អាស៊ី-ប៉ាស៊ីភិក

«កំប្លោកសមុទ្រ» កំពុង​វាយលុក​ឆ្នេរសមុទ្រ​ភាគឦសាន​អូស្ត្រាលី

មនុស្សច្រើនជាង ៣៥០០នាក់ បានរងគ្រោះ ព្រោះសត្វត្រី កំប្លោកសមុទ្រ (ហៅជា​អង់គ្លេស “Portuguese man o’ war”) ដែលកំពុងវាយលុយ តំបន់ឆ្នេរសមុទ្រ ភាគ​ឦសាន​នៃកោះអូស្ត្រាលី។ ក្រោមហេតុផលនេះ អាជ្ញាធរអូស្ត្រាលី បានសម្រេច​បិទឆ្នេរមួយ​ចំនួន និងហាមបណ្ដាជន កុំឲ្យចុះងូតទឹក។

អាជ្ញាធរជំនាញ ហៅជាភាសាអង់គ្លេស «Surf life Saving Queensland ឬ SLSQ» បាន​ប្រកាសនៅថ្ងៃច​ន្ទ ទី៧ ខែមករា ឆ្នាំ២០១៩នេះថា សត្វត្រីកំប្លោកពិសសមុទ្រ (នៅ​ក្នុង​ប្រភេទ​ខ្ញែសមុទ្រ) បានបង្កបញ្ហា ដល់មនុស្សជាច្រើននាក់រួចហើយ នៅក្នុង​ចុងសប្ដាហ៍​កន្លងទៅនេះ។

ចំនួនជនរងគ្រោះពិតប្រាកដ ដែលរងការរលាក និងការឈឺចាប់ ដោយសត្វត្រី​កំប្លោកសមុទ្រ​ទិច មានចំនួន ៣ ៥៩៥នាក់។

ឆ្នេរសមុទ្រចំនួន៤ ត្រូវបានបិទជាបណ្ដោះអាសន្ន នៅថ្ងៃចន្ទនេះ។ ប្រព័ន្ធផ្សព្វផ្សាយតំបន់ បានលើកឡើង ពីការវាយលុកដ៏សម្បើមមួយ ពីសំណាក់សត្វត្រីដ៏ចង្រៃ មួយប្រភេទនេះ ដែលមានខ្លួនថ្លាដូចចាហួយ និងមានពណ៌ខៀវផ្លេកៗ។

អាជ្ញាធរ «SLSQ» បានសរសេរ​អក្សរធំៗ​ដូច្នេះថា៖

«ពលត្រីកំប្លោកសមុទ្រ កំពុងចល័តគ្នា មកកាន់ឆ្នេរ “Rainbow”។ “Lifesavers” សូមប្រកាសបិទឆ្នេរ។ អញ្ចឹង សូមមេត្តាកុំចុះទឹក!»

ការទិចពីសំណាក់សត្វត្រីកំប្លោកសមុទ្រនេះ បានបង្កភាពចុកចាប់ យ៉ាងពិបាកទ្រាំ។ មាន​ករណីខ្លះ ការទិចរបស់សត្វត្រី ដែលមានមាឌ​ ធំជាមេជើងបន្តិចនេះ អាចធ្វើឲ្យ​រងគ្រោះ ដល់ជីវិតថែមទៀតផង៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។