កាលពីថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៩ម្សិលម៉ិញ យន្ដហោះធុនតូចមួយគ្រឿង ប្រភេទ «Let-410» បានហោះងើបខ្លួនមិនបានល្អ ពីព្រលានយន្ដហោះ «Lukla» ដ៏ខ្លីមួយ ដែលស្ថិតនៅលើចង្កេះភ្នំ និងជាមាត់ច្រក នៃភ្នំអេវើរេស របស់ប្រទេស នេប៉ាល់ ។
អាជ្ញាធរតំបន់ បានអះអាងថា យន្ដហោះបានជ្រុល ទៅបុកឧទ្ធម្ភាគចក្រ ចំនួនពីរគ្រឿង ដែលកំពុងចតនៅលើដី បង្កឲ្យមានមនុស្សស្លាប់ ៣នាក់ និងរបួស បីនាក់។ ជនរងគ្រោះដល់ជីវិត ទាំងបីនាក់ មានជំនួយការបើកបរម្នាក់ នគរបាលឈរនៅលើដីម្នាក់ និងនគរបាលម្នាក់ទៀត បានផុតដង្ហើម បន្ទាប់ពីត្រូវបានដឹក ដល់មន្ទីរទេព្យ នៅឯរដ្ឋធានី កាតាម៉ាន់ឌូ។
អាជ្ញាធរបានបញ្ជាក់ថា យន្ដហោះ«Let-410» ត្រូវហោះងើបខ្លួន ឆ្ពោះទៅកាន់រដ្ឋធានី កាតាម៉ានឌូ វិញ តែនៅពេលហោះឡើង យន្ដហោះបានងាកចេញ ពីផ្លូវហោះហើរ។ មិនទាន់មានការបញ្ជាក់ ពីមូលហេតុដែលនាំ ឲ្យកើតមានគ្រោះថ្នាក់ នេះនៅឡើយ។
ព្រលានយន្ដហោះនៅលើចង្កេះភ្នំមួយនេះ មានឈ្មោះមួយទៀត គឺព្រលានយន្ដហោះ «Tenzing-Hillary» ដែលជាឈ្មោះ របស់អ្នកដើរឡើងភ្នំម្នាក់ ដែលធ្វើដំណើរ ទៅដល់កំពូលភ្នំដ៏ខ្ពស់បំផុតនេះ បានមុនគេ។
ស្ថានភាពរបស់ព្រលាន ដែលស្ថិតនៅលើចង្កេះភ្នំ និងមានប្រវែងតែ៥០០ម៉ែត្រ នៃផ្លូវហោះហើរ បានធ្វើឲ្យវា ក្លាយជាព្រលានយន្ដហោះមួយ ដែលងាយទទួលគ្រោះថ្នាក់ជាងគេ នៅលើពិភពលោក។
ព្រលាននេះ គ្មានប្រព័ន្ធត្រួតពិនិត្យអាកាសទេ។ អ្នកបើកបរយន្ដហោះ ត្រូវហោះជ្រែកអាកាស ដើម្បីស្វែងរកការចុះចត នៅត្រង់ចម្លោះជ្រលងភ្នំ ដែលគ្របដណ្ដប់ ដោយពំនូកទឹកកក ដ៏ក្រាស់ និងជួនកាល ត្រូវជួបនឹងស្ថានភាពឧត្តុនិយម ដ៏អាក្រក់។
កាលពីឆ្នាំ២០០៨ គ្រោះថ្នាក់យន្ដហោះមួយ បានសម្លាប់អ្នកដំណើរទាំងអស់ ដែលមានចំនួន១៨នាក់។ នៅពេលនោះ មានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ ដែលបានរួចជីវិត។
បើទោះជាប្រទេសនេះ មានចរាចរណ៍ផ្លូវអាកាស រីកចម្រើនខ្លាំងបែបណាក្ដី តែកង្វះជំនាញច្បាស់លាស់ ផ្នែកបើកបរយន្ដហោះ និងកង្វះការថែទាំ-ត្រួតពិនិត្យយន្ដហោះ បានធ្វើឲ្យប្រទេស នេប៉ាល់ ទទួលគ្រោះធ្លាក់យន្ដហោះ ជារឿយៗ។
គួរបញ្ជាក់ដែរថា សហភាពអ៊ឺរ៉ុប បានហាមឃាត់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នៃប្រទេសនេប៉ាល់ ដោយមិនឲ្យធ្វើការហោះហើរ ចូលទៅក្នុងដែនអាកាសរបស់ខ្លួនទេ៕