សំណើច កំប្លែង

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) សំណើចខ្លី

[ វគ្គទី៥ ] អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖

– ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា មិនសុខស្រួលដែរ។ និយាយឲ្យត្រង់ទៅ នៅពេលរង់ចាំ​ជួបលោកគ្រូពេទ្យ ខ្ញុំបានធ្លាយវាចេញ ប្រហែលជា១០ដង រួចមកហើយ តែខ្ញុំប្រាកដក្នុងចិត្តថា លោកគ្រូពេទ្យ និងអ្នកឯទៀត មិនបានចាប់អារម្មណ៍ទេ។

– បាទៗ លោកយាយ ខ្ញុំដឹងថា វាមកពីអ្វីហើយ។ ឥឡូវ ខ្ញុំជូនថ្នាំនេះទៅលោកយាយ ដើម្បីយកទៅពិសារ។ ហើយលោកយាយ នឹងមកជួបខ្ញុំវិញ នៅថ្ងៃច័ន្ទក្រោយនេះទៀត។

ថ្ងៃចន្ទមកដល់ ដូនចាស់បានត្រឡប់ មកជួបគ្រូពេទ្យជាថ្មី តែលើកនេះ ដូនចាស់មិនសប្បាយចិត្តទេ។ គាត់និយាយ​ទៅ​ពេទ្យថា៖

– នែលោកគ្រូពេទ្យ ខ្ញុំមិនសប្បាយចិត្តទេ ព្រោះតាំងពីខ្ញុំលេបថ្នាំ ដែលលោកគ្រូពេទ្យឲ្យខ្ញុំនោះទៅ ផោមខ្ញុំប្រែក្លាយជាមានក្លិនស្អុយ ខុសប្លែកអស្ចារ្យ ពីរាល់ដង តែវានៅមិនឲ្យសំលេង ដូចមុនទេ។

– ល្អណាស់ៗ​ ! បានន័យថា ខ្ញុំព្យាបាលច្រមុះរបស់លោកយាយ បានសំរេចហើយ ។​ ឥឡូវ ខ្ញុំត្រូវព្យាបាល ត្រជៀករបស់លោកយាយ បន្តទៅទៀត …

– … ???!!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។