ជីវិតប្រចាំថ្ងៃ

«ចង់​សម្លាប់​ខ្លួន​»ឬ? ចូរ​ស្វែង​​យល់​ពី​​ដំណោះស្រាយ!

គំនិត«ចង់​សម្លាប់​ខ្លួន​» អាចកើតមានជារឿងធម្មតា សម្រាប់បុគ្គលខ្លះ ដែលតានតឹងចិត្តខ្លាំង ឬមានអារម្មណ៍ថា​អស់សង្ឃឹម តែវាក៏បាត់ទៅវិញ បន្ទាប់ពីស្ថានភាពផ្លូវចិត្ត របស់គេបានធូរស្រាល ខណៈពេលដែលបុគ្គល​មួយចំនួន​ទៀត បានរៀបចំផែនការ ឬអាចឈានទៅដល់​​ការធ្វើអត្តឃាត បានសម្រេច។

កន្លងមក យើងបានឃើញការផ្សាយព័ត៌មានមួយចំនួនអំពីករណីសម្លាប់ខ្លួន មានដូចជាការចងក លេបថ្នាំ បាញ់​កាំភ្លើង ឬលោតទឹកជាដើម ដែលទាំងអស់នោះ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន គ្រួសារ បំណុល បែកបាក់ស្នេហា ជំងឺរ៉ាំរ៉ៃ សម្ពាធផ្លូវចិត្ត ឬកត្តាខាងក្រៅផ្សេងទៀត។

ហេតុអ្វីបានជាមនុស្សមានគំនិត«ចង់​សម្លាប់​ខ្លួន​»?

ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួន ដែលអាចកើតឡើង ចំពោះបុគ្គល ដែលមានគំនិតចង់សម្លាប់ខ្លួន៖

  • មានអារម្មណ៍អស់សង្ឃឹម
  • មានអារម្មណ៍ឈឺចាប់ខ្លាំងដែលមិនអាចទ្រាំបាន
  • មានអារម្មណ៍អាម៉ាស់ ឬយល់ថាខ្លួនឯងមានកំហុសដែលមិនអាចអត់ឱនឱ្យបាន
  • មានបញ្ហាធ្លាក់ទឹកចិត្ត
  • ភាពឯកាធ្ងន់ធ្ងរ
  • គិតថាខ្លួនឯង ជាមនុស្សអត់បានការ ឬជាបន្ទុករបស់នរណាម្នាក់
  • មានវិប្បដិសារី និងយល់ថាខ្លួនឯងសមតែស្លាប់

ប្រសិនបើអ្នកកំពុងមានគំនិត ចង់សម្លាប់ខ្លួន ឬមានរោគសញ្ញាមួយចំនួន ដូចបានរៀបរាប់ខាងលើ ដែលអាចធ្វើឱ្យ​អ្នកឈាន ទៅរកការសម្លាប់ខ្លួន សូមព្យាយាមជួយខ្លួនឯងដូចខាងក្រោម៖

១. ផ្លាស់ប្តូរគំនិត«ចង់​សម្លាប់​ខ្លួន​»របស់អ្នក៖

មនុស្សដែលកំពុងមានគំនិត ចង់សម្លាប់ខ្លួន តែងមានគំនិតអវិជ្ជមាន ជាប់ជានិច្ច។ ដូច្នេះ ព្យាយាមរំឭកខ្លួនឯង ពីចំណុច​ល្អៗឱ្យបានច្រើន។ ស្រលាញ់ខ្លួនឯង គឺស្មើនឹងការទុកឱកាស ឱ្យខ្លួនឯងរស់។ លើកទឹកចិត្តខ្លួនឯង និងកុំបោះបង់​ក្តីសង្ឃឹមរបស់ខ្លួន។

២. ពន្យារពេលសម្លាប់ខ្លួនសិន

ប្រសិនបើអ្នកមានគំនិតចង់ធ្វើអត្តឃាត គ្រាន់តែប្រាប់ខ្លួនឯងថា អ្នកនឹងធ្វើវា នៅអាទិត្យក្រោយ។ ក្នុងកំឡុង​ពេល​រង់ចាំ ថ្ងៃដែលអ្នករៀបចំផែនការសម្លាប់ខ្លួន គំនិតអវិជ្ជមាន អាចនឹងបាត់ទៅវិញ ដោយខ្លួនឯង ឬបន្ទាប់ពីអ្នក​មាន​ឱកាស នឹងគិតឡើងវិញថា ការស្លាប់មិនមែនជាជម្រើសដ៏ល្អនោះទេ។ គ្រាន់តែបោះបង់នូវគំនិតអវិជ្ជមានណា​មួយ ដែលអ្នកមាន នឹងផ្តល់ឱ្យអ្នកនូវពេលវេលា ដើម្បីទៅរកអ្នកណាម្នាក់ ជាជំនួយក្នុងការស្វែងរកមើលការរំខាន ឬដើម្បី​ចាប់ផ្តើមមើលពិភពលោក ក្នុងផ្លូវល្អជាងមុន។

៣. ស្វែងរកជំនួយជាបន្ទាន់

ពេលខ្លះអ្នកអាចគិតថា វាហាក់ដូចជាគ្មាននរណាម្នាក់នៅក្នុងពិភពលោកនេះ អាចជួយអ្នកបានទេ ប៉ុន្តែប្រហែលជា ដោយសារអ្នកមិនឱ្យពួកគេជួយអ្នក។ ប្រសិនបើអ្នកប្រាប់មិត្តភក្តិរបស់អ្នកថា អ្នកមានអារម្មណ៍បែបណានោះ ពួកគេ​ធានាថា នឹងជួយអ្នក។ នោះ គឺប្រសិនបើអ្នកអនុញ្ញាត ឱ្យពួកគេ។

