សម្រស់

វិធីសាស្រ្ត​លើក​ទឹកចិត្ត សម្រាប់​ស្រីៗ​ដែល​គិត​ថា​ខ្លួន​មិន​ស្អាត​ដូច​គេ

សម្រាប់​ស្រីៗ​ដែល​គិត​ថា​ខ្លួន​មិន​ស្អាត​ដូច​គេ ៖ ទោះបីជាក្នុងទ្រឹស្តី និយាយថា រូបរាងខាងក្រៅស្អាត ក៏មិនទាន់​គ្រប់គ្រាន់ ស្មើនឹងចិត្តគំនិតខាងក្នុង យ៉ាងណា​ក៏ដោយ ក៏មនុស្សភាគច្រើន នៅតែឱ្យតម្លៃ លើអ្វីដែលគេ​មើលឃើញ​នឹងភ្នែក មុនអ្វីផ្សេងទៀត។

បើនិយាយពីរឿងរូបសម្បត្តិ មនុស្សស្រីអាចគិតលើរឿងនេះ ច្រើនជាងមនុស្សប្រុស ជាពិសេសគំនិតដែលចង់ស្អាត ឬតូចចិត្ត​ចំពោះរូប​សម្រស់ខ្លួនឯង តែងតែបំផ្លាញទឹកចិត្តនាងជារឿយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ត្រូវចាំថា គ្មាននរណាម្នាក់ កើតមកសុទ្ធតែស្អាត ឬល្អគ្រប់ដប់នោះទេ។

ខាងក្រោមនេះ គឺជាវិធីមួយចំនួន ក្នុងការជួយអ្នកឱ្យមើលឃើញពីតម្លៃខ្លួនឯង ជាជាងការផ្តោតតែលើរូបសម្បត្តិ។

១. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

ត្រូវគិតថា គេមានចំណុចស្អាតរបស់គេ ហើយយើងក៏មាន​ចំណុចស្អាត របស់យើងដែរ។ ភាពស្អាតនៃរូបសម្រស់ មិនមែនមានន័យថា ទាល់តែអ្នកមានភ្នែកធំ ច្រមុះស្រួច ធ្មេញត្រង់ជួរ ទើបហៅថាស្អាតនោះទេ។ ចួនកាលអ្នកអាច​មានភ្នែកតូចៗ ដែលមើលទៅ គួរឱ្យស្រលាញ់ ឬពេលខ្លះ អ្នករវល់តែពិបាកចិត្ត ពីរូបសម្រស់ហើយភ្លេចញញឹម ទើបមិនដឹងថា ពេលអ្នកញញឹមម្តងៗ ស្រស់ស្អាត និងគួរឱ្យស្រលាញ់ប៉ុនណា។

២. ផ្តោតលើចំណុចខ្លាំងដែលយើងមាន

ទោះរូបសម្រស់យើងចាញ់គេ តែយើងក៏នៅមានគុណសម្បត្តិផ្សេងទៀត។ ឧទាហរណ៍ យើងពូកែធ្វើម្ហូប ឬពូកែ​ធ្វើឱ្យ​មនុស្សនៅជុំវិញខ្លួនរីករាយ។ មនុស្សគ្រប់គ្នា តែងតែមានភាពខ្លាំងខុសៗគ្នា។ ប្រសិនបើអ្នកចេះតែតូចចិត្ត​ពីរូប​សម្រស់ អ្នកនឹងភ្លេចនឹកឃើញ ដល់ភាពខ្លាំងផ្សេងទៀត ដែលអ្នកមាន។ ចូរប្រាប់ខ្លួនឯងថា ទោះអ្នកមិនសូវស្អាត តែអ្នកជាមនុស្សចិត្តល្អ អ្នកចូលចិត្តជួយអ្នកដទៃ អ្នកពូកែតែងនិពន្ធ អ្នកមានសំឡេងពីរោះ។ល។

៣. ចិត្តគំនិតស្អាត ទើបមានតម្លៃ

មានមនុស្សមួយចំនួនមានរូបសម្បត្តិល្អស្អាត តែខ្វះចរិយាមារយាទ។ ដូច្នេះ ត្រូវចាំថា មានតែភាពស្អាត​ចេញពី​ខាងក្នុងទេ ទើបមានតម្លៃពិតប្រាកដ។ ភាពស្អាតផ្នែកខាងក្រៅ មិនស្ថិតស្ថេរនោះទេ មនុស្សយើងចៀស​មិនផុត​ពីចាស់ ស្បែកជ្រួញឡើយ។ ដូច្នេះ ការរក្សាទឹកចិត្តល្អបរិសុទ្ធ ទើបជារឿងស្ថិតស្ថេរយូរអង្វែង។

៤. ផ្តោតលើការងារ

សម័យឥឡូវ គេឱ្យតម្លៃលើមនុស្ស ដែលមានសមត្ថភាព។ កុំអាល័យតែតូចចិត្ត នឹងរូបសម្បត្តិខ្លួនឯង តែគួរ​ចំណាយ​ពេលពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំង នោះភាពខ្លាំងនេះ នឹងលប់លើរូបសម្បត្តិរបស់យើង ហើយគ្រប់គ្នានឹង​ស្ញប់ស្ញែង ចំពោះអ្វីដែល​អ្នកសម្រេចបាន៕

ក. ផាន់ណា

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ កញ្ញា ផាន់ណា មានជំនាញខាងកិច្ចការសង្គម យុវវ័យ គូស្រករ និងខាងប្រលោមលោក ឬរឿងខ្លី។