វីដេអូ ពីនេះពីនោះ

នេះ ជា​«ឡានហោះ​តូច​ជាងគេ»​ក្នុង​ពិភពលោក

ពីក្នុងចំណោមឡានហោះ ដែលទើបត្រូវបានបង្កើតឡើង ប្រមាណជាង១០ប្រភេទ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ខាងក្រោមនេះជាប្រភេទ«ឡានហោះ​តូច​ជាងគេ» ដែលឆ្នៃម៉ូដ និងបង្កើតឡើង ដោយជនជាតិហ្វីលីពីនមួយរូប។

លោក «Kyxz Mendiola» ដែលជាអ្នកជំនាញ ខាងថតវីដេអូ និងភាពយន្ដ ដោយការបង្ហោះដ្រូន (Drone) តាំងពី១០ឆ្នាំ ទើបនឹងសម្រេចបាននូវការឆ្នៃម៉ូដ ស្ដីពី​«ឡានហោះ»​លើកដំបូង​របស់លោក។

អ្វីដែលពិសេសនោះ គឺ«ឡានហោះ»​របស់លោក មានរូបរាងតូចជាង «ឡានហោះ» ដទៃទៀត ដែលបច្ចុប្បន្ន មានប្រមាណជាង ១០ប្រភេទ និងដែលកំពុង​ត្រូវបាន​ក្រុមហ៊ុនធំៗ (ដូចជាក្រុមហ៊ុន ប៊ូអីង – អ៊ែរប៊ូស និងក្រុមហ៊ុន យូប៊ើរ ជាដើម) និងអ្នកជំនាញផ្សេងទៀត បង្កើតឡើង។

«ឡានហោះ​តូច​ជាងគេ តែហោះបានក្នុងល្បឿន…»

ជនជាតិហ្វីលីពីនរូបនេះ ក៏បានសម្រេចការសាកល្បង «រថយន្ដពិសេសថ្មី»មួយនេះ ដោយរូបលោកផ្ទាល់ ជាអ្នកបើកបរបង្ហោះវាឡើង ដោយខ្លួនឯង។ បើមើលតាមវីដេអូ (ខាងក្រោម) ដែលលោក «Kyxz Mendiola» បង្ហោះនៅលើគេហទំព័រយូរធូប «ឡានហោះ» ឈ្មោះ «Koncepto Millenya» ទំនងជាអាចដំណើរការបាន។

ឡានហោះ «Koncepto Millenya» អាចហោះឡើងបាន ដោយសារកង្ហារដ៏ខ្លាំងរបស់វា ចំនួន១៦ និងកំព្យូទ័របញ្ជា នៅក្នុងរថយន្ដនេះតែម្ដង។ ក្នុងពេលនេះ វាអាចទទួលបានមនុស្សជិះត្រឹមតែម្នាក់ប៉ុណ្ណោះ (ទំងន់ទទួលបាន រហូតដល់ ១០០គីឡូក្រាម) និងហោះបានក្នុងល្បឿនលឿនបំផុត ៦០គីឡូម៉ែត្រ/ម៉ោង។

លោក «Kyxz Mendiola» កំពុងបង្កើត «Koncepto Millenya» មួយប្រភេទទៀត ដែលអាចទទួលមនុស្សជិះ២នាក់ (ទំងន់ទទួលបាន រហូតដល់ ២០០គីឡូក្រាម)។ មកដល់​ម៉ោងនេះ គ្មានការបញ្ជាទិញ​ណាមួយ ត្រូវបានបង្ហាញ​តួលេខ​នៅឡើយ បើទោះជា លោកមានកិច្ចសហការ ជាមួយសហគ្រាស «Star8 green» រួចហើយក្ដី។

ប៉ុន្តែការវិវត្តន៍ដ៏លឿន ក្នុងវិស័យឡានហោះនេះ គេជឿថា​មិនយូរឡើយ ពិភពលោកទាំងមូល នឹងមានមហាវិថី​ល្បឿនលឿន នៅលើអាកាស ហើយមានពោរពេញ ដោយ​«ឡានហោះ»​ចម្រុះ ដូចដែល​រថយន្ដ​ច្រើនបែបច្រើនយ៉ាង កំពុងមាន​វត្តមាន នៅលើ​ផ្លូវថ្នល់សព្វថ្ងៃដែរ។៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។