ជីវិតប្រចាំថ្ងៃ

ឪពុកម្តាយ​ត្រូវ​ផ្តល់​រង្វាន់ និង​ដាក់​ពិន័យ​ចំពោះ​កូន​ខ្លួន​បែបណា?

ឪពុកម្តាយ​ត្រូវ​ផ្តល់​រង្វាន់ និង​ដាក់​ពិន័យ​… ៖ ឪពុកម្តាយផ្សេងគ្នា នឹងមានទស្សនៈផ្សេងគ្នា អំពីវិធីល្អបំផុត ដើម្បីលើកទឹកចិត្តកូនៗ ឱ្យផ្លាស់ប្តូរអាកប្បកិរិយា របស់ពួកគេ។

ខណៈពេលដែលកុមារតូចៗ អាចនឹងធ្វើអ្វីមួយបានល្អ ហើយទទួលបានរង្វាន់ ហើយកូនៗធំៗ ខ្លះទទួលបានការឆ្លើយតប ពីឪពុកម្តាយ ក្នុងការចេញទៅលេងនៅខាងក្រៅ កុមារដទៃទៀត បែរជាមិនទទួលបាន នូវការផ្តល់ឱ្យរបៀបនេះទេ។

មានតែអ្នកទេ ដែលដឹងអំពីអ្វីដែលមានប្រសិទ្ធភាព សម្រាប់កូនៗរបស់អ្នក ប៉ុន្តែនៅទីនេះមានចំណុចចខ្លះ ដែលអ្នកត្រូវគិត៖

  • សរសើរកូនៗរបស់អ្នក ទោះបីជាពួកគេ បានធ្វើរឿងតូចតាច ក៏ដោយ។
  • ផ្តល់រង្វាន់ ចំពោះឥរិយាបថវិជ្ជមាន របស់កូនអ្នក ហើយសួរថា តើអ្វីទៅគួរតែជារង្វាន់ដ៏ល្អ សម្រាប់ពួកគេ។
  • ចៀសវាងនូវការសម្រេចចិត្ត ដោយតក់ក្រហល់ នៅពេលដែលអ្នកខឹង។
  • និយាយជាមួយកូនរបស់អ្នក អំពីហេតុផលនៃការផ្តល់រង្វាន់ និងផលវិបាក នៃអាកប្បកិរិយារបស់ពួកគេ ដើម្បីឱ្យពួកគេបន្តធ្វើ នូវសកម្មភាពល្អៗ ហើយកែប្រែនូវចំណុច ដែលមិនល្អ។
  • ចំណាយពេលស្តាប់នូវអ្វី ដែលកូនរបស់អ្នកកំពុងនិយាយ ហើយពន្យល់ពួកគេ អំពីអារម្មណ៍ដែលអ្នកកំពុងមាន។
  • ធ្វើជាគំរូសម្រាប់កូនៗ ហើយកុំធ្វើទង្វើណា ដែលអ្នកមិនឱ្យកូនរបស់អ្នកធ្វើ។

ការវាយកូនៗរបស់អ្នក មិនមែនជាគំនិតល្អនោះទេ

គំនិតស្តីពីការចិញ្ចឹមកូន បានផ្លាស់ប្តូរ ហើយឥឡូវយើងដឹងច្រើន អំពីផលប៉ះពាល់នៃការវាយកូនៗ។ ការវាយ អាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្មេង និងធ្វើឱ្យពួកគេឈឺចិត្ត។

កុមារដែលត្រូវបានឪពុកម្តាយវាយ ធ្វើឱ្យពួកគេតូចចិត្ត និងខឹង ហើយបំផ្លាញទំនាក់ទំនង រវាងឪពុកម្តាយនិងកូន។ វិធីនេះធ្វើឱ្យការចិញ្ចឹមកូន និងការដាក់ពិន័យកាន់តែលំបាកទៅៗ។ ការវាយកូន អាចធ្វើឱ្យឪពុកម្តាយ មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ហើយវាយកូនកាន់តែខ្លាំងឡើងៗ។

វិធីនេះ នឹងទាញយើងឱ្យត្រឡប់ក្រោយ ទៅមើលអំពីការធ្វើជាគំរូ របស់កូនៗ។ ប្រសិនបើអ្នកវាយកូនរបស់អ្នក ពួកគេអាចគិតថា នេះជាអាកប្បកិរិយា ដែលអាចទទួលយកបាន ហើយគេនឹងធ្វើដាក់អ្នកដទៃទៀត ដោយប្រើវិធីនេះដែរ។ ដើម្បីគេចផុត ពីការដាក់ទណ្ឌកម្មលើរាងកាយ ក្មេងអាចនិយាយកុហក ឬលាក់បំាងនូវអារម្មណ៍ ដែលពួកគេមាន។ ហើយពួកគេអាចនឹងបាក់ទឹកចិត្ត និងមិនធ្វើការអភិវឌ្ឍន៍ នូវភាពជាឯករាជ្យនោះទេ។

ចូរចាំថា

  • នៅពេលដែលអ្នកផ្តល់ ក្តីស្រលាញ់ ទៅឱ្យកូនៗរបស់អ្នក អ្នកនឹងទទួលបាននូវក្តីស្រលាញ់ ពីពួកគេត្រឡប់មកវិញ។
  • នៅពេលដែលអ្នកផ្តល់ ការដាក់ពិន័យធ្ងន់ៗ ឬស្រែក គំហក ឬវាយដំកូនរបស់អ្នក ក៏មានន័យថា អ្នកនឹងទទួលនូវអារម្មណ៍ខឹង និងតូចចិត្ត ពីកូនៗរបស់អ្នកត្រឡប់មកវិញ៕
ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។