណាមួយ ផ្សាយឲ្យដឹងពីជោគវាសនា នៃអ្នកដំណើរទាំង១៣២នាក់ ដែលស្ថិតនៅក្នុងយន្ដហោះនោះទេ។
គ្រោះថ្នាក់ធ្លាក់យន្ដហោះ ចុងក្រោយបង្អស់ នៅប្រទេសចិន បានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០១០។ គ្រោះថ្នាក់នោះ បានបង្កឲ្យមនុស្សស្លាប់ ៤២នាក់៕