នេះអាចយល់បានថា អ្នកប្រហែលជា​មិនចង់បាន ជំនួយរបស់អ្នកណាម្នាក់នោះទេ ហើយនោះ គឺអ្នកអាចទទួល​យក​បានទាំងស្រុង នូវការសម្រេចចិត្ត​របស់អ្នក។ ប៉ុន្តែអ្នក​មិនអាចរក្សាការគិតបែបនេះ នៅក្នុងគំនិតរបស់អ្នក ជារៀង​រហូតទេ។ ដូច្នេះ ចូរណាត់ជួប ឬទូរសព្ទទៅ​នរណា​ម្នាក់ ដែលអាចស្តាប់រឿង ក្នុងចិត្តរបស់អ្នកបាន។

៤. គិតដល់មនុស្សដែលស្រលាញ់អ្នកនិងខ្វល់ពីអ្នក

ជាការពិត មូលហេតុមួយក្នុងចំណោមហេតុផល ដែលមនុស្សមានគំនិតចង់ធ្វើអត្តឃាត គឺដោយសារពួកគេ​មាន​អារម្មណ៍ថា គ្មាននរណាម្នាក់ខ្វល់ខ្វាយ អំពីពួកគេនោះទេ។ សូមប្រាកដថា អ្នកប្រហែលជាមិនមានអារម្មណ៍ថា អ្នកមានមិត្ដភក្ដិពិតប្រាកដ ហើយអ្នកមិនមានចំណងគ្រួសាររឹងមាំនោះទេ។ ប៉ុន្ដែនោះ មិនមានន័យថាគ្មាននរណាម្នាក់ ដែលយកចិត្ដទុកដាក់ ចំពោះអ្នកឡើយ សូម្បីតែអ្នកជិតខាងម្នាក់ មិត្តរួមថ្នាក់ឬ មិត្តរួមការងារ។ ប្រសិនបើអ្នកគិត​អវិជ្ជមាន វាជារឿងធម្មតាទេ ដែលគិតថាគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះរូបអ្នក។

៥. គិតដល់កិច្ចការផ្សេងទៀត ដែលអ្នកត្រូវធ្វើ

សូមចំណាយពេល គិតដល់ការងារជាច្រើនទៀត ដែលអ្នកត្រូវធ្វើ ឬមិនទាន់ធ្វើរួចនៅឡើយ។ ឧទាហរណ៍ ដូចជា អ្នកត្រូវមើលថែ ឪពុកម្តាយរបស់អ្នក ការងារដែលអ្នកស្រលាញ់ កំពុងរង់ចាំអ្នក អ្នកមានគម្រោង រៀបចំផែនការ​អនាគត ជាមួយមនុស្ស ជាទីស្រលាញ់របស់អ្នក។ល។ ទាំងនេះ ស បញ្ជាក់ថា អ្នកមានហេតុផលជាច្រើន ដែល​ត្រូវរស់នៅ​បន្តទៀត។

៦. កុំមានអារម្មណ៍ថា ខ្លួនឯងមានកំហុស ឬខ្មាសអៀន ចំពោះគំនិតរបស់ខ្លួន

ត្រូវចាំថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ ការជ្រើសរើសផ្លូវស្លាប់ ក៏មិនមែនជាការកំណត់ទោស ចំពោះមនុស្ស​ដែលមានអារម្មណ៍ថា ខ្លួនឯងធ្វើខុសនោះដែរ។ ធម្មជាតិនៃមនុស្ស ចៀសមិនផុតពីការបង្កើតកំហុស តែសូមប្រាប់​ខ្លួនឯងថា អ្នកនៅតែមានឱកាស ក្នុងការកែប្រែកំហុសទាំងនោះបាន។

៧. ធ្វើអ្វីមួយដើម្បីបន្លប់គំនិត«ចង់​សម្លាប់​ខ្លួន​»

សូម្បីតែការរកវិធី ដើម្បីបំបែរអារម្មណ៍អវិជ្ជមានរបស់អ្នក ដោយការធ្វើយូហ្កា ឬផឹកតែ ជជែកជាមួយមិត្តភក្តិជិតស្និទ្ធ ក៏អាចជួយអ្នកឱ្យជៀសវាង ពីគំនិតធ្វើអត្តឃាតទាំងនេះ។ អ្នកថែមទាំងអាចធ្វើបញ្ជីអំពីកិច្ចការ ឬសកម្មភាព​ទាំង​ឡាយ ដែលអ្នកអាចធ្វើ ដើម្បីរំខានខ្លួនអ្នក ឬរាល់ពេលដែល អ្នកមានគំនិតចង់សម្លាប់ខ្លួន អ្នកអាចបើកមើល​ទំព័រទាំង​នោះ ហើយនឹងដឹងថា អាចធ្វើអ្វីបានខ្លះជាំការបន្លប់ គំនិតដែល«ចង់​សម្លាប់​ខ្លួន​»។

៨. ជជែកជាមួយអ្នកប្រឹក្សាយោបល់

ប្រសិនបើអ្នកកំពុងមានគំនិត ចង់សម្លាប់ខ្លួន ហើយអ្នកមិនអាចជួយខ្លួនឯងបាន អ្នកអាចជជែក ពីបញ្ហាទាំងអស់នេះ ជាមួយអ្នកប្រឹក្សាយោបល់ ដែលគេអាចជួយអ្នក ក្នុងការរុករកនូវដំណោះស្រាយជាវិជ្ជមាន សម្រាប់អ្នកបាន៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។