ស្នេហា

ប្រយោគ​សំខាន់ៗ ដែល​អ្នក​ត្រូវ​រំឭក​ខ្លួនឯង​ពេល​ដែល​ស្នេហា​បែកបាក់

ពេលខូចចិត្តព្រោះរឿងស្នេហា ឬការដែលត្រូវបានគេក្បត់ ឬការបែកបាក់គ្នា ដោយហេតុផលណាមួយក៏ដោយ សុទ្ធតែធ្វើឱ្យយើងឈឺចាប់។ ពេលអារម្មណ៍ឈឺចាប់កើតឡើង គំនិតអវិជ្ជមានជាច្រើន ក៏លេចឡើងដូចគ្នា ដែលបុគ្គលចាប់ផ្តើមបន្ទោសខ្លួនឯង ឬមើលឃើញថាខ្លួនអន់ ខ្លួនមិនល្អគ្រប់គ្រាន់ ទើបគេមិនស្រលាញ់ ឬមិនអាចស្មោះ។

ទោះបីជាយ៉ាងណាក៏ដោយ កាលណា យើងបណ្តោយឱ្យអារម្មណ៍ ឬការគិតមិនល្អ ចូលមកក្នុងខួរក្បាលយើងច្រើនពេក យើងក៏កាន់តែពិបាកទាញខ្លួនឯង ឱ្យក្រោកឈរឡើងវិញដែរ។ ហើយបើអ្នកគិតថា មិនចង់ចែករំលែករឿងខូចចិត្តនេះ ជាមួយនរណាទេ អ្នកអាចជួយខ្លួនឯងបាន ដើម្បីបំបាត់នូវគំនិតអវិជ្ជមាន ដោយប្តូរ ទៅជាការលើកទឹកចិត្តខ្លួនឯងវិញ។

ខាងក្រោមនេះ គឺជាឃ្លាប្រយោគ ដែលជួយអ្នកឱ្យមើលឃើញពីគុណតម្លៃរបស់ខ្លួនឡើងវិញ៖

១. ខ្ញុំមិនមែនជាមនុស្សឯកាទេ មានមនុស្សជាច្រើន កំពុងលើកទឹកចិត្តខ្ញុំ និងចង់ឃើញខ្ញុំញញឹម។

២. ហេតុអ្វីត្រូវខ្វល់ ពីមនុស្សតែម្នាក់ ដែលមិនស្រលាញ់ខ្ញុំ បើខ្ញុំមានមនុស្សជាច្រើនទៀត ដែលយកចិត្តទុកដាក់ចំពោះខ្ញុំ។

៣. បើគេមើលមិនឃើញពីតម្លៃ ដែលយើងផ្តល់ឱ្យគេ យើងគួរយកតម្លៃនោះ ទៅប្រគល់ឱ្យអ្នកផ្សេង ដែលមើលឃើញ និងឱ្យតម្លៃវា។

៤. ការឈឺចាប់នេះ នឹងបាត់ទៅវិញ ព្រោះខ្ញុំកំពុងជួយខ្លួនឯង ឱ្យរឹងមាំ

៥. ទោះខ្ញុំបន្តខូចចិត្ត ក៏អ្នកដែលធ្វើឱ្យខ្ញុំខូចចិត្ត មិនអើពើជាមួយខ្ញុំដែរ ដូច្នេះ ខ្ញុំត្រូវតែជួយខ្លួនឯង កុំឱ្យខូចចិត្តទៀត

៦. ខ្ញុំបាត់បង់គេនៅពេលនេះ វាល្អជាងបាត់បង់គេ នៅពេលក្រោយ ព្រោះវាមិនធ្វើឱ្យខាតពេលវេលា នៅថ្ងៃមុខរបស់ខ្ញុំ

៧. ការបាត់បង់គេ ជាឱកាសដែលធ្វើឱ្យខ្ញុំ អាចរកមើលអ្នកផ្សេង ដែលល្អជាងគេ។

៨. គេមិនទាន់ក្លាយជាមនុស្សចុងក្រោយ របស់ខ្ញុំនោះទេ ដូច្នេះ អ្នកចុងក្រោយ ត្រូវតែជាមនុស្ស ដែលមិនធ្វើឱ្យខ្ញុំខូចចិត្ត។

៩. ទឹកភ្នែករបស់ខ្ញុំយំ មិនគួរយំ ដើម្បីមនុស្សដែលមិនត្រូវការខ្ញុំនោះទេ។

១០. ពេលវេលាដែលខ្ញុំចំណាយលើមនុស្សខុស វាជាមេរៀនសម្រាប់ខ្ញុំ ឱ្យពិនិត្យឱ្យបានច្បាស់ កុំឱ្យរើសខុសទៀត

១១. កុំខូចចិត្តយូរពេក ខ្ញុំត្រូវទុកពេលវេលាដែលមានតម្លៃ ដើម្បីពង្រឹងខ្លួនឯងឱ្យរឹងមាំឡើងវិញ។

១២. ខ្ញុំយំ គេសើច វាអយុត្តិធម៌ពេកហើយ។ ដូច្នេះ ខ្ញុំក៏ត្រូវតែសើចដែរ ព្រោះសប្បាយចិត្តដែលភ្លឺភ្នែកពេលដឹងថាគេមិនសាកសមសម្រាប់ខ្ញុំ។

១៣. ខ្ជះខ្ជាយពេលវេលាលើមនុស្សខុសហើយ ហេតុអីខ្ញុំត្រូវខ្ជះខ្ជាយពេលវេលាមកអង្គុយខូចចិត្តទៀត។ ដល់ពេលដែលត្រូវរឹងមាំឡើងវិញហើយ។

១៤. ស្នេហា មិនមែនជារឿងអាទិភាព ដែលត្រូវយកមកដាក់ នៅលំដាប់ទីមួយទេ។ អ្វីដែលត្រូវគិតនៅពេលនេះ គឺចំណាយពេលជាមួយគ្រួសារ និងការងារ ឱ្យបានល្អ។

១៥. ស៊ូឡើងណា! ខ្ញុំត្រូវតែរឹងមាំ ដើម្បីមនុស្សជាច្រើនទៀត ដែលស្រលាញ់ខ្ញុំ។ កុំទន់ជ្រាយដោយសារតែមនុស្សម្នាក់ ដែលបំផ្លាញទឹកចិត្តយើង៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។

Tags: How MakeLove