អាស៊ី-ប៉ាស៊ីភិក

Covid-19៖ ថៃបិទខេត្ត សាមុតសាខន បន្ទាប់ពី​ផ្ទុះ​ករណី​ឆ្លង​មិនធ្លាប់មាន

ខេត្ត សាមុតសាខន ដែលស្ថិតនៅភាគនារតី ជាប់រាជធានីបាងកក បានប្រកាសរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ (Covid-19) ចំនួន ៥៤៩ករណី (៥៧៦ករណី ជាតួលេខនៅទូទាំងប្រទេស) ត្រឹមតែមួយថ្ងៃទី១៩ ខែធ្នូនេះ។ តួលេខដែលរកឃើញ បង្ហាញថា ភាគច្រើន​លើសលប់ នៃអ្នកជំងឺ សុទ្ធសឹងជាពលករ​ភូមា ដែលចូលទៅធ្វើការ ក្នុងខេត្តនេះ ជាកម្មករនេសាទ។

នៅចំពោះការហក់ឡើងខ្លាំង នៃករណីឆ្លង ដែលមិនធ្លាប់មានពីមុនមក តម្រូវឲ្យអាជ្ញាធរ ប្រកាសបិទខេត្តមួយនេះ ជាលក្ខណៈប្រកាស​អាសន្ន និងមានសុពលភាព រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ខាងមុខ។

អ្នកឆ្លើយឆ្លងព័ត៌មាន​នៅនឹងកន្លែង បានឲ្យប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងយប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូនេះថា ទិដ្ឋភាពក្នុងខេត្ត​សាមុតសាខន មានភាពស្ងាត់ខុសធម្មតា ដោយសារអាជ្ញាធរបានបញ្ជា ឲ្យបិទសាលារៀន មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីផ្សារ ហាងសំអាងកាយ ឬទីកន្លែងកម្សាន្ដផ្សេងៗ។

ទីផ្សារដែលលក់ទំនិញស្រស់ (ត្រីសាច់ បន្លែ…) ត្រូវបានអនុញ្ញាតិឲ្យបើក សម្រាប់រយៈពេល​៦ម៉ោងយូរបំផុត ក្នុងមួយថ្ងៃ ខណៈ​ភោជនីយដ្ឋាន ឬតៀមអាហារ ត្រូវបានអនុញ្ញាត ឲ្យលក់ចំណីអាហារឆ្អិនស្រាប់ ដោយត្រឹមតែការវេចខ្ចប់ យកទៅទទួលទាន នៅផ្ទះប៉ុណ្ណោះ។

រាល់ការផ្លាស់ទី របស់ពលករចំណាកស្រុក (ជាពិសេសជនជាតិភូមា និងខ្មែរ) ត្រូវបានហាមឃាត់ ខណៈការធ្វើដំណើរ​ចេញ-ចូល​ខេត្តសាមុតសាខន ក៏ត្រូវបានរឹតបន្ដឹងដែរ។

ចំនួនករណីឆ្លង ដែលត្រូវបានរកឃើញខាងលើ ជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសថៃ​ រាប់ពីពេលដែលប្រទេសនេះ បានរកឃើញ​ករណីឆ្លងដំបូង នៅខែមករា ឆ្នាំ២០២០។ ក្នុងពេលកន្លងមក ករណីឆ្លងដែលច្រើនបំផុត ដែលរកឃើញក្នុងមួយថ្ងៃ គឺមានចំនួន ១៨៨ករណី នៅក្នុងខែមីនា ឆ្នាំ២០២០ ពីក្នុងព្រឹត្តិការណ៍ប្រដាល់មួយ កណ្ដាលរាជធានីបាងកក។

ការរកឃើញករណីឆ្លង ជាថ្មីក្នុងថ្ងៃសៅរ៍ ទី១៩ ខែធ្នូនេះ បានធ្វើឲ្យប្រទេសថៃ ក្លាយជាប្រទេស ដែលងាយរងគ្រោះ នឹងជំងឺរាតត្បាដ៏ចង្រៃ​នេះឡើងវិញ បន្ទាប់ពីករណីឆ្លង បានធ្លាក់ចុះសឹងដល់ចំណុចសូន្យ រាប់ពីខែឧសភានោះមក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។