[ មានតែវិធីនេះ ] ស្ដេចបានបញ្ជារឲ្យយគេ ប៉ាវគងរកជាងកាត់សក់ មកកាត់ព្រះកេសារបស់ព្រះអង្គ ដើម្បីឲ្យសមតាមរាជបំណង។ ជាងកាត់សក់ជាច្រើន បានចូលខ្លួនមកកាត់ព្រះកេសា តែត្រូវស្ដេចយកទៅប្រហាជីវិតទាំងអស់ ដោយទ្រង់ឈ្វេងកាត់សេចក្ដីថា ជាងកាត់សក់ទាំងនោះ កាត់ព្រះកេសាទ្រង់ មិនសក្ដិសមទាល់តែសោះ។
ថ្ងៃនេះត្រូវវេនជាងកាត់សក់ម្នាក់ ដែលមានវ័យក្មេង ចូលមកកាត់។ ក្នុងពេលកាត់នោះ ស្ដេចចេះតែងាកទៅឆ្វេងទៅស្ដាំ ដើម្បីនិយាយជាមួយពួកមេនំមេនាង ស្រីស្នំក្រមការទាំងឡាយ ដែលនៅបំរើក្បែរនោះ ធ្វើអោយជាងកាត់សក់ ពិបាកនឹងធ្វើការរបស់ខ្លួនមែនទែន។ ទ្រាំមិនបាន ជាងកាត់សក់វ័យក្មេង ក៏យកកន្ត្រៃគោះព្រះកេសមួយ ឃឹះ ! ស្ដេចទ្រង់ក្រេវក្រោធឡើង ហើយសួរទៅជាងកាត់សក់៖
– ម៉េចក៏អាឯង មកវ៉ៃក្បាលអញ យ៉ាងដូច្នេះ ?
ជាងកាត់សក់ឱនលំទោន ហើយឆ្លើយ៖
– ក្រាបថ្វាយបង្គុំព្រះអង្គ! ទូលបង្គុំមានតែវិធីនេះទេ ទើបកាត់ព្រះកេសារបស់ព្រះអង្គ បានល្អ !