សត្វឪម៉ាល់ នៅក្នុងតំបន់អាស៊ីខាងកើត បានប្រើពេល តែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអាចទិចសម្លាប់ សត្វកណ្ដុរមួយក្បាល។ ហើយវីដេអូខាងក្រោម នឹងបង្ហាញ ពីទិដ្ឋភាព ដ៏គួរឲ្យព្រឺឆ្អឹងខ្នងមួយនេះ។
វីដេអូនោះ ត្រូវបានអ្នកថត យកមកបង្ហោះ នៅលើបណ្ដាញសង្គម មុននឹងត្រូវបានចែករំលែក នៅតាមបណ្ដាញចែករំលែកវីដេអូផ្សេងទៀត។
មានឈ្មោះបច្ចេកទេស «Vespa mandarinia» សត្វឪម៉ាល់ប្រភេទនេះ ត្រូវបានរកឃើញ មានវត្តមាន នៅលើទឹកដីអាមេរិក តាំងពីដើមខែឧសភានេះមក។ ប៉ុន្តែសត្វឪម៉ាល់ មិនមែនជាសត្វថ្មី ឬជាសត្វចម្លែកអ្វីទេ សម្រាប់បណ្ដាប្រទេសជាច្រើន នៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ដូចយ៉ាងកម្ពុជា វៀតណាម ឡាវ ថៃ ភូមា ចិន ជប៉ុន និងឥណ្ឌាជាដើម។
បើតាមអ្នកវិទ្យាសាស្ត្រ សត្វឪម៉ាល់ អាចមានប្រវែងបណ្ដោយខ្លួន ពី២,៥សង់ទីម៉ែត្រ រហូតដល់ ៤សង់ទីម៉ែត្រ សម្រាប់ឪម៉ាល់បរិវា និងវែងជាង ៥,៥សង់ទីម៉ែត្រ សម្រាប់ឪម៉ាល់ មេចាំសម្បុក។
ប្រភេទឪម៉ាល់ នៅក្នុងប្រទេសជប៉ុន មានពិសខ្លាំងបំផុត។ របាយការណ៍របស់អាជ្ញាធរជប៉ុន បានអះអាងថា ពលរដ្ឋជប៉ុន ប្រមាណជា ៥០នាក់ ក្នុងមួយឆ្នាំៗ បានស្លាប់ ដោយសារសត្វឪម៉ាល់ទិក។
ប៉ុន្តែ គេមិនត្រូវភ័យខ្លាំងជ្រុល ដោយសារសត្វប្រភេទនេះឡើយ ដោយហេតុថា វាបើកការវាយប្រហារ ដោយការប្រើពិស តែនៅពេលណា ដែលវាគិតថា វាកំពុងជួបគ្រោះថ្នាក់ប៉ុណ្ណោះ៕