ស្នេហា

សម្តី​គួរ​ចៀសវាង ពេល​និយាយ​ទៅ​កាន់​គូស្នេហ៍ ឬ​ភរិយា​របស់​ខ្លួន

សម្តី​គួរ​ចៀសវាង ៖ ភាសា គឺជាមធ្យោបាយ ក្នុងការប្រាស្រ័យទាក់ទង ដែលមិនអាចខ្វះបាន។ រីឯនៅក្នុងទំនាក់ទំនង ជាមួយមនុស្ស​ជាទីស្រលាញ់ ការប្រើប្រាស់ពាក្យសម្តី ឃ្លាឃ្លោងសន្ទនា គឺពិតជារឿងមួយ​ដ៏សំខាន់បំផុត។ គូស្នេហ៍​ទទួលបាន​នូវការលើកទឹកចិត្ត អារម្មណ៍​កក់ក្តៅ ឬមួហ្មង អាស្រ័យទៅលើទម្ងន់ ឬរបៀបនៃការប្រើប្រាស់​ពាក្យសម្តី របស់ដៃគូម្ខាងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកស្រលាញ់ដៃគូរបស់អ្នក សូមព្យាយាមកុំប្រើនូវភាសាអវិជ្ជមាន ដែលអាច​បំផ្លាញទឹកចិត្តរបស់នាង។ ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួន អំពីពាក្យសម្តី ដែលអ្នកមិនគួរប្រើ៖

១. បើអូនមិនស្រលាញ់ខ្លួនឯង បងក៏មិនអាច​ស្រលាញ់អូន​ទៀតបានដែរ!

គ្មានអ្នកណា ដែលមិនចេះស្រលាញ់ខ្លួនឯងនោះទេ។ តើការវាយតម្លៃរបស់អ្នក ចំពោះមនុស្សជា​ទីស្រលាញ់​របស់អ្នក តើអ្នកច្បាស់កម្រិតណា ថានាងពិតជា​មិនស្រលាញ់ខ្លួនឯង? នាងមិនចេះថែសុខភាព? នាងធ្វើឱ្យខ្លួនឯងមានបញ្ហា? ឬព្រោះតែនាងមិនស្រលាញ់ខ្លួនឯង ទើបអ្នកត្រូវចាកចេញពីនាង?

ចូររំឭកឡើងវិញ ទៅដល់ហេតុផលជាច្រើន ដែល​អ្នកទើបជួបនាងដំបូង ហើយក៏ចាប់ផ្តើមស្រលាញ់នាង។ វាអាច​កើតឡើងពីហេតុផលជាច្រើន តែនៅទីបំផុត អ្នកក៏និយាយថា “បើអូនមិនស្រលាញ់ខ្លួនឯង បងក៏មិនអាច​ស្រលាញ់​អូនទៀតបានដែរ”។ តើអ្នកមានបានគិតដល់អារម្មណ៍នាងទេ ពេលនិយាយភាសាបែបនេះ? អ្វីទៅជាតម្លៃ​នៃសេចក្តី​ស្នេហារបស់អ្នក ដែលអ្នកអាចបញ្ចប់​ដោយត្រឹមប៉ុណ្ណឹង ឬមួយក៏អ្នកមិនសូវ​ជាស្រលាញ់នាង​ណាស់ណាទេ?

ពេលខ្លះ អាចមកពីអ្នកស្រលាញ់ ឬបារម្ភពីនាងខ្លាំងពេក ទើបនិយាយរាងជ្រុល ដោយមិនបានគិត។ ជំនួសឱ្យ​ការនិយាយបែបនេះ ហេតុអ្វីអ្នកមិននិយាយថា៖

«ព្រោះបងស្រលាញ់អូន បារម្ភពីអូន ទើបចង់ឃើញអូនល្អ។ កុំអស់សង្ឃឹម កុំធុញទ្រាន់​ដែលបងនិយាយ​ច្រំដែល។ ចាំថា អូនមានបងនៅកំដរអូន ហើយយើងនឹងដើរទៅ​ជាមួយគ្នាណា។ បងស្រលាញ់អូន។»

២. សម្តី​គួរ​ចៀសវាង ៖ អូនឯងចូលចិត្តនិយាយដើមគេម្ល៉េះ!

