លោក «Ian McKellen» ដែលជាតួសំដែង ដ៏ចាស់វស្សា និងបានដើរតួ ជាគ្រូធ្មប់«Gandalf» នៅភាពយន្ដ«The Lord of the Rings» បន្តភាគមកភាពយន្ដ «The Hobbit» ដ៏ល្បីល្បាញ បានទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ (Covid-19) រួចហើយ កាលពីថ្ងៃពុធទី១៦ ខែធ្នូ ឆ្នាំ២០២០។
ជាមួយនឹងស្នាមញញឹមប្រិមប្រិយ លោក«គ្រូធ្មប់» បានចូលចាក់វ៉ាក់សាំង នៅក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យ «Queen Mary» នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស។ នៅចំពោះម៉ាស៊ីនថត របស់ក្រុមអ្នកសារព័ត៌មាន លោក«Ian McKellen» បានថ្លែងចាត់ទុកថ្ងៃ ដែលលោកទទួលបានវ៉ាក់សាំងនេះ ថាមានលក្ខណៈពិសេសបំផុត។
តារាភាពយន្ដ ដែលមានអាយុ៨១ឆ្នាំ បានបន្តថា៖
«គ្រប់មនុស្សចាស់ដូចខ្ញុំ ដែលរស់នៅយូរឆ្នាំអញ្ចឹង អាចបន្តជីវិតរស់ទៅមុខបាន ដោយហេតុថា ពួកយើងបានចាក់ថ្នាំវ៉ាក់សាំងរួចរាល់ ដើម្បីបង្ការរាល់ជំងឺតម្កាត់នានា។»
ស្ថាប័នសុខាភិបាលសាធារណៈ របស់ចក្រភពអង់គ្លេស «NHS» បានចែករំលែករូបថត របស់តារាភាពយន្ដ ដែលបានចូលទៅចាក់វ៉ាក់សាំង នៅនឹងមន្ទីរពេទ្យ។ លោក «Ian McKellen» ថ្លែងឲ្យដឹងទៀតថា៖
«ខ្ញុំសង្ឃឹមថា នៅពេលដែលមនុស្ស កាន់តែច្រើន បានទទួលវ៉ាក់សាំងរួច នោះយើងអាចនឹងវិលត្រឡប់ ទៅរកជីវិតធម្មតាវិញ។ ខ្ញុំមានអារម្មណ៍ ដូចទទួលបានការប្រោះព្រំដូច្នេះ បន្ទាប់ពីបានទទួលវ៉ាក់សាំង។»
តារាភាពយន្ដវ័យចំណាស់ បាននិយាយសរសើរក្រុមគ្រូពេទ្យ និងស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេសថា៖
«ពួកគេបានធ្វើការងារ ខ្លាំងក្លាសម្បើមណាស់ អញ្ចឹងពួកគេស័ក្ដិសមនឹងទទួលបាន ការដឹងគុណ និងការលើកទឹកចិត្ត៕»