អាស៊ី-ប៉ាស៊ីភិក

អតីត​អគ្គនាយក​ក្រុមហ៊ុន នីសាន់ ចេញពី​ពន្ធនាគារ​ជាលើក​ទីពីរ

អតីតអគ្គនាយកក្រុមហ៊ុន នីសាន់ (Nissan – ជប៉ុន) និងក្រុមហ៊ុន រ៉ឺណូ (Renault – បារាំង) លោក កាឡូស ហ្គូន (Carlos Ghosn) បានចាកចេញពីពន្ធនាគារហើយ នៅថ្ងៃព្រហស្បត្តិនេះ បន្ទាប់ពីលោកត្រូវបានចាប់ឃុំខ្លួនជាថ្មី កាលពីថ្ងៃទី៤ ខែមេសា រហូតមក។ នេះ បើតាមសារព័ត៌មានក្នុងប្រទេសជប៉ុន ដែលបង្ហាញពីរូបភាព របស់លោក ហ្គូន ចេញពីពន្ធនាគារនោះផង។

រូបភាពទាំងនោះ បានបង្ហាញឲ្យដឹងថា លោក កាឡូស ហ្គូន បានចេញពីពន្ធនាគារ នៅវេលាម៉ោងប្រមាណជា ២២ និង២០នាទី ម៉ោងក្នុងប្រទេសជប៉ុន។ លោកពាក់អាវធំ គ្មានក្រវ៉ាត់ក និងដើរយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់រថយន្ដពណ៌ខ្មៅ ដែលរង់ចាំដឹកលោកចេញ នៅពីមុខ​កាម៉េរ៉ា​រាប់សិប របស់អ្នកសារព័ត៌មាន។

Carlos Ghosn quitte le centre de détention de Tokyo

Carlos Ghosn a versé la somme de 4 millions d'euros pour être libéré

Publiée par CNEWS sur Jeudi 25 avril 2019


លោក ហ្គូន បានបង់ប្រាក់តំកល់ ៥០០លានយ៉េន (ត្រូវជា៤លានអ៊ឺរ៉ូ ឬ៤,៥លានដុល្លារ) ដើម្បីជាថ្នូរនឹងការដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្នុងលើកនេះ។

អតីតមេដឹកនាំសហគ្រាស ផលិតរថយន្ដ នីសាន់ – រ៉ឺណូ ដ៏ល្បី ត្រូវគោរពតាមលក្ខខណ្ឌ ដ៏ម៉ឺងម៉ាត់ មានដូចជា នៅស្ថិតក្នុងលំនៅដ្ឋាន ហាមចាកចេញពីប្រទេសជប៉ុន និងហាមប៉ះពាល់ដល់វត្ថុតាង ឬបើសូម្បីការបែកធ្លាយផ្សេងៗ។

មេធាវីរបស់លោក បានបញ្ជាក់បន្ថែមថា លក្ខខណ្ឌដ៏តឹងតែងមួយទៀត ដែលត្រូវគោរពដែរនោះ គឺលោក ហ្គូន មានសិទ្ធិជួបភរិយាលោក តែនៅពេលណា ដែលតុលាការអនុញ្ញាតប៉ុណ្ណោះ។

នៅក្នុងការដោះលែង ឲ្យនៅក្រៅឃុំ កាលពីលើកទី១ លោក កាឡូស ហ្គូន អាចជួបជាមួយភរិយា និងក្រុមគ្រួសារបាន នៅក្នុងលំនៅដ្ឋានជួលមួយ នៅក្នុងរាជធានី តូក្យូ ដែលត្រូវបានចុះបញ្ជី នៅតុលាការ។ លោកមិនអាចអវត្តមាន ពីលំនៅដ្ឋានមួយនេះ ឲ្យហួសពី៣ថ្ងៃឡើយ។

មេធាវីលោកអះអាងថា លោក ហ្គូន នឹងវិលត្រឡប់ ទៅនៅក្នុងលំនៅដ្ឋានដដែល នោះវិញ។

កាលពីលើកមុន លោក ហ្គូន បានតំកល់ប្រាក់ រហូតដល់១ពាន់លានយ៉េន ដើម្បីរូបលោក អាចត្រូវបានតុលាការ អនុញ្ញាតឲ្យនៅក្រៅឃុំ នៅថ្ងៃទី៦ ខែមិនា បន្ទាប់ពីលោកត្រូវបានចាប់ដាក់ឃុំ ជាបណ្ដោះអាសន្ន នៅថ្ងៃទី១៩ ខែវិច្ឆិកា៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។