ធម្មតា ការបំពេញការងារ រមែងបង្កឱ្យមានភាពតានតឹង ឬការមានបញ្ហា​ជាមួយមិត្តរួមការងារ ឬថ្នាក់លើ សុទ្ធតែ​ជារឿង​ដែលចៀសមិនផុត។ យ៉ាងណាមិញ ដៃគូរបស់យើង តែងចង់ឱ្យមានមនុស្សម្នាក់ ដែលយល់ចិត្តស្តាប់​នូវរាល់​បញ្ហារបស់នាង។ ទោះបីជាអ្នកមិនអាចជួយ​ដោះស្រាយបញ្ហា​របស់នាងបាន តែត្រឹមឱ្យនាងបន្ធូរអារម្មណ៍​តានតឹង តាមរយៈការទម្លាយ​នូវរឿងរ៉ាវស្មុគស្មាញ​ទាំងអស់ប្រាប់អ្នក គឺជាជួយដ៏ល្អបំផុតសម្រាប់នាង។ ដូច្នេះ សូមកុំ​ធុញទ្រាន់​ជាមួយនាង ឬគ្រាន់តែប្រាប់នាងថា៖

«ស្តាប់មើលទៅ អូនដូចជាស្រ្តេសខ្លាំងណាស់ និយាយចេញមក​ឱ្យអស់មកណា ដើម្បីឱ្យបានធូរក្នុងអារម្មណ៍ ហើយអ្វីៗ​នឹងប្រសើរ​ឡើងវិញ។ រឹងមាំណាអូនសម្លាញ់។»

៣. ការងារប៉ុណ្ណឹង ក៏ធ្វើមិនកើតដែរ!

ការលើកទឹកចិត្ត​គឺជារឿងសំខាន់បំផុត។ ដូច្នេះ សូមកុំបន្ទោស ឬប្រើសម្តីដែលបំបាក់ទឹកចិត្ត មនុស្សជាទីស្រលាញ់​របស់អ្នក ប្រសិនបើនាង ធ្វើអ្វីមិនដល់ ឬមិនដូចការរំពឹងទុករបស់អ្នក។ ប្រសិនបើអ្នក ទម្លាប់លើកទឹកចិត្តភរិយា ឬដៃគូរបស់អ្នក នៅពេលដែលអ្នកមានបុត្រ ទម្លាប់​នៃការលើកទឹកចិត្តនេះ អ្នកនឹងអាចអនុវត្តបាន យ៉ាងងាយស្រួល​ជាមួយកូនតូចៗ​របស់អ្នក។ សូមនិយាយទៅកាន់មនុស្ស​ ជាទីស្រលាញ់​របស់អ្នកថា៖

«បងជឿថា អូនអាចធ្វើបាន។ ខំបន្តទៀតណា បងនៅតែផ្តល់​កម្លាំងចិត្តរបស់អូន។»

៤. សម្តី​គួរ​ចៀសវាង ៖ អូនឯង មិនស្អាតដូចគេទេ!

មនុស្សស្រី ពិតជាឱ្យតម្លៃ ទៅលើសម្រស់ខាងក្រៅខ្លាំងណាស់ ទោះបីពេលខ្លះ នាងមានអារម្មណ៍ថា នាងមិនស្អាត​ដូចគេ តែនាងក៏រឹតតែ​មានអារម្មណ៍ល្អ សម្រាប់ខ្លួនឯង ក្នុងការរកបានមនុស្សម្នាក់ ដែលស្រលាញ់នាង ទោះដោយ​សារ​ហេតុផលអ្វីក៏ដោយ។ នាងនឹងសប្បាយចិត្ត ប្រសិនបើដៃគូសរសើរពីសម្រស់របស់នាង មិនមែនបញ្ជោរ តែជា​ពាក្យពិត ឬភាសាលើកទឹកចិត្ត។ ដូច្នេះ បើទោះជាមានគេ​ស្អាតជាងនាងក្តី ក៏សូមគិតថា៖

«មិនខ្វះទេ មនុស្សស្រីដែលស្អាតជាងអូន តែបងជ្រើសរើសយកអូន ព្រោះអូនមានចំណុចពិសេស ដែលទាក់​ទាញ​ចិត្តបង ខុសពីនារី ស្អាតៗទាំងនោះ។»

៥. ម្នាក់នោះ មិនដែលធ្វើដាក់ដៃគូគេ ដូចជាអូនឯង​អ៊ីចឹង​ទេ!

ត្រូវចាំថា មនុស្សម្នាក់ៗ តែងមានគុណសម្បត្តិ ឬគុណវិបត្តិខុសៗគ្នា។ គ្មានអ្នកណាល្អ ឥតខ្ចោះនោះទេ។ ដូច្នេះ សូម​កុំប្រៀបធៀប​ដៃគូរបស់អ្នក ជាមួយនឹងនារីផ្សេង ព្រោះអាចនឹងធ្វើឱ្យនាងយល់ថា អ្នកស្រលាញ់ត្រឹមតែ​ចំណុច​ល្​អរបស់នាង តែបែរជាមិនទទួលយក នូវគុណវិបត្តិរបស់នាង។ ពេលខ្លះ អ្នកអាចនឹងមានអារម្មណ៍ថា ហេតុអីដៃគូ​របស់អ្នក មិនអាចស្លូតបូត ដូចជាសង្សាររបស់បុគ្គល “ក” ហើយហេតុអីក៏នាង​មិនចេះ​ផ្អែមល្ហែម ដូចជាដៃគូ របស់ បុគ្គល “ខ” ហើយហេតុអីក៏នាងមិនពូកែរកលុយ ដូចជាប្រពន្ធរបស់ បុគ្គល “គ”។

កុំបណ្តោយឱ្យជីវិតគូរបស់អ្នក រស់នៅជាមួយការប្រៀបធៀបបែបនេះ ព្រោះវាមិនបានធ្វើឱ្យអ្នកមានក្តីសុខ ជាមួយ​មនុស្សជាទីស្រលាញ់​របស់អ្នក​នោះទេ។ សូមមើលឃើញពីចំណុចល្អ របស់នាងឱ្យបានច្រើន ជាជាងការដែល​កត់សម្គាល់ តែចំណុចអវិជ្ជមានរបស់នាង ហើយយកទៅប្រៀប ជាមួយនឹងនារីដទៃ។ សូមរំឭកខ្លួនឯងថា៖

«គូស្នេហ៍របស់ខ្ញុំ មានចំណុចដែលគួរឱ្យស្រលាញ់ខុសពីអ្នកដទៃ។ ទោះពេលខ្លះនាងសាំញ៉ាំ តែអ្វីដែល​ខ្ញុំដឹងច្បាស់​បំផុតពីនាង គឺនាងស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ស្រលាញ់នាងដូចគ្នា។»

ប្រសិនបើអ្នកកត់សម្គាល់ឃើញថា អ្នកធ្លាប់ប្រើភាសាអវិជ្ជមាន ទៅកាន់គូស្នេហ៍របស់អ្នក មិនថាបុរស ឬស្រ្តីជាដៃគូក្តី សូមព្យាយាមចៀសវាង នូវពាក្យសម្តីទាំងនោះ ហើយកែប្រែទៅជាភាសាវិជ្ជមានឡើងវិញ។ ត្រូវចាំថា បើគ្រាន់តែ​ចង់​ឱ្យគេល្អ ហេតុអ្វី មិនព្រមនិយាយពាក្យល្អៗ? ភាសាគ្រោតគ្រាត ឬលើកទឹកចិត្ត សុទ្ធតែអាចប្រើបានដូចគ្នា នៅក្នុង​កាលៈទេសៈដូចគ្នា តែអ្នកស្តាប់នឹងមានអារម្មណ៍ខុសគ្នា អាស្រ័យលើភាសា ដែលអ្នកប្រើចំពោះគាត់។ គ្មាននរណា​ម្នាក់ចង់ស្តាប់ សម្តីគ្រោតគ្រាតនោះទេ។

«ភាសាពីរោះ នាំចិត្តឱ្យរីករាយ ភាសាមាក់ងាយ នាំចិត្ត​ឱ្យមួហ្មង!»

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។