វីដេអូ ពីនេះពីនោះ

ឡើង​ទៅ​ស្រាត និង​«រួមរ័ក្ស»​នៅ​លើ​កំពូល​ពីរ៉ាមីដ ផ្ទុះ​រឿង​អាស្រូវ

វីដេអូខាងក្រោម ដែលបង្ហាញឲ្យឃើញថា គូស្នេហ៍ទាំងពីរនាក់ បានទៅស្រាត និង«រួមរ័ក្ស» ក្នុងយប់មួយ នៅខាងលើកំពូលប្រាសាទពីរ៉ាមីដ (នៃប្រទេសអេហ្សីព) បានបញ្ឆេះ ឲ្យអាជ្ញាធរអេហ្សីពក្ដៅក្រហាយ មិនតិចទេ។

រូបភាពក្នុងវីដេអូ បង្ហាញថា អ្នកទាំងពីរបានតោង ឡើងទៅខាងលើប្រាសាទ ទាំងកណ្ដាលរាត្រី ដែលសម្រាប់អាជ្ញាធរ វាជារឿងខុសច្បាប់រួចទៅហើយ។

ប៉ុន្តែ នៅចុងបញ្ចប់នៃវីដេអូ មានរូបថតមួយសន្លឹក បានបង្ហាញថា អ្នកទាំងពីរ ដែលគ្មានខោអាវ នៅជាប់ខ្លួន កំពុងបញ្ចេញកាយវិការ «ឡើងឋានសួគ៌» យ៉ាងស្រើបស្រាល នៅទីនោះ។ គឺរូបថតខាងលើ ដែលធ្វើឲ្យការក្ដៅក្រហាយ នៅក្នុងប្រទេសអេហ្សីព បានផ្ទុះឡើង។

អាជ្ញាធរអេហ្សីព បានប្រកាសបើកការស៊ើបអង្កេតមួយឡើង ជុំវិញកាយវិការ ដ៏គួរឲ្យរិះគន់នេះ។ ប៉ុន្តែគេត្រូវគិតឲ្យយល់សិនថា តើរូបភាពចុងក្រោយនេះ ជារូបពិតពិត នៅផ្ទាល់កន្លែង ឬជាការកាត់តបញ្ចូល?

យ៉ាងណា ម្ចាស់វីដេអូ លោក «Andreas Hvid» ជនជាតិដាណឺម៉ាក អាយុ២៣ឆ្នាំ បានអះអាង តាមរយៈកិច្ចសម្ភាសមួយ ទៅឲ្យទូរទស្សន៍ក្នុងប្រទេសដាណឺម៉ាកថា រូបភាពនៅក្នុងវីដេអូ គ្រាន់តែជាឈុតឆាកបង្កើតឡើងមួយ និងមិនមែន ជាការរួមរ័ក្សជាក់ស្ដែងទេ។ លោកទទួលស្គាល់ ថាបានឡើង ទៅលើកំពូលប្រាសាទពីរ៉ាមីដទាំងយប់ ហើយបញ្ជាក់ថា នារីនៅក្នុងវីដេអូ មិនមែនជាសង្សា ឬភរិយាលោកឡើយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។