តារា ជនល្បី

តារាស៊ិចស៊ី «Emily Ratajkowski» បង្ហាញពី​កូនប្រុស​ដំបូង​របស់នាង

ក្នុងពេលកន្លងមក តារាស៊ិចស៊ី ជំនាញខាងបង្ហាញម៉ូដ និងសំដែងដ៏ល្បី នាង«Emily Ratajkowski» គ្រាន់តែ​បានប្រាប់​ប្រិយមិត្​តរបស់នាង ថានាងមានផ្ទៃពោះប៉ុណ្ណោះ និងមិនបាលបញ្ជាក់ថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស​ឬស្រី ហើយថា ផ្ទៃពោះនឹងត្រូវ«គ្រប់ខែ» នៅពេលណាឡើយ។

តែនៅថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមីនាម្សិលម៉ិញ តារាសំដែងនិងបង្ហាញម៉ូដ ដែលមិនញញើត ក្នុងការបង្ហាញរាងកាយ​ដ៏ទ្រលុកទ្រលន់ បានបង្ហោះរូបភាព​អំពីកូនដំបូងរបស់នាង ដែលទើបនឹងចេញពីឧទរ ដោយប្រាប់ឲ្យដឹងពីភេទ ឈ្មោះ និងថ្ងៃខែកំណើត។ នៅលើ​បណ្ដាញសង្គម​អ៊ិនស្តាហ្គ្រាម នាង «Emily Ratajkowski» បានបង្ហោះរូបភាព បង្ហាញពីការបំបៅដោះកូន និងសរសេរអមថា៖

«កូនប្រុសខ្ញុំ ឈ្មោះ “Sylvester Apollo Bear” ទើបនឹងចាប់កំណើត មករួមរស់ នៅក្នុងពិភពលោកយើងនេះ។ “Sly” (ឈ្មោះហៅកាត់) បានកើតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាពេលព្រឹក ដ៏អស្ចារ្យបំផុត ដែលពោរពេញ​ដោយ​សេចក្ដីស្នេហា នៅក្នុងឆាកជីវិតរបស់ខ្ញុំ។»

រូបភាពបង្ហោះ មិនបានប៉ុន្មានម៉ោងផង ការចូលរួមអបអរពីសំណាក់ប្រិយមិត្តរបស់នាង បានផ្ទុះឡើងជាបន្តបន្ទាប់ រហូតមិនតិចជាង​៣លាន​ដងទេ។ ក្នុងនោះ តារាល្បីៗជាច្រើនផ្សេងទៀត ក៏បានបង្ហាញការសាទរ ចំពោះរូបនាងដែរ ដូចយ៉ាងនាង «Bella Hadid» និងនាង «Kim Kardashian» ជាដើម។

យ៉ាងណា នាង«Emily Ratajkowski»​ ដែលមានអាយុ២៩ឆ្នាំ ធ្លាប់ឲ្យដំណឹងខ្លះដែរ ពីដំណាក់កាល នៃ​ការពរពោះ​របស់នាង។ ដូចជា​នៅថ្ងៃទី៤ ខែកុម្ភៈកន្លងមក តារាស៊ិចស៊ី បានបង្ហោះរូបថត ដែលគ្មាន​សម្លៀកបំពាក់ច្រើនសន្លឹក ដោយអះអាង​ភ្ជាប់នឹងរូបថតទាំងនេះថា៖

«ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា​ខ្លួនដូចខ្លាឃ្មុំតុក្កតា “Winnie” ដែលស្ថិតក្នុងស្រោមខ្លួន​ជាមនុស្ស។ ពេលខ្លះទៀត ខ្ញុំមានអារម្មណ៍​ជាទេពធីតា​ក្នុងសុបិន្តមួយអង្គ ដែលមានកំប៉េះគូថ​យ៉ាង​ទ្រលុកទ្រលន់។ ខ្ញុំបានថតរូបទាំងនេះ នៅពេល​ខ្ញុំមានអារម្មណ៍ ជាទេពធីតា។ យ៉ាងណាក្ដី ខ្ញុំដឹងថា ផ្ទៃពោះដ៏ធំ និងគល់ភ្លៅដ៏ធាត់នេះ នឹងបាត់ទៅវិញ ក្នុង​ពេលដ៏ខ្លីខាងមុខ៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។