មានបញ្ហាជាច្រើននៅក្នុង«ជីវិតអាពាហ៍ពិពាហ៍» ហើយភាគច្រើននៃបញ្ហាទាំងនោះ ចួនកាលត្រូវបានសាមីខ្លួនគេចវេះ ឬដោះស្រាយ ដោយប្រើវិធីសាស្រ្តខុសៗគ្នា។ ខាងក្រោមនេះ គឺជាបញ្ហាផ្សេងៗ ក្នុងជីវិតអាពាហ៍ពិពាហ៍ដែលមានជាទូទៅ។
ភាពមិនស្មោះត្រង់ គឺជាបញ្ហាទូទៅនៅក្នុងទំនាក់ទំនង។ វារួមបញ្ចូលនូវការភូតកុហក ឬអារម្មណ៍ក្បត់។ យ៉ាងណាមិញ ភាពមិនស្មោះត្រង់ អាចមានច្រើនទម្រង់ដូចជា ការលួចទាក់ទងជាមួយនរណា តាមប្រព័ន្ធអ៊ីនធឺនែត ការត្រឡប់មកផ្ទះវិញយប់ជ្រៅ ដោយសារតែជាប់ពាក់ព័ន្ធ ជាមួយបុគ្គលម្នាក់ទៀត ឬការមានសម្ព័ន្ធមេត្រីភាពជាមួយជនទី៣ ក្នុងរយៈពេលវែង ឬខ្លី។
ភាពស្និទ្ធស្នាលខាងរាងកាយ គឺជាកត្តាចាំបាច់ ក្នុងទំនាក់ទំនងយូរអង្វែង ប៉ុន្តែវាក៏ជាមូលហេតុទូទៅ នៃបញ្ហាអាពាហ៍ពិពាហ៍ផងដែរ។ បញ្ហាផ្លូវភេទ កើតឡើងញឹកញាប់ នៅក្នុងអាពាហ៍ពិពាហ៍ គឺការបាត់បង់ចំណង់ផ្លូវភេទ។ មនុស្សជាច្រើន មានការចាប់អារម្មណ៍ថា មានតែស្រ្តីប៉ុណ្ណោះ ដែលមានបញ្ហា ជាមួយចំណង់ផ្លូវភេទ ប៉ុន្តែបុរសក៏មានបទពិសោធដូចគ្នាដែរ។
ក្នុងករណីផ្សេងទៀត បញ្ហាផ្លូវភេទអាចបណ្តាល មកពីចំណូលចិត្តខាងផ្លូវភេទ របស់ស្វាមីឬភរិយា។ ជាក់ស្តែង ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ដៃគូអាចចូលចិត្តការរួមភេទខុសគ្នា ពីប្តីឬប្រពន្ធ ដែលអាចធ្វើឱ្យដៃគូម្ខាងទៀតមិនស្រណុកចិត្ត។
ជាការពិតណាស់ វានឹងមានភាពខុសគ្នា និងការខ្វែងគំនិតគ្នា នៅក្នុងអាពាហ៍ពិពាហ៍ ប៉ុន្តែភាពខុសគ្នាមួយចំនួន គឺជារឿងសំខាន់ផងដែរ ដែលមិនអាចមិនអើពើបាននោះទេ ដូចជាគុណតម្លៃ និងជំនឿ។ គូស្វាមីភរិយាមួយគូជំនឿ ទៅលើសាសនាខុសគ្នា។ អ្នកប្រហែលជាអាចប៉ាន់ស្មានដឹងថា រឿងនេះអាចបណ្តាលឱ្យមានបញ្ហា នៅពេលដែលគូស្វាមីភរិយានឿយហត់ ក្នុងការប្រតិបត្តិ នូវការបួងសួងថ្វាយបង្គំខុសគ្នា ឬទៅកាន់កន្លែងគោរពបូជាខុសៗគ្នា។ បញ្ហាអាពាហ៍ពិពាហ៍បែបនេះ គឺជារឿងធម្មតានៅក្នុងពិធីអាពាហ៍ពិពាហ៍ ដែលឆ្លងវប្បធម៌។
ទាំងនេះរួមបញ្ចូល ទាំងរបៀបដែលបុត្រធីតា ត្រូវបានចិញ្ចឹមអប់រំ និងអ្វីដែលពួកគេត្រូវបានបង្រៀន ក្នុងអំឡុងពេលកុមារភាពរបស់ពួកគេ ដូចជា ការកំណត់ទៅលើអ្វីដែលត្រូវ ឬខុស។ ដោយសារមនុស្សគ្រប់គ្នា ជាពិសេសបុគ្គលដែលជាដៃគូ មិនធំធាត់ឡើងជាមួយប្រព័ន្ធជំនឿ សីលធម៌ និងគោលដៅដូចគ្នា នោះនឹងនាំឱ្យមានការប្រកែកតតាំង ឬទំនាស់កើតឡើង ក្នុងចំណងអាពាហ៍ពិពាហ៍។
មនុស្សជាច្រើនមិនគិត ពីកត្តាអាយុ រវាងខ្លួនគេ និងដៃគូនោះទេ នៅពេលដែលពួកគេស្រលាញ់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ការពុះពាររបស់ពួកគេ រហូតឈានដល់ចំណងអាពាហ៍ពិពាហ៍ ក៏គង់នៅជួបបញ្ហាជានិច្ច។ នេះគឺជាបញ្ហាទូទៅ ក្នុងចំណោមគូស្វាម៉ីភរិយា ដែលមានគម្លាតអាយុច្រើន ដូចជារវាងបុរសចាស់ និងស្ត្រីវ័យក្មេង ឬស្ត្រីចំណាស់ និងបុរសវ័យក្មេង។ បុគ្គលិកលក្ខណៈផ្លាស់ប្តូរ ជាមួយនឹងពេលវេលា ហើយគូស្វាមីភរិយាប្រហែលជាមិនស្រុះស្រួលគ្នា ដូចដែលពួកគេធ្លាប់មាននោះទេ។ គូស្វាមីភរិយា ដែលមានអាយុខុសគ្នាច្រើន អាចប្រឈមនឹងបញ្ហានេះ នៅក្នុងអាពាហ៍ពិពាហ៍ នាពេលណាមួយ។
ភាពតានតឹង គឺជាបញ្ហាទូទៅមួយនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដែលគូស្វាមីភរិយាភាគច្រើន នឹងត្រូវប្រឈមមុខយ៉ាងហោចណាស់ម្តង ក្នុងទំនាក់ទំនងរបស់ពួកគេ។ ភាពតានតឹងក្នុងទំនាក់ទំនង អាចបណ្តាលមកពីកត្តាជាច្រើនដូចជា ហិរញ្ញវត្ថុ គ្រួសារ បញ្ហាផ្លូវចិត្ត និងជំងឺនានា។ បញ្ហាហិរញ្ញវត្ថុ អាចបណ្តាលមកពីដៃគូ បាត់បង់ការងារ។ ភាពតានតឹងបណ្តាលពីគ្រួសារ អាចរួមមានការថែទាំកូន ឬបញ្ហាជាមួយគ្រួសាររបស់ប្ដីឬប្រពន្ធ។
ភាពធុញទ្រាន់ ក៏ជាបញ្ហាមួយ ក្នុងចំណងអាពាហ៍ពិពាហ៍ផងដែរ។ ក្នុងដំណាក់កាលដំបូង បន្ទាប់ពីរៀបការរួច អ្វីៗ ហាក់ដូចជាល្អ និងផ្អែមល្ហែម គ្រប់ពេលវេលា តែយូរៗទៅ ដៃគូម្ខាងៗ ក៏ហាក់ដូចជាលែងដៃ អសកម្មក្នុងការយកចិត្តទៅវិញទៅមក។ ពេលខ្លះ ភាគីៗ ម្នាក់ៗ ក៏ចាប់ផ្តើមខ្វល់ ពីខ្លួនឯងជាងដៃគូ ហើយជាបណ្តើរៗ ក៏ចេះតែទាស់នេះទាស់នោះ ឬដៃគូធ្វើអ្វីខុសតិចតួច ឬដោយអចេតនាក្តី ក៏ចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ ឬគិតថា កំហុសនោះវាដដែលៗ ពេកហើយ ដែលធ្វើឱ្យភាគីម្ខាងទៀតយល់ថា ហេតុអ្វីក៏គ្មានការកែប្រែ ឱ្យបានល្អជាងហ្នឹង។
ការច្រណែន គឺជាបញ្ហាធម្មតាមួយទៀត ដែលធ្វើឱ្យអាពាហ៍ពិពាហ៍ ប្រែទៅជាជូរ។ ប្រសិនបើអ្នកច្រណែន ទៅលើដៃគូហួសហេតុពេក នឹងបង្កើតនូវគំនាប និងសម្ពាធសម្រាប់ដៃគូរបស់អ្នក។ ជាធម្មតា ការប្រចណ្ឌ កើតចេញពីការស្រលាញ់ ហួងហែង ហើយវាក៏ល្អសម្រាប់ទំនាក់ទំនងផងដែរ ប្រសិនបើការប្រចណ្ឌនោះ មិនលើសព្រំដែន។ តែការប្រចណ្ឌ ដោយគ្មានហេតុផល នឹងបង្កើតនូវទំនាស់ក្នុងអាពាហ៍ពិពាហ៍ ដូចជា ចោទសួរដៃគូថាកំពុងនិយាយជាមួយទូរសព្ទ ជាមួយអ្នកណា ហេតុអ្វីស្គាល់ពួកគេ ស្គាល់យូរប៉ុនណាហើយ។ល។
ទោះបីជាយ៉ាងណាក៏ដោយ គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ដូច្នេះ លោកអ្នកគួរព្យាយាមដោះស្រាយបញ្ហាទាំងនោះដោយសន្តិវិធី ចៀសវាងការធ្វើឱ្យរឿងតូចក្លាយជារឿងធំ រឿងប៉ុនកូនត្រពាំង រីកក្លាយជាមហាសាគរ៕