បើគេនៅចាំមិនភ្លេចទេ តារា «ជួប ទះ» បានរះព្រោងព្រាត នៅលើបណ្ដាញសង្គម កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ នៅថ្ងៃបើកសវនាការ របស់សាលាឧទ្ធរណ៍ លើសំនុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ នៅថ្ងៃនេះ តារា«ជួប ទះ»យើង បានវិលត្រឡប់វិញហើយ ជាមួយភាពល្បីល្បាញថ្មី គឺ«ជួប ក្ដិច»!
«ជួប ក្ដិច» ដោយហេតុថា តារាដែលធ្លាប់រះចិញ្ចែងចិញ្ចាំងខាងលើ បានវិលមកវិញ ដោយបាន«ក្ដិច»យុវតីម្នាក់ ក្នុងហេតុការណ៍បណ្ដេញរូបនាង និងគ្នីគ្នា ឲ្យចេញពីវត្តបទុមវតី រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហាម្សិលមិញ ក្រោយពីពួកនាងព្យាយាម ចូលទៅក្នុងវត្តនេះ ដើម្បីស្វែងរកដំណឹង អំពីព្រះសង្ឃ៨អង្គ ដែលបានបាត់កាយ តាំងពីមួយថ្ងៃមុន ពីក្នុងវត្តថាន់។
យុវតីដែលរងការក្ដិច កញ្ញា ឈឿន ដារ៉ាវី បានអះអាងពីហេតុការណ៍នេះ ដោយអមមកជាមួយ នូវរូបភាពវីដេអូ ផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម និងរូបភាពស្នាមជាំ នៅលើសាច់របស់នាងផង។
ភ្លាមៗ នៅក្រោយប្រតិកម្មរបស់កញ្ញា ឈឿន ដារ៉ាវី តបនឹងការក្ដិចនោះ គេឮសូរសំដីមន្ត្រីសន្តិសុខម្នាក់ និយាយថា«សុំទោសៗ» ជាច្រើនដង។
តើតារា«ជួបរួចទះ» ដែលប្រែក្លាយជា«ជួបរួចក្ដិច» ជានរណា? គឺគ្មាននរណាផ្សេង ក្រៅពីលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ឬហៅម្យ៉ាងទៀត ប្រធានសន្តិសុខ របស់ខណ្ឌដូនពេញនោះឡើយ។
ក្នុងហេតុការណ៍មុខសាលាឧទ្ធរណ៍ កាលពីខែមីនា ឆ្នាំ២០១៨ លោក គឹម វុត្ថា បានប្រើ «សន្ទុះដៃមហាកម្លាំង» របស់លោក ទះផាំងទៅលើផែនថ្ពាល់ របស់យុវជនម្នាក់ បន្ទាប់ពីយុវជនរូបនោះ គូសគំនូស ០+០=៨ នៅលើទ្រូងថ្នល់។ រូបថត និងវីដេអូ ដែលបង្ហាញពីហេតុការណ៍នេះ បង្ហោះនៅលើបណ្ដាញសង្គម ត្រូវបានយកទៅបន្ថែមបន្ថយ និងធ្វើការចំអក យ៉ាងសម្បើមដៃ៕