អនាគតម្តាយក្មេក ៖ ពេលចាប់ផ្តើមស្រលាញ់គ្នា នៅដំណាក់កាលដំបូង បុរស និងនារី ដឹងត្រឹមតែម្យ៉ាងថា ស្នេហាជារឿងរបស់មនុស្សពីរនាក់។ តែបន្ទាប់ពីយល់ពីគ្នាច្បាស់ហើយ និងដល់ពេលគិត ពីការកសាងគ្រួសារ នោះមានបុគ្គលជាច្រើន ដែលចូលមកពាក់ព័ន្ធ នឹងជីវិតឯកជនរបស់ពួកគេ។ ដូច្នេះហើយ ភាគីទាំងសងខាង ក៏ចាប់ផ្តើមនែនាំមនុស្សជាទីស្រលាញ់ ទៅដល់ក្រុមគ្រួសាររបស់ខ្លួន ហើយការព្រួយបារម្ភ ក៏ចេះតែកើតមានឡើង ចំពោះដៃគូរៀងៗខ្លួន ដោយបារម្ភ ពីភាពមិនចុះសម្រុង ឬខ្លាចថា គ្រួសារខាងស្រី ឬខាងប្រុសមិនពេញចិត្ត ឬពិបាកផ្គាប់ចិត្ត។
យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន ក្នុងការរក្សាភាពចុះសម្រុង ជាមួយអនាគតម្តាយក្មេក៖
ការចាប់ផ្តើមជួបមុខគ្រួសារខាងដៃគូ អាចជាពេលដែលគេអញ្ជើញអ្នកទៅញ៉ាំ បាយនៅផ្ទះរបស់គេ។ អ្នកប្រហែលជាមានការភ័យបុកពោះខ្លះៗ តែសូមសម្រួលអារម្មណ៍ ហើយគិតអី្វដែលល្អៗ និងព្យាយាមរួសរាយ និងមានសមានចិត្ត ចំពោះអនាគតម្តាយក្មេករបស់អ្នក។ បង្ហាញនូវស្នាមញញឹមរបស់អ្នកចំពោះគាត់ គោរពគាត់ និងឱនលំទោនចំពោះគាត់ ដោយចិត្តស្មោះ ព្រោះថា នេះជាអ្វីដែលអ្នកត្រូវធ្វើជាចាំបាច់ នៅពេលអ្នកនិងដៃគូ ក្លាយជាប្តីប្រពន្ធ ហើយវាក៏ជាសញ្ញាមួយបញ្ជាក់ថា អ្នកមិនប្រកាន់ខ្លួន ហើយមិនត្រឹមតែស្រលាញ់កូនគាត់ទេ គឺថែមទាំងគោរពស្រលាញ់ម្តាយរបស់កូនប្រុស ឬកូនស្រីគាត់ទៀតផង។
អនាគតម្តាយក្មេករបស់អ្នក តែងតែបារម្ភ និងគិតច្រើន ចំពោះបុគ្គល ដែលនឹងមករៀបការជាមួយកូនគាត់។ ដូច្នេះ គាត់អាចនឹងព្យាយាមសង្កេត ឬពិនិត្យមើលថា តើអ្នកល្អ ឬអត់ ឬគាត់មានអារម្មណ៍ថាចូលចិត្តអ្នកឬអត់។ ដើម្បីបង្កើតនូវទំនាក់ទំនងល្អ រវាងគាត់និងអ្នក សូមចំណាយពេលនៅជាមួយគាត់ ហើយសួរសំណួរដែលពាក់ព័ន្ធនឹងប្រវត្តិ ឬជីវិតរបស់គាត់។ បង្ហាញនូវការចាប់អារម្មណ៍ ចំពោះរឿងរ៉ាវរបស់គាត់។ រឿងដែលចាំបាច់មួយទៀត អ្នកអាចសួរនាំអនាគតម្តាយក្មេករបស់អ្នក អំពីកុមារភាពរបស់ដៃគូអ្នក ឬចំណង់ចំណូលចិត្តរបស់គេ ថាតើគេចូលចិត្តធ្វើអ្វី ឬចូលចិត្តញ៉ាំម្ហូបអ្វីជាដើម។
ថ្ងៃដំបូងដែលគាត់ជួបអ្នក គាត់អាចនឹងសួរនាំអ្នកពីប្រវត្តិគ្រួសារ ឬការងាររបស់អ្នក។ សូមបើកចំហ និងឆ្លើយតបជាមួយគាត់ ដោយភាពរីករាយ។ ពេលនេះ គាត់ជាអនាគតម្តាយក្មេក ហើយថ្ងៃក្រោយ អ្នកអាចត្រូវជួបមុខគាត់ជារៀងរាល់ថ្ងៃ ដូច្នេះកាយវិការ និងភាសាទន់ភ្លន់ មិនត្រឹមតែបង្ហាញពីការគោរពចំពោះចាស់ទុំប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យម្តាយក្មេក លួចសរសើរ និងឱ្យតម្លៃអ្នកទៀតផង។
ការប្រាស្រ័យទាក់ទង រវាងអ្នក និងអនាគតម្តាយក្មេក នឹងនៅតែបន្ត ហើយអ្នកក៏ប្រហែលជាត្រូវទៅលេងគាត់ញឹកញាប់ជាងមុន។ ការជជែកលេងជាមួយអនាគតម្តាយ ឬការពិភាក្សា ដោះដូរយោបល់គ្នា តែងកើតមានឡើងជារឿងធម្មតា។ ទោះបីជាមានចំណុចខ្លះ អ្នកមិនយល់ស្របជាមួយអនាគតម្តាយក្មេកក៏ដោយ តែសូមស្តាប់គាត់ដោយយកចិត្តទុកដាក់។ ឬក៏ពេលខ្លះ គាត់ប្រាប់ឱ្យអ្នកធ្វើអ្វីមួយ ដែលអ្នកគិតថា មិនអាចទទួលយកបាន សូមកុំអាលបដិសេធភ្លាមៗ តែប្រាប់គាត់ថា អ្នកនឹងពិចារណាអំពីវា ឬសុំពេលគិតសិន៕