ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ សង្ក្រាន្តចូលមក នៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ នៅវេលាម៉ោង១៥និង១២នាទី។ ពិធីបុណ្យដ៏ធំ របស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩។
សូមរៀបរាប់ជូនត្រួសៗ អំពីសង្ក្រាន្ត និងរណ្ដាប់ទទួលទេវតា ដែលដកស្រង់ចេញ ពីសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដូចខាងក្រោម។
ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀង លើខ្នងស្តេចគ្រុឌ ដែលជាពាហនៈ។
រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណ រៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។
ត្រូវរៀបក្រាលសំពត់ ពណ៌ស ហើយរៀបចំ នូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាម១គូ ស្លាធម៌១គូ ទឹកអប់១គូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើ គ្រប់ដង្វាយនៅលើជើងពាន និងលើបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ។
ស្រេចហើយ នៅវេលាម៉ោងដែលទេវតា ចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្ត ឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា៕