តារា ជនល្បី

បវរកញ្ញាចក្រវាឡ កូនកាត់​ថៃ-កាណាដា បរិហារ​រដ្ឋាភិបាលថៃ​ថា«កំសាក»

«កំសាក»​៖ កញ្ញា«Amanda Obdam» បវរកញ្ញាចក្រវាឡ (Miss Univers Thailand 2020) របស់ប្រទេសថៃ បានបន្ត​បង្ហោះសារ​ជាថ្មីទៀត រិះគន់​រដ្ឋាភិបាលរបស់ប្រទេសនេះ បន្ទាប់ពីអាជ្ញាធរ-បានបើកការបង្ក្រាប ទៅលើពលរដ្ឋអ្នកតវ៉ា កាលពីចុង​សប្ដាហ៍​កន្លងមក។

នៅលើ​បណ្ដាញសង្គមទ្វីសធើរ បវរកញ្ញា​កូនកាត់​ថៃ-កាណាដា បានបង្ហោះសារខ្លី តែមានន័យវែង​ដូច្នេះថា៖

«ការប្រើការភ័យខ្លាច ការគម្រាមកំហែង ដើម្បីបំបិទមាត់អ្នកដទៃ គឺជាទង្វើរបស់ជនកំសាក។»

កាលពីថ្ងៃអាទិត្យ កម្លាំងអាជ្ញាធរថៃ បានប្រើកាំភ្លើងគ្រាប់ជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹក ដើម្បីបាញ់​បង្ក្រាប​ក្រុមបាតុករ​និយមលទ្ធិប្រជាធិបតេយ្យ ដែលបានប្រមូលគ្នានៅកណ្ដាលរាជធានីបាងកក ក្នុងបំណងទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) ចុះចេញពីតំណែង។

លោក ប្រយុទ្ធ និងរដ្ឋាភិបាលរបស់លោក បានរងការចោទប្រកាន់ថា​«អសមត្ថភាព» ចំពោះការគ្រប់គ្រង និង​ទប់ស្កាត់​ជំងឺរាតត្បាត កូវីដ-១៩ (Covid-19) ដែលចេះតែឆ្លងរាលដាលខ្លាំងឡើង នៅក្នុងប្រទេសថៃ បង្កឲ្យមាន​មនុស្សស្លាប់ ប្រមាណជាង៣ពាន់នាក់ រាប់មកដល់ថ្ងៃនេះ។ កាលពីម្សិលមិញ អ្នកជំងឺស្លាប់ មានចំនួន១០៨នាក់ ដែលជាចំនួនច្រើនទីពីរ បន្ទាប់ពីចំនួនអ្នកជំងឺស្លាប់ ក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដែលមានរហូតដល់​១៤១នាក់។

សាររបស់រាជនីសម្ផស្ស«ចក្រវាឡ» ត្រូវបានបណ្ដាជនចុច«Like» និងចែករំលែករាប់ពាន់-ម៉ឺននាក់/ដង ក្នុងនោះ​បណ្ដាជនខ្លះ បានសរសេរ​កោតសសើរបវរកញ្ញា ថាមានភាពក្លាហាន គួរឲ្យគោរព។

សារដែលមានទំនោរ​គាំទ្រលទ្ធិប្រជាធិបតេយ្យ និងរិះគន់រដ្ឋាភិបាលលោក ប្រយុទ្ធ ត្រូវបានកញ្ញា«Amanda Obdam» បង្ហោះចេញ​​ជា​ហូហែ​ និងមានទម្ងន់ធ្ងន់ៗណាស់។ ក្នុងពេលកន្លងមក ក្រុមអ្នកគាំទ្ររដ្ឋាភិបាលថៃ បាន​ប្រតិកម្មខ្លាំងៗ​តបនឹង​សារទាំងនោះ ហើយថែមទាំងស្នើ ឲ្យដក​«ម្កុដរាជនីសម្ផស្ស តំណាងឲ្យប្រទេសថៃ» និងតំណែង​បវរកញ្ញា ចេញពីរូបនាង​ទៀតផង៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។