សំណើច កំប្លែង

«អ្នកក្លាហានតែមួយ» សំណើច

បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះ​ត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម​ទាំងនេះ គ្មាននរណាម្នាក់​ក្លាហានចេញមុខ មកទទួលតួនាទីនេះទេ។

ស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែមាន សំរែកមួយស្រែកឆោឡោឡើងថា ៖

– វើយកនយើង ប្រពន្ធៗនាំគ្នាមកហើយវើយ !!!

ពួកបុរសៗទាំងអស់លឺដូច្នេះ នាំគ្នារត់ប្រាស់អាយុតែរៀងៗខ្លួន។ នៅសល់តែបុរសម្នាក់ ដែលនៅឈរស្ងៀម​ធ្វើបែបហី អត់រត់ទៅណា​នឹងគេសោះ។ ទាំងអស់គ្នាឃើញដូច្នោះ ក៏ទះដៃអបអរសាទរ សសើរពីវីរភាពរបស់បុរស ហើយថា​គាត់នេះហើយ​ស័ក្ដិសម នឹងក្លាយជា​ប្រធានសមាគម។

– អស្ចារ្យៗ នេះបានចំជាអ្នកក្លាហាន របស់យើងទាំងអស់គ្នាមែន។ គាត់នៅស្ងៀម នឹងធឹង ហើយមិនចេះភ័យ នឹង​ប្រពន្ធផ្ដេសផ្ដាសទេ អស្ចារ្យៗ … ជាប្រធានរបស់ពួកយើង គាត់ពិតជាស័ក្ដិសមឥតខ្ចោះ …។

ទាំងអស់គ្នាត្រឡប់មកវិញ ដើម្បីមកចាប់ដៃបុរស ដែលនឹងត្រូវក្លាយជាប្រធាន របស់ខ្លួននោះ។ ស្រាប់តែភ្ញាក់ព្រើត ដោយដឹងថាបុរសនេះ ភ័យរហូតគាំងបេះដូងស្លាប់​បាត់ទៅហើយ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។