ដំរីសមុទ្រមួយក្បាល បានដើរឡើងគោក និងបានវង្វេងផ្លូវ ក្នុងក្រុង «Puerto Cisnes» ដែលជាក្រុងឆ្នេរសមុទ្រ ស្ថិតក្នុងភាគកណ្ដាល នៃប្រទេសឈីលី (អាមេរិកខាងត្បូង)។ (រូបថតផ្ដិតពីវីដេអូ)
ដំរីសមុទ្រមួយក្បាល បានដើរឡើងគោក និងបានវង្វេងផ្លូវ ដោយបានដើរចុះដើរឡើង ឆ្លងពីផ្លូវមួយទៅផ្លូវមួយ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិមិនតិចទេ។
ហេតុការណ៍កើតឡើង កាលពីយប់ថ្ងៃទី៦ ខែតុលា ក្នុងក្រុង «Puerto Cisnes» ដែលជាក្រុងឆ្នេរសមុទ្រ ស្ថិតក្នុងភាគកណ្ដាល នៃប្រទេសឈីលី (អាមេរិកខាងត្បូង)។
បើទោះជាប្រទេសឈីលី ស្ថិតក្នុងការប្រកាសភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាគត្បាត «Covid-19» ក៏ដោយ តែមន្ត្រីអាជ្ញាធរ រួមនឹងអ្នកភូមិ ប្រមាណជា៥០នាក់ បានពង្រាយគ្នា ដើម្បីនាំសត្វ«ដំរីសមុទ្រមួយក្បាល»នេះ វិលទៅកាន់ទឹកដី និងផ្ទះសម្បែងដើមរបស់វាវិញ។
ការនាំសត្វសមុទ្រ ឲ្យវិលចូលទឹកវិញ បានប្រើពេល ជាច្រើនម៉ោង។ យ៉ាងណា រូបភាពដែលផ្តិតបាន ពីព្រឹត្តិការណ៍ដ៏កម្រនេះ បានចល័ត និងត្រូវបានចែករំលែក នៅពាសពេញពិភពលោក មកទល់នឹងថ្ងៃនេះ៕