ស្នេហា

៦ចំណុច​បង្ហាញ​ថា ទោះ​មាន​សង្សារ​ថ្មី ក៏​ភ្លេច​អ្នក​ចាស់​មិន​បាន

ក៏​ភ្លេច​អ្នក​ចាស់​មិន​បាន ៖ វាអាចជារឿងកម្រសម្រាប់មនុស្សស្រី ដែលបានជួបមនុស្សប្រុស ដែលស្រលាញ់នាង ជាស្នេហាគ្រាដំបូង។ ទម្រាំគេមកជួបនឹងយើង គេអាចធ្លាប់ខូចចិត្ត គេអាចជាមនុស្សដែលឈឺចាប់ខ្លាំង ដោយសារបាត់បង់ស្នេហា លើកទីមួយ។ ជាការពិតណាស់ មនុស្សស្រី តែងចង់ឱ្យបុរសដែលខ្លួនស្រលាញ់ ទុកនាងជាមនុស្សសំខាន់បំផុតក្នុងបេះដូង ហើយវាក៏ជារឿង ដែលមិនអាចទទួលយកបាន ប្រសិនបើនាងដឹងថា ក្នុងបេះដូងបុរស ដែលស្រលាញ់នាង បែរជានៅសល់ចំហាយ ពីស្នេហាចាស់។

ខាងក្រោមនេះ ជាសញ្ញាមួយចំនួន ដែលអ្នកអាចសង្កេតបានថា សង្សាររបស់អ្នក នៅតែនឹកអ្នកចាស់៖

១. គេនៅទុករូបថត របស់សង្សារចាស់

គេមិនដាច់ចិត្ត លុប រូបថតរបស់សង្សារចាស់ ចេញពីទូរសព្ទដៃ ឬកុំព្យូទ័រ។ ប្រសិនបើយើងបានឃើញរូបទាំងនោះ ហើយចចែសចង់ឱ្យគេលុប នោះគេប្រាកដជាមិនសប្បាយចិត្ត ជាមួយយើងនោះទេ។

២. លើកពីចំណុចល្អ របស់សង្សារចាស់ នៅពេលឈ្លោះគ្នា

គ្រប់ពេល ដែលអ្នកទាំងពីរឈ្លោះគ្នា ឬអ្នកធ្វើអ្វីមួយខុស ឬក៏អ្នករករឿងគេ ដោយសារតែប្រចណ្ឌគេ ជាមួយអ្នកចាស់ គេក៏ចាប់ផ្តើមមួម៉ៅ ហើយលើកពីអ្នកចាស់ ថាអ្នកចាស់របស់គេ មិនដែលធ្វើបែបហ្នឹង ឬបែបនេះដាក់គេនោះទេ។

៣. គេមិនសប្បាយចិត្ត នៅពេលទៅកន្លែង ដែលធ្លាប់មានអនុស្សាវរីយ ជាមួយអ្នកចាស់

ពេលទៅដល់កន្លែងណា ដែលគេធ្លាប់ទៅ ជាមួយសង្សារចាស់របស់គេ គេក៏ប្រែទៅជាស្រពាប់ស្រពោន ឬគ្មានចំណាប់អារម្មណ៍ ក្នុងការដើរលេងកម្សាន្ត ឬនៅក្បែរអ្នក ដោយអារម្មណ៍រីករាយនោះទេ។ ពេលខ្លះ បើសិនបបួលគេថតជាមួយ គេក៏ប្រឹងញញឹម ទាំងកំពុងមានទុក្ខ ក្នុងចិត្ត។

៤. គេនៅចាប់អារម្មណ៍ ពីរឿងផ្ទាល់ខ្លួន របស់សង្សារចាស់

គ្រប់ពេលដែលឮនរណាម្នាក់ ឬអ្នកដែលធ្លាប់ដឹង ពីទំនាក់ទំនងរវាងគេ និងសង្សារចាស់ ហើយយករឿងសង្សារចាស់ មកចែករំលែក គេតែងចង់ដឹងពីនេះ ពីនោះ ឬមានសំណួរបន្ថែមទៀត ពីព័ត៌មានដែលពាក់ព័ន្ធ នឹងសង្សារចាស់របស់គេ ជាពិសេសគឺសុខទុក្ខរបស់នាង ឬថាតើនាងមានសង្សារថ្មី ឬរៀបការហើយឬនៅ។

៥. គេនៅរក្សាទុក របស់ដែលសង្សារចាស់ ធ្លាប់ទិញឱ្យ

ពេលខ្លះ សម្រាប់មនុស្សដែលអស់ចិត្តពីគ្នា រមែងមិនចង់ទុករបស់ ដែលពាក់ព័ន្ធនឹងស្នេហាអតីតនោះទេ ព្រោះនឹងធ្វើឱ្យសាមីខ្លួន នឹកឃើញរឿងចាស់ ហើយមិនសប្បាយចិត្ត។ តែបើសិនគេ នៅតែរក្សារបស់នោះ វាស្មើនឹងគេ នៅតែចង់រំឭក ពីអនុស្សាវរីយចាស់ និងមិនដាច់ចិត្ត បោះរបស់នោះចោល។

៦. ឧស្សាហ៍រំឭកពីទំនាក់ទំនង ឬសកម្មភាពរវាងគេ និងសង្សារចាស់

ជារឿយៗ ពេលនៅក្បែរអ្នក គេរំឭកពីទំនាក់ទំនងរវាងគេ និងសង្សារចាស់ ទោះបីមានចំណុចល្អ ឬចំណុចអាក្រក់ក្តី អំពីសង្សារចាស់ តែក៏បញ្ជាក់បានថា គេមិនទាន់ភ្លេចម្នាក់នោះ បាននៅឡើយ។

ទាំង៦ចំណុចខាងលើ បង្ហាញយ៉ាងច្បាស់ថា មិត្តប្រុសរបស់អ្នក នៅតែនឹកដល់សង្សារចាស់របស់គេ។ រីឯភាគីខាងបុរសវិញ ប្រសិនបើដឹងខ្លួនថា អ្នកកំពុងមានចំណុចទាំងអស់នេះហើយ អ្នកក៏ត្រូវតែទទួលស្គាល់ថា អ្នកមិនទាន់ភ្លេចស្នេហាអតីតរបស់អ្នក បាននៅឡើយទេ។ ដូច្នេះ បើសិនអ្នកចង់ឱ្យទំនាក់ទំនង របស់អ្នកជាមួយអ្នកថ្មី មិនមានបញ្ហាអ្វីនោះ ជាពេលដែលអ្នកត្រូវគិតឡើងវិញ ថាតើគួរបន្តនឹកអ្នកចាស់ ឬចាប់ផ្តើមឱ្យល្អ ជាមួយអ្នកថ្មី៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។