តារា ជនល្បី

បវរកញ្ញា​ប៊ែលហ្សិក ឆ្នាំ២០១៨ ជា«កូនកាត់ហ្វីលីពីន»

ប្រទេសប៊ែលហ្សិក ដែលមានរាជធានី​ជាបេះដូងរបស់អ៊ឺរ៉ុប បានជ្រើសរើសបវរកញ្ញារបស់ខ្លួន ប្រចាំឆ្នាំ២០១៨នេះហើយ។ នារីដ៏ស្រស់ប្រិមប្រិយ មានអាយុ២២ឆ្នាំ មកពីក្រុងអង់វែ (Anvers – ស្ថិតនៅភាគខាងជើង) និងដែលជា«កូនកាត់ហ្វីលីពីន» បានឈ្នះជ័យលាភី ពីក្នុងការប្រលងជ្រើសរើស ដ៏ធំសម្បើមមួយ កាលពីយប់ថ្ងៃសៅរ៍ ដោយមានការចូលរួម ពីបេក្ខនារីប្រមាណជា៣០នាក់។

បវរកញ្ញា ដែលមានរូបសម្បត្តិឈ្នះដាច់គេនេះ មានឈ្មោះ អង់ជឺលីន ផ្លរ ពុយអា (Angeline Flor Pua) ជានិស្សិតមួយរូប ផ្នែកបើកបរយន្ដហោះ។ ចាប់កំណើត នៅក្នុងប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥ កញ្ញា អង់ជឺលីន មានឪពុកម្ដាយជាជនជាតិប៊ែលហ្សិក ដើមកំណើតអាស៊ី (ឪពុកមានដើមកំណើតចិន និងម្ដាយមានដើមកំណើត​ហ្វីលីពីន៌។

នៅចំពោះដើមកំណើត ជាកូនកាត់របស់នាង រាជនីសម្ផស្សថ្មីថ្មោងរូបនេះ ប្រាកដជាប្រឈម នឹងការលើកឡើងទាំងឡាយ ដែលមានលក្ខណៈ ជាការរើសអើង និងប្រកាន់ពូជសាសន៍។ ការលើកឡើងខ្លះទៀត ថែមទាំងបានរិះគន់រូបនាង ដែលធ្លាប់បានរស់នៅ ក្នុងសង្កត់មួយឈ្មោះ «Borgerhout» ដែលមានរស់នៅពោរពេញ ដោយបណ្ដាជនអន្តោប្រវេសនោះផង។

យ៉ាងណា អង់ជឺលីន បានឆ្លើយតបមកវិញ ដោយសុទិដ្ឋិនិយមថា៖

«ខ្ញុំមានមោទនភាពណាស់ ដោយបានក្លាយ ជាបវរកញ្ញាប៊ែលហ្សិក លើកដំបូងបង្អស់ ដែលមានដើមកំណើរ មកពីប្រទេសអាស៊ី។ ពិតហើយ ថាខ្ញុំបានអាន នូវការលើកឡើងជាច្រើន ដ៏គួរឲ្យតក់ស្លុត ទាក់ទងនឹងរូបខ្ញុំ ប៉ុន្តែ​វាមិនបានធ្វើឲ្យរាថយ នៅក្នុងកិច្ចការរបស់ខ្ញុំ និងសុបិន្ដរបស់ខ្ញុំនោះទេ។ ខ្ញុំបានដឹងថែមទៀតថា ការលើកឡើងដ៏អាក្រក់ទាំងនេះ បានធ្វើឲ្យមនុស្សជាច្រើននាក់ រងរបួស។»

កញ្ញា អង់ជឺលីន បានពន្យល់នៅលើបណ្ដាញសង្គម នៅមុនពេលនាងបានជាប់ជាបវរកញ្ញា ថានាងមិនបានគិតថា នាងមានសម្ផស្សស្អាតដាច់គេ នៅក្នុងព្រះរាជាណាចក្រនោះទេ។ តែអ្វីដែលនាងចង់បង្ហាញនោះ គឺរូបភាពថ្ងៃនេះ នៃប្រទេសប៊ែលហ្សិកមួយ ដែលមានលក្ខណៈជា សង្គមចម្រុះ ដូចដែលស្ត្រីមុនៗ ដែលជាកូនកាត់អាហ្វិក ឬកូនកាត់ម៉ារ៉ុក ធ្លាប់បានជាប់ជាបវរកញ្ញារួចហើយ។

កញ្ញាកូនកាត់​ដ៏ស្រស់ប្រិមប្រិយ ថែមទាំងទទួលបានការគាំទ្រ ពីបណ្ដាថ្នាក់ដឹកនាំ និងអ្នកនយោបាយ សឹងតែគ្រប់ជាន់ថ្នាក់ របស់ប្រទេសប៊ែលហ្សិកនោះផង។ អ្នកនយោបាយខ្លះ បានថ្លែងការពារកញ្ញា អង់ជឺលីន ថាការដែលនាងបានជាប់ ជាបវរកញ្ញាប៊ែលហ្សិក គឺជាការអះអាងខ្លាំងថែមទៀត ពី«ការបើកបេះដូង» របស់សង្គមប៊ែលហ្សិក។

មេដឹកនាំប៊ែលហ្សិកមួយចំនួន បានជំរុញឲ្យកញ្ញា អង់ជឺលីន ដាក់ពាក្យបណ្ដឹង ឡើងទៅតុលាការ ដោយយោងលើច្បាប់ ប្រឆាំងការប្រកាន់ពូជសាសន៍ ដ៏តឹងតែង របស់ប្រទេសប៊ែលហ្សិក ដើម្បីផ្ដន្ទាទោសជនទាំងឡាយ ដែលជាអ្នកទទួលខុសត្រូវ ចំពោះការលើកឡើង ប្រកបដោយការរើសអើងទាំងនោះ។ ប៉ុន្តេរាជនីសម្ផស្ស​ថ្មីថ្មោង ដែលជា«កូនកាត់ហ្វីលីពីន» មិនបានគិតថា នាងនឹងត្រូវធ្វើបែបនេះទេ។

សម្រាប់អ្នកស្រី «Bianca Debaets» រដ្ឋលេខាធិការមួយរូប នៃរដ្ឋាភិបាលប៊ែលហ្សិកវិញ បានចេញមុខ មកធ្វើប្រតិកម្មខ្លាំងៗ ដោយហៅការលើកឡើង ទាំងឡាយនោះ ថាមានលក្ខណៈ«ដ៏អាស្រូវ»។ អ្នកស្រីថា៖

«អង់ជឺលីន ផ្លរ ពុយអា ដែលជានារីដ៏ឆ្លាតវៃ ចេះច្រើនភាសា និងពោរពេញដោយមហិច្ឆតារូបនេះ គឺជាជនជាតិប៊ែលហ្សិក ដ៏ពិតប្រាកដម្នាក់ ហើយនាងមានមោទនភាពណាស់ ដែលខ្លួននាង ជាជនជាតិប៊ែលហ្សិក៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។