វីដេអូ ពីនេះពីនោះ

ប៉ៃលិន៖ ហៀបដាក់គូថលើបង្គន់ ស្រាប់តែប្រទះ …«ពស់វែក»អើតក្បាល

បះសក់ ! បុរសម្នាក់ហៀបដាក់គូថ លើចានបង្គន់ នៅក្នុងផ្ទះរបស់ខ្លួនទៅហើយ ស្រាប់តែប្រទះ …«ពស់វែក» អើតក្បាលចេញ ពីប្រហោងដក់ទឹកបង្គន់នោះមក។

ហេតុការណ៍​បានកើតឡើង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិផ្សារព្រហ្ម ស្ថិតនៅក្នុងខេត្តប៉ៃលិន ជាប់​ព្រំដែន​ខ្មែរ-ថៃ។ បុរសឈ្មោះ រៃ សុផា បានរៀបរាប់រឿងនេះ ប្រាប់សារព័ត៌មាន«Daily Mail»របស់អង់គ្លេស មុននឹង​សារព័ត៌មាននានា នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច ដកស្រង់​​យកទៅផ្សាយបន្ត​ព្រោងព្រាត។

ដំបូងឡើយ លោក រៃ សុផា គ្រាន់តែគិតថា នរណាអេះ ចូលបង្គន់ហើយ មិនទាញទឹកទម្លាក់ ដើម្បីលាងសម្អាត យ៉ាងដូច្នេះ? លុះទាញទឹកបង្គន់ទម្លាក់រួចហើយ ស្រាប់តែបុរសយើងចាប់ផ្ដើម ឃើញ«កាកសំណល់»នៅក្នុងប្រហោងទឹកបង្គន់នោះ ចាប់ផ្ដើមរង្គើ និងបញ្ចេញអណ្ដាតព្រែករបស់វាឡើង។

នៅក្នុងរូបភាពវីដេអូ គេឃើញ«ពស់វែក»បានអើតក្បាល​បន្តិចម្ដងៗ និងហាក់កំពុងត្រៀមវាយលុក ទៅលើបុរស​ដែល​ហៀបប្រើបង្គន់។ សារព័ត៌មាន «Daily Mail»​ បានរៀបរាប់ថា បន្ទាប់ពីបានថតវីដេអូរួច បុរស រៃ សុផា បាន​ចាកចេញ​ពីបង្គន់ ដើម្បីស្វែងរកជំនួយ មកចាប់សត្វពស់​អសិរពិសមួយនេះ ចេញពីបង្គន់បន្ទោរបង់។ តែនៅពេល​ត្រឡប់មកវិញ គេមិនឃើញសត្វពស់ បន្តវត្តមាន​នៅទីនោះ​ទៀតទេ។

ស្រាប់តែប្រទះ «ពស់វែក ចឹកលិង្គ»…

យ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃនេះ លោក សុផា បានបិទគម្របបង្គន់ទុកចោល និងមិនប្រើប្រាស់​បង្គន់នោះ​ឡើងវិញទេ ដោយខ្លាចរអា​នឹង​សត្វពស់បង្ហាញវត្តមាន ជាពិសេសនៅពេលអ្នកណាម្នាក់ កំពុងអង្គុយបន្ទោរបង់ នៅទីនោះ។ លោកត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«យើងបានប្រើបង្គន់ផ្សេងទៀត នៅក្នុងផ្ទះ តាំងពីមួយសប្ដាហ៍ហើយ។ ហើយក៏គ្មាននរណា ត្រឡប់ទៅប្រើ​បង្គន់​មុន​នោះដែរ បើយើង​មិនទាន់ច្បាស់ថា ពស់វែកវាអើតក្បាលមកវិញ ឬអត់នោះ។»

លោកបន្តថា៖

«តែសម្រាប់ខ្ញុំ វាហាក់ដូចជាមានសំណាងទៅវិញទេ ដែលបានប្រទះសត្វអសិរពិសនេះ នៅមុនពេលខ្ញុំអង្គុយលើ​ចានបង្គន់។ កន្លងមក យើងធ្លាប់ឃើញតែតាមទូរទស្សន៍ ហើយយើងក៏មិនដែលនឹកស្មានថា វាអាចកើតឡើង នៅក្នុង​ផ្ទះរបស់ខ្ញុំអញ្ចឹងដែរ។»

កាលពីអំឡុងខែកញ្ញា ឆ្នាំកន្លងទៅ នៅក្នុងប្រទេសថៃ ក៏មានហេតុការណ៍ប្រហាក់ប្រហែលនេះ​កើតឡើងដែរ។ យុវជន​ម្នាក់ត្រូវបាន​បញ្ជូន​ជាបន្ទាន់ ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលិង្គរបស់យុវជន ត្រូវបានពស់ចឹក ក្នុងខណៈពេល​ចូល​ទៅ​អង្គុយ​បន្ទោរបង់ នៅក្នុងបង្គន់​ក្នុងផ្ទះ​របស់ខ្លួន។ សំណាង់ល្អ យុវជនត្រូវបានសង្គ្រោះទាន់ពេល រីឯ​សត្វពស់​​វិញ ត្រូវបាន​ក្រុមអ្នកអភិរក្ស​ចាប់ចេញពីបង្គន់ មុននឹងយកទៅ​ព្រលែង​នៅក្នុងព្រៃ នៅពេលក្រោយមក៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: PailinPython