បម្រាមដែលហាមពលរដ្ឋ មិនឲ្យដើរចេញក្រៅផ្ទះ បើគ្មានការចាំបាច់នោះ ទំនងជាមិនត្រូវបានកូន«ឌីណូស័រ»មួយក្បាលនេះ គោរពតាមនោះទេ នៅក្នុងប្រទេសអេស្ប៉ាញ រហូតលុះត្រាមានអន្តរាគមន៍ ពីកងកម្លាំងនគរបាល ទើបកូនសត្វដ៏ចម្លែកមួយនេះ វិលត្រឡប់ចូលគេហដ្ឋានវិញ។
រឿងរ៉ាវនេះ កើតឡើងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ក្នុងក្រុង «Murcie» ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ ខណៈប្រទេសនេះ បានប្រកាសអាសន្នផ្នែកសុខភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ «Covid-19» តាំងពីសប្ដាហ៍មុនមក។ គឺយុវតីវ័យក្មេងមួយរូប ដែលចង់លេងសើច ហើយបានចូល ទៅក្នុងរូប«ឌីណូស័រ» មុននឹងដើរចេញក្រៅផ្ទះ ដើម្បីយកខ្យល់ត្រជាក់។
ដូចបានបង្ហាញ នៅក្នុងវីដេអូខាងក្រោម ដែលត្រូវអ្នកជិតខាងថតបាន ហើយត្រូវកងកម្លាំងនគរបាល យកមកបង្ហោះ នៅលើទំព័រទ្វីសធើររបស់ខ្លួន។ ឈុតឆាកបានបញ្ចប់ ក្រោយពីកូន«ឌីណូស័រ» ត្រូវនគរបាលប្រាប់ ឲ្យចូលផ្ទះវិញ។
តែឆ្លៀតឱកាសនេះ នគរបាលអេស្ប៉ាញ បានរំលឹកទៅកាន់ពលរដ្ឋថា ក្នុងរយៈពេល នៃការបង្ខាំងខ្លួន នៅក្នុងផ្ទះ រាល់សត្វចិញ្ចឹមទាំងឡាយ អាចចេញដើរ នៅតាមវិថីសាធារណៈ តែចាំបាច់ត្រូវដឹកខ្សែ ដោយម្ចាស់របស់វា។ ទាំងម្ចាស់ ទាំងសត្វចិញ្ចឹមនោះ មានសិទ្ធិអាចចេញដើរ នៅខាងក្រៅលំនៅដ្ឋានបាន ក្នុងរយៈពេលខ្លីមួយ។
យ៉ាងណា អមជាមួយវីដេអូដដែល នគរបាលបានសរសេរកំប្លែងតបវិញថា៖
«ការស្លៀកពាក់ ជាកូនសត្វឌីណូស័រ ដើម្បីចេញដើរយកខ្យល់ មិនរាប់បញ្ចូលក្នុងក្រឹត្យក្រមខាងលើទេ។»
តែបន្ទាប់ពីវីដេអូខាងលើ ត្រូវបានបង្ហោះចេញ និងមានមនុស្សមិនតិចជាង៥លាននាក់ បានទស្សនានោះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត ក៏បានបង្ហោះឡើងមកដែរ នូវរូបភាពផ្សេងទៀត នៃកូន«ឌីណូស័រ» ដែលចេញដើរ នៅក្រៅផ្ទះ ក្នុងតំបន់ដែលពួកគេរស់នៅ។ សូមទស្សនាដូចតទៅ៖