វីដេអូ ពីនេះពីនោះ

កីឡដ្ឋាន​គ្មាន​អ្នកគាំទ្រឬ? នៅជប៉ុន មានមនុស្សយន្ដ​មកគាំទ្រ​ជំនួស!

ព្រោះជំងឺរាតត្បាត កូវីដ-១៩ (Covid-19) រាល់ការប្រកួតទាំងឡាយ ត្រូវបានធ្វើឡើង ក្នុងកីឡដ្ឋាន«ដែលគ្មានទស្សនិកជន ឬអ្នកគាំទ្រ។ នៅជប៉ុន សហគ្រាស​«Softbank» មានវិធីដោះស្រាយមួយ ដើម្បីផ្ដល់​ជាកម្លាំងចិត្ត ទៅដល់កីឡាករទាំងឡាយ នៅលើ​ទីលានប្រកួត៖ នោះគឺជំនួសបណ្ដាអ្នកគាំទ្រ ដែលអង្គុយនៅលើកៅអីជាថ្នាក់ៗ ដោយ«មនុស្សយន្ដ» ដែលអាចរាំច្រៀងបាន។

ដំណោះស្រាយខាងលើ​បានធ្វើរួចហើយ នៅក្នុងការប្រកួតវាយបាល់ «Baseball» ជាលក្ខណៈអាជីព (Nippon Professional Baseball) របស់ប្រទេសអាស៊ី​ខាងកើតមួយនេះ។ ជាពិសេស គំនិតរបស់សហគ្រាស​«Softbank» កាន់តែត្រូវយកមកអនុវត្តន៍ ដោយសារតែ សហគ្រាស មានក្រុមវាយបាល់មួយរបស់ខ្លួន ដែលមានឈ្មោះ​«Fukuoka SoftBank Hawks» និងដែលត្រូវ​ចូលរួមការប្រកួត ទល់នឹងក្រុមផ្សេងទៀតដែរ។

ក្នុងវីដេអូខាងក្រោម ជាទិដ្ឋភាពនៃមនុស្សយន្ដ«អ្នកគាំទ្រ» នៅក្នុងការប្រកួតរវាងក្រុម​«Fukuoka SoftBank Hawks» និងក្រុម​«Rakuten Eagles» ដែលបានប្រព្រឹត្តិទៅ ក្នុងពេលកន្លងមក។ ក្រុមមនុស្សយន្ដ​«Pepper & Spot»​បានច្រៀងនិងរាំ ទៅតាមចង្វាក់ភ្លេង ដែលប្រគុំឡើងក្នុងពេលប្រកួត ជាពិសេសភ្លេងជ័យជំនះ របស់ក្រុម​«Fukuoka SoftBank Hawks»​ម្ដងៗ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។