តារាចម្រៀង របស់ផលិតកម្ម ថោន លោក ខេម បានសំដែងភាពក្ដុកក្ដួលក្នុងចិត្ត កាលពីមុននេះបន្តិច នៅចំពោះការបង្ហូរ«ទឹកដ៏ស្អុយ» ចូលក្នុងសមុទ្រ និងសំណូមពរឲ្យអាជ្ញាធរ ធ្វើការអើពើ ក្នុងករណីនេះផង។
លោក ខេម បានថ្លែងនៅលើទំព័រហ្វេសប៊ុក របស់លោក ជាមួយនឹងរូបភាពពីរសន្លឹក ដូច្នេះថា៖
«ព្រះអើយ ហេតុអីបានជាបង្ហូរ ទឹកដ៏ស្អុយនេះ ចូលមកក្នុងសមុទ្រអញ្ចឹង? មិនមានវិធីអីផ្សេង ល្អក្រៅពីនេះទេ ឬយ៉ាងម៉េច?»
ជាមួយនឹងរូបភាព «Smiley សំពះ» ជាច្រើនផង តារាចម្រៀងបន្តថា៖
«សូមថ្នាក់ដឹកនាំខេត្ត ព្រះសីហនុ ជួយសម្រួលផង ខ្ញុំស្តាយសមុទ្រប្រទេសខ្ញុំណាស់។»
ការបង្ហូរ«ទឹកដ៏ស្អុយ» ចូលទឹកសមុទ្រនេះ មិនមែនជារឿងថ្មីទេ។ កាលពីដើមខែធ្នូកន្លងទៅ ក្រុមសកម្មជនបរិស្ថាន មកពីអង្គការ«មាតាធម្មជាតិ» បានចុះទៅស្រាវជ្រាវដល់ទីនោះ ហើយបានរកឃើញថា ទឹកសមុទ្រដែលទទួលទឹកសំអុយទាំងនេះ មានផ្ទុកសារជាតិ និងមេរោគ ពោរពេញដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ប្រសិនណាជាមនុស្ស បានចុះលេងទឹក ឬងូតទឹកនៅទីនោះ៕