អាស៊ី-ប៉ាស៊ីភិក

បើករថយន្ដ​បុកចូល​ហ្វូងមនុស្ស​នៅចិន ស្លាប់​យ៉ាងតិច​៦នាក់

បុរសម្នាក់បានបើករថយន្ដ បុកចូលហ្វូងមនុស្ស ក្នុងព្រឹកថ្ងៃសុក្រនេះ នៅកណ្ដាលក្រុង « Zaoyang» នៃខេត្ត «Hubei» ភាគកណ្ដាលនៃប្រទេសចិន។ ហេតុការណ៍បានបណ្ដាលឲ្យមនុស្ស ស្លាប់​យ៉ាងតិច​៦នាក់ និងរបួសយ៉ាងហោច ៧នាកផ្សេងទៀត។ នេះ បើតាមរបាយការណ៍របស់ទូរទស្សន៍ជាតិចិន ដោយអះអាងបន្ថែមថា ជនបង្កត្រូវបាននគរបាលបាញ់សម្លាប់។

ទូរទស្សន៍ «CCTV» បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងជាង៦ព្រឹក ប៉ុន្តែមិនបានបញ្ជាក់ ពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យបុរសខាងលើ ប្រព្រឹត្តិទង្វើនោះនៅឡើយ។

ហេតុការណ៍បើករថយន្ដ បុកចូលក្នុងហ្វូងមនុស្ស នៅក្នុងប្រទេសចិន បានកើតឡើង​សឹងមិនលោះពេល ក្រោមហេតុផលផ្សេងៗគ្នា។

កាលពី៥ថ្ងៃមុននេះ កូនសិស្ស៥នាក់ និង១៩នាក់ទៀតបានរងរបួស បន្ទាប់ពីត្រូវរថយន្ដមួយបើកបុក។ អ្នកកាន់ចង្កូតរថយន្ដ ជាបុរសម្នាក់អាយុ២៩ឆ្នាំ គ្មានការងារធ្វើ។ សារព័ត៌មានផ្លូវការចិន បានរាយការណ៍ថា បុរសរូបនេះ បានបើករថយន្ដបុកមនុស្ស បន្ទាប់ពីបានឈ្លោះ ជាមួយភរិយាខ្លួនរួច។ 

កាលពីខែវិច្ឆិកាកន្លងទៅ ករណីប្រហាក់ប្រហែលគ្នាចំនួនពីរបានកើតឡើង បង្កឲ្យមានមនុស្សស្លាប់ច្រើននាក់។

កាលពីខែកញ្ញាមុន បុរសម្នាក់ទៀតអាយុជាង៤០ឆ្នាំ ប្រដាប់ដោយកាំបិត បានបើក​រថយន្ដ «4X4» របស់ខ្លួន ចូលក្នុងទីលានសាធារណៈមួយ សម្បូរដោយមនុស្ស ក្នុងខេត្ត «Hunan» បណ្ដាលឲ្យមនុស្ស១១នាក់ស្លាប់ និង៤៤នាក់ផ្សេងទៀតរងរបួស។ ជននេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន។

មានករណីមួយ ដែលត្រូវបានអាជ្ញាធរចាត់ទុកថា ជាអំពើភេរវកម្ម គឺនៅក្នុងឆ្នាំ២០១៣។ រថយន្ដមួយគ្រឿង ត្រូវបានបើកឡើងចិញ្ចើមថ្នល់ នៅលើទីលានធានអាមេញ នៃរដ្ឋធានីប៉េកាំង បណ្ដាលឲ្យអ្នកទេសចរណ៍ពីរនាក់ស្លាប់។ រថយន្ដបានផ្ទុះឆេះឡើង ហើយមនុស្សនៅក្នុងរថយន្ដបីនាក់ បានស្លាប់។

អាជ្ញាធរបានទម្លាក់ការទទួលខុសត្រូវ នៃទង្វើបើករថយន្ដ ឡើងលើចិញ្ចើមថ្នល់នេះ ទៅលើក្រុមចលនាបំបែកទឹកដី នៃបណ្ដាជនមូស្លីម «អ៊ុយហ្គ័រ» ក្នុងខេត្ត «Xinjiang» ភាគពាយ័ព្យនៃប្រទេស។

នៅប្រទេសចិន ចរាចរណ៍យានយន្ដជាបញ្ហាមួយ។ របាយការណ៍ផ្លូវការបានឲ្យដឹងថា គ្រាន់តែនៅក្នុងឆ្នាំ២០១៥មួយ មនុស្សរហូតដល់ទៅ ៥៨ ០០០នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។