អាស៊ី-ប៉ាស៊ីភិក

ស្ត្រីសង្ស័យម្នាក់ ​ក្នុង​ឃាតកម្ម គីម ជុងណាម ត្រូវបាន​ដោះលែង

ស្ត្រីសង្ស័យម្នាក់ អាយុ២៧ឆ្នាំ ជាតិឥណ្ឌូនេស៊ី ពីក្នុងចំណោមស្ត្រីសង្ស័យពីរនាក់ ដែលរងការចោទប្រកាន់ តាំងពីពីរឆ្នាំមុន ថាបានរួមគំនិតសម្លាប់លោក គីម ជុងណាម (Kim Jong Nam) បង​ប្រុស​ម្ដាយ​ទីទៃ របស់លោក គីម ជុង-អ៊ុន (Kim Jong-un) មេដឹកនាំកូរ៉េខាងជើងសព្វថ្ងៃ ត្រូវបានតុលាការម៉ាឡេស៊ី ដោះលែងឲ្យមានសេរីភាពហើយ នៅថ្ងៃចន្ទទី១១ ខែមិនា ឆ្នាំ២០១៩នេះ។

អ្នកស្រី «Siti Aisyah» និងស្ត្រីជាតិវៀតណាមម្នាក់ទៀត ឈ្មោះ «Doan Thi Huong» ត្រូវបានវីដេអូសុវត្ថិភាព ចាប់រូបភាពនៅក្នុងព្រលានយន្ដហោះអន្តរជាតិ នៃរាជធានីកូឡាឡាំពួរ បង្ហាញថា ជាអ្នកប្រព្រឹត្តិដោយផ្ទាល់ នៅក្នុងឃាតកម្មសម្លាប់លោក គីម ជុងណាម។

បើទោះជាលោកមានឈាមជ័រ ចេញពីត្រកូល គីម ក្ដី តែលោក គីម ជុង-ណាម មានជំហរប្រឆាំងរបបក្រុងព្យុងយ៉ាង ហើយលោកបាននិរទេសខ្លួន ចេញរស់នៅក្រៅប្រទេស។ នៅក្រោយមរណភាពដ៏ទាន់ហន់ របស់លោក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានធ្វើការចោទប្រកាន់ ទៅលើរបបកុម្មុយនីស្ដិ៍កូរ៉េខាងជើ ថាជាអ្នកដឹកនាំ និងរៀបចំឃាតកម្មនោះឡើង។ 

ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី បានអះអាងថា បងប្រុសម្ដាយទីទៃ របស់លោក គីម ជុង-អ៊ុន បាន​រង​គ្រោះ​នឹង​ថ្នាំ​បំពុល ប្រភេទ «VX» ដែលត្រូវបាន​ចាត់ទុក ជាអាវុធ«គីមី»​ដ៏​ប្រល័យ​មួយ​ប្រភេទ។ អាវុធ​គីមី​ប្រភេទនេះ ត្រូវ​បាន​ហាមឃាត់ ដោយអនុសញ្ញា​កាត់​បន្ថយ​អាវុធ​ជីរសាស្ត្រ ឆ្នាំ១៩៩៣ (ដែលអនុម័ត និងផ្ដល់សច្ចាប័ន ដោយ​អង្គការ​សហ​ប្រជាជាតិ និងបណ្ដា​ប្រទេស​ជា​សមាជិក)។

សម្រាប់ក្រុមមេធាវីការពារស្ត្រីទាំងពីររូប បានអះអាង​តាំងពីដំបូងមក​ថា ពួកនាងត្រូវបានបញ្ឆោតឲ្យធ្វើសកម្មភាពទាំងនេះ ខណៈឃាតករពិតប្រាកដ បានរត់គេចខ្លួន។ មេធាវីរបស់«ស្ត្រីសង្ស័យម្នាក់» គឺលោក «Gooi Soon Seng» បានថ្លែងឡើងថា៖

«យើងមានក្ដីអំណរខ្លាំងណាស់ ដែលអគ្គព្រះរាជអាជ្ញា បានធ្វើសេចក្ដីសន្និដ្ឋានបែបនេះ ព្រោះយើងបន្តជឿថា នាង(កូនក្ដី)គ្រាន់តែជាអ្នកទទួលរងគ្រោះជំនួស ហើយនាងពិតជាគ្មានទោសអ្វីឡើយ។»

ភ្លាមៗក្រោយការចាប់ខ្លួន ស្ត្រីទាំងពីរនាក់ក៏បានបដិសេធដែរថា ខ្លួនមិនបានសម្លាប់ និងគ្មានបំណងសម្លាប់លោក គីម ជុង-ណាម នោះទេ ដោយគ្រាន់តែគិតថា ខ្លួនបាន​ចូលរួម នៅក្នុង​ឈុតឆាក កម្មវិធី​​ទូរទស្សន៍«លួចថត»​​ជា​​សំងាត់​​មួយ ដែលធ្វើ​ទៅ​លើ​​«អ្នក​ជំនួញ»​ម្នាក់​​ប៉ុណ្ណោះ។

មន្ត្រីការទូតកូរ៉េខាងជើង៤នាក់ផ្សេង ត្រូវបានសង្ស័យនៅក្នុងឃាតកម្មនេះ តែបានរត់គេចខ្លួនបាត់ស្រមោល នៅក្រោយហេតុការណ៍ភ្លាមៗ។ អាជ្ញាធរម៉ាឡេស៊ី បានជូនដំណឹងទៅនគរបាលអន្តរជាតិ ឲ្យចេញដីកាតាមចាប់ខ្លួន តែមិនទទួលបានលទ្ធផលទេ។ ប្រភពជាច្រើនបានអះអាងថា ពួកគេបានត្រឡប់​ទៅកាន់ប្រទេសកូរ៉េខាងជើង រួចជាស្រេចហើយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។