ក្នុងភូមិ «Sangrur» នៃខេត្ត «Pendjab» ភាគខាងជើងឥណ្ឌា កុមារអាយុ២ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលក្នុងអណ្ដូងមួយ តាំងពីជាង៤ថ្ងៃមុន ត្រូវបានស្រង់ឡើងមកលើវិញ តែគ្មានជីវិត កាលពីព្រឹកម៉ិញ។ នេះ បើតាមការអះអាងរបស់អាជ្ញាធរតំបន់ ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុក។
តាំងពីថ្ងៃព្រហស្បត្តិ៍មុន កុមារតូចឈ្មោះ «Fatehvir Singh» បានធ្លាក់ចូលអណ្ដូង មានទំហំ២៣សង់ទីម៉ែត្រ និងជម្រៅ ៣៣ម៉ែត្រ ដែលជីកដោយក្រុមគ្រួសារកុមារ ដើម្បីយកទឹកស្រោចដំណាំ។ ប៉ុន្តែអណ្ដូងនោះ រីងទឹក និងត្រូវបានបោះបង់ចោល តាំងពីឆ្នាំ១៩៩១ មកម្លេះ។
បើតាមមន្ត្រីអាជ្ញាធរតំបន់ បានអះអាងថា អណ្ដូងតូចនោះ មានបាវខ្សាច់គ្របពីលើ តែកុមារទំនងជាបានដើរជាន់ បណ្ដាលឲ្យធ្លាយបាវខ្សាច់ ហើយរអិលខ្លួន ធ្លាក់ចូលទៅក្នុងអណ្ដូង។
មន្ត្រីអាជ្ញាធរបានបន្តទៀតថា កុមារត្រូវបានក្រុមអ្នកជួយសង្គ្រោះ ស្រង់ឡើងមកលើវិញ នៅវេលាម៉ោងប្រមាណជា៥ព្រឹកម៉ិញ តែកុមារបានស្លាប់ទៅហើយ ដោយទំនងជាកុមារតូចរូបនេះ គ្មានទឹក គ្មានចំណីអាហារ តាំងពីច្រើនថ្ងៃមកនោះ។
យ៉ាងណា ឧទ្ធម្ភាគចក្រមួយ បានព្យាយាមបញ្ជូនកុមារ ទៅកាន់មន្ទីរពេទ្យ តែក្រុមគ្រូពេទ្យបានអះអាង នៅទីបំផុតថា កុមារពិតជាបានស្លាប់ និងមិនអាចជួយសង្ក្រោះវិញ បានឡើយ។
» ទិដ្ឋភាពពេលយកកុមារចេញ ៖
ដំណឹងមរណភាពរបស់កុមារ បានបង្កកំហឹងខ្លាំងក្លា ដល់បណ្ដាជនឥណ្ឌា នៅក្នុងតំបន់។ ពួកគេបានបន្ទោសអាជ្ញាធរ នៅទីនោះ ថាគ្មានសមត្ថភាពជួយសង្ក្រោះកុមារ ឲ្យទាន់ពេល រួមទាំងកង្វះសម្ភារៈ និងបច្ចេកទេស សម្រាប់បម្រើដល់ការជួយសង្គ្រោះ ជាពិសេស សម្រាប់គ្រោះថ្នាក់ ដែលបានកើតឡើងរបៀបនេះ៕