នគរ ស្ថាបត្យកម្ម

ព្រលានបុរាណ នៃក្រុង«Vérone» ភាគខាងជើង​អ៊ីតាលី

សង្វៀនកីឡា ឬព្រលានប្រកួតកីឡា ដែលមានវ័យ​ដ៏ចំណាស់មួយនេះ ស្ថិតនៅកណ្ដាលក្រុង​«Vérone» នៃខេត្ត«Vénétie» (ប្រទេសអ៊ីតាលី)។ វាត្រូវបានសង់ឡើង នៅឆ្នាំ៣០ នៃគ្រឹះសករាជ នាសម័យកាល​ចក្រភពរ៉ូម «ROME» ដ៏ខ្លាំងក្លា។ នៅពេលសាងសង់រួច ព្រលាននេះ មានកំពស់​៣២ម៉ែត្រ បើមើលពីក្រៅ មាន២ជាន់ និងអាចទទួលមនុស្ស ឲ្យមកអង្គុយ​ជាថ្នាក់ៗ បានចំនួន​៣ម៉ឺននាក់។

ដូចព្រលានបូរាណផ្សេងទៀតដែរ ព្រលានក្រុង «Vérone» មួយនេះ មានរាងពងក្រពើ ដោយមានអង្កត់ផ្ចិតវែង ១៥២ម៉ែត្រ និងអង្កត់ផ្ចិតខ្លី ១២៣ម៉ែត្រ។

នៅឆ្នាំ១១១៧ វាត្រូវបានបំផ្លាញ សឹងតែរាបដល់ដី ដោយសារគ្រោះរញ្ជួយដី ដ៏ខ្លាំងមួយ។ បន្ទាប់មក គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៨០៥ ទើបព្រលានបុរាណនេះ ត្រូវបានជុសជុល និងសាងសង់ឡើងវិញ ក្រោមការដឹកនាំគម្រោង របស់ឧត្ដមសេនីយ៍បារាំងមួយរូប នៃសម័យកាល«ចក្រភពបារាំងទី១»(*)។

មកដល់សព្វថ្ងៃនេះ ការជុសជុលនៅតែបន្តធ្វើ ដើម្បីរក្សាឲ្យបាន នូវរូបរាងដើមរបស់វា។

បើទោះជាអតីតសង្វៀនកីឡា គឺភស្ដុតាងនៃប្រវត្តិសាស្ត្រ ដ៏អាស្ចារ្យមួយក៏ដោយក្ដី ក៏ព្រលានបុរាណ នៅរក្សាភាពរឹងមាំរបស់វា និងតែងត្រូវបានយកមកប្រើប្រាស់ ជាញឹកញាប់ ដើម្បីធ្វើជា​ទីលានជួបជុំ ​នៃពិធីបុណ្យអ្វីមួយ ក្នុងនោះមានការ​ប្រគុំតន្ត្រី ការសម្ដែងសិល្បៈ​ មហោស្រពប្រចាំតំបន់ ឬការកម្សាន្ដផ្សេងៗជាដើម