វិធីសាស្រ្តរំដោះខ្លួន ៖ ស្នេហា គ្រាន់តែជាពាក្យពីរម៉ាត់ តែផ្តល់រសជាតិច្រើនយ៉ាង ដល់បុរសស្ត្រីដែលចង់ ឬបានភ្លក្ស។ អ្នកខ្លះជួបរឿងផ្អែមល្ហែម កក់ក្តៅ ខណៈពេលដែលអ្នកខ្លះទៀត បែរជាជួបរឿងខកបំណង បែកបាក់គ្នាទៅវិញ។ វាពិតជារឿងកម្សត់ ហើយគួរឱ្យអាណិតណាស់ សម្រាប់អ្នកដែលឈឺចាប់ ព្រោះរឿងស្នេហា រហូតដល់អ្នកខ្លះ មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏គិតខ្លី ធ្វើរឿងដែលបំផ្លាញដល់ខ្លួនឯង ឬក្នុងខួរក្បាលវិលវល់ ដោយគំនិតអវិជ្ជមាន។
ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួន សម្រាប់ជួយអ្នកខូចចិត្ត ឱ្យរំដោះខ្លួន ចេញពីភាពសោកសង្រេងរបស់ខ្លួន ចៀសវាងការ ធ្វើបាបខ្លួនឯងដោយប្រការណាមួយ៖
នៅពេលដែលអ្នកខូចចិត្ត វាជារឿងល្អបំផុត ដែលអ្នកអាចស្វែងរកមនុស្សណាម្នាក់ ដែលអ្នកទុកចិត្ត ក្នុងការចែករំលែក ពីបញ្ហារបស់អ្នកជាមួយគេ។ ពេលខ្លះពួកគេមិនប្រាកដថា អាចជួយអ្វីអ្នកបាន ក៏ពិតមែន តែការដែលគេចំណាយពេល ស្តាប់រឿងឈឺចាប់របស់អ្នក ដោយយកចិត្តទុកដាក់ ក៏គង់ធ្វើឱ្យអ្នកបានធូរស្រាល បានមួយកម្រិត ជាជាងលាក់ទុកភាពសោកសៅ ក្នុងចិត្តតែម្នាក់ឯង ព្រោះវានឹងរឹតតែធ្វើឱ្យអ្នកពិបាកទ្រាំ។
បុរស ឬ នារី ដែលឈឺចាប់ ព្រោះរឿងស្នេហា រមែងគិតថា ខ្លួនមិនអាចរកបាន មនុស្សថ្មីដែលសាកសម ឬដែលគេនឹងមកស្រលាញ់ខ្លួននោះទេ។ សូមកុំគិតដូច្នេះអី! ទន្ទឹមនឹងការខូចចិត្ត ដោយសារតែមនុស្សម្នាក់ ដែលជាដៃគូស្នេហា សូមប្រើពេលវេលានេះ ងាកមកមើលមនុស្សសំខាន់ៗ ដែលនៅក្បែរខ្លួនអ្នកផង។
កុំបណ្តោយឱ្យខ្លួនឯង ធ្លាក់ក្នុងវិបត្តិផ្លូវចិត្ត ដោយសារតែមនុស្សម្នាក់ ដែលមិនផ្តល់តម្លៃដល់អ្នក រហូតភ្លេចគិតដល់មនុស្ស ដែលស្រលាញ់អ្នកពិតប្រាកដ នោះគឺប៉ាម៉ាក់របស់អ្នក។ អ្នកឈឺចាប់ដោយសារគេ ខណៈពេលប៉ាម៉ាក់អ្នកឈឺចាប់ ដោយសារអ្នក ពេលឃើញអ្នកខូចចិត្តបែបនេះ។ សូមគិតដល់អារម្មណ៍អ្នកមានគុណ របស់អ្នក ក្នុងគ្រានេះ។
មនុស្សដែលខូចចិត្ត ច្រើនតែគិតអវិជ្ជមានច្រើន អំពីខ្លួនឯង ឬមើលឃើញពិភពលោកនេះ ក្នុងផ្លូវមិនល្អ ដូចជា “ខ្ញុំជាមនុស្សគ្មានតម្លៃ” “គ្មានគេខ្ញុំរស់មិនបាន” “ខ្ញុំពិបាកទ្រាំណាស់” “ព្រោះខ្ញុំមិនល្អ ទើបគេឈប់ស្រលាញ់ខ្ញុំ”។ល។ គំនិតអវិជ្ជមានទាំងនេះហើយជាហេតុផល ដែលមនុស្សមួយចំនួន សម្រេចចិត្តធ្វើបាបខ្លួនឯង ដោយមិនបានពិចារណា ឱ្យបានវែងឆ្ងាយ។
អ្នកមានវិបត្តិទាំងឡាយអើយ! សូមគ្រប់គ្រងអារម្មណ៍ឱ្យបាន ហើយក្រោកឈរឡើងវិញ ដោយការខិតខំរកពាក្យ សម្រាប់លើកទឹកចិត្តខ្លួនឯង ឱ្យបានច្រើន។
នៅដំណាក់កាលដំបូង វាពិតជាពិបាកណាស់សម្រាប់អ្នក ហើយអ្នកក៏ប្រហែលជាគ្មានអារម្មណ៍អី ត្រូវគិតពីរឿងលើកទឹកចិត្តខ្លួនឯងនោះដែរ។ តែចូរសួរខ្លួនឯងថា តើអ្នកចង់បន្តឈឺចាប់បែបនេះ ឬក៏ចង់ជួយខ្លួនឯង ឱ្យបានប្រសើរឡើង? បើសិនអ្នកចង់ជួយខ្លួនឯង សូមព្យាយាមលើកទឹកចិត្តខ្លួនឯងឡើងវិញ ដូចជានិយាយមកកាន់ខ្លួនឯងថា “កុំអស់សង្ឃឹម” “ខ្ញុំត្រូវតែរឹងមាំ” “ជីវិតរបស់ខ្ញុំមិនមែនរស់ ដើម្បីតែមនុស្សម្នាក់នោះទេ” “នៅក្បែរខ្ញុំមានមនុស្សជាច្រើន ដែលស្រលាញ់ខ្ញុំ” “ខ្ញុំមិនអាចធ្វើឱ្យអ្នកផ្ទះពិបាកចិត្តបានទេ” “ខ្ញុំយំអស់ចិត្តហើយ ខ្ញុំត្រូវតែញញឹមវិញម្តង”។ល។
ពេលដែលចិត្តកំពុងឈឺ យើងអាចលែងខ្វល់ពីខ្លួនឯង ពីអ្វីៗដែលនៅក្បែរខ្លួន ពីការងារ ពីមនុស្សផ្សេងទៀត ហើយរាងកាយ ក៏ចាប់ផ្តើមអសកម្ម ដោយសារតែអ្នកបណ្តោយ ឱ្យអារម្មណ៍ខូចចិត្ត គ្របដណ្តប់លើជីវិតរបស់អ្នក។ ខ្ញុំដឹងថា អ្នកពិបាករើខ្លួន ចេញពីភាពងងឹតនេះ តែបើអ្នកពុះពារ អ្នកគង់ជំនះលើវាបាន ជាជាងការឃុំខ្លួនឯង នៅមួយកន្លែងមិនទៅណា។
សូមធ្វើខ្លួនអ្នកឱ្យរវល់ ព្រោះថា ភាពរវល់នឹងជួយអ្នកឱ្យភ្លេចគិតពីរឿងឈឺចាប់បាន។ ឧទាហរណ៍៖ រៀបចំខ្លួនសាជាថ្មី ទៅផ្សារ ធ្វើម្ហូប បោកខោអាវ បោសផ្ទះ ធ្វើការងារនៅកន្លែងធ្វើការ ទៅក្រៅញ៉ាំអីជាមួយមិត្តភក្តិ ចូលរួមក្នុងសកម្មភាពសាសនា។ល។
ការថែទាំផ្លូវចិត្តបានល្អ ក៏ត្រូវមានការចូលរួម ពីសកម្មភាពរាងកាយដែរ។ កុំបណ្តោយឱ្យខ្លួនឯងឈឺរីងរៃ ស្គមស្គាំង ព្រោះរឿងស្នេហាច្រើនពេក។ ដើម្បីរំដោះខ្លួនចេញពីការឈឺចាប់ អ្នកគួរជួយខ្លួនឯង តាមរយៈសកម្មភាពរស់រវើកផ្សេងៗ ដូចជាការហាត់ប្រាណ ការលំហែកាយ ឬសមាធិជាដើម ដែលសុទ្ធតែផ្តល់ផលប្រយោជន៍ ដល់សុខភាពរាងកាយ និងផ្លូវចិត្ត៕