គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

«ម្ឈូសបុរាណ​ធ្វើពី​សំណ»មួយ ដែលមានវ័យចំណាស់ ទំនងតាំងពីសតវត្សទី១៤ ត្រូវបានកាយរកឃើញ នៅក្រោមព្រះវិហារ«Notre-Dame» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នៅក្នុងរណ្ដៅកំណាយ នៅកណ្ដាលព្រះវិហារ ក្រុមអ្នកបុរាណវិទូនៅបាន​រកឃើញ​វត្ថុបុរាណ ជាច្រើនផ្សេងទៀត ដែលមានទម្រង់ជាសំណល់សាកសព តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងគេ គឺ«ម្ឈូសបុរាណ​ធ្វើពី​សំណ»នេះតែម្ដង។

កំណាយរបស់ក្រុមអ្នកបុរាណវិទូ គឺជាផ្នែកមួយ នៃការជួសជុលឡើងវិញ នូវព្រះវិហារដ៏ល្បីមួយនេះ ដែលត្រូវបានអគ្គិភ័យលេបត្របាក់អស់មួយភាគ កាលពីខែមេសា ឆ្នាំ២០១៩។

សម្រាប់ក្រសួងវប្បធម៌បារាំង បានឲ្យដឹងថា ការកាយរកឃើញនូវវត្ថុបុរាណទាំងនេះ គឺ«គុណតម្លៃមានលក្ខណៈវិទ្យាសាស្ត្រ ដ៏គួរឲ្យកត់សម្គាល់»។ ជាពិសេស គឺការរកឃើញនូវម្ឈូសបុរាណធ្វើពីសំណ ដោយរក្សាបាននូវរូបរាងដើមទាំងស្រុង របស់វា។ ក្រសួងបញ្ជាក់ទៀតថា ម្ឈូសបុរាណមួយនេះ ទំនងជាបានខ្ចប់សពឥស្សរជនជាន់ខ្ពស់ណាម្នាក់ តាំងពីសតវត្សទី១៤។

ក្នុងថ្ងៃអង្គារទី១៥ ខែមីនា ឆ្នាំ២០២២នេះ អ្នកស្រី«Roselyne Bachelot» រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានចុះទៅមើលផ្ទាល់ ដល់រណ្ដៅកំណាយបានលើកឡើង អំពី«វិញ្ញាសារផ្នែកបច្ចេកវិទ្យាដ៏អស្ចារ្យ» ដែលក្រុមអ្នកធ្វើកំណាយ បានរកឃើញបុរាណវត្ថុទាំងនេះ៕

ដ.កែវ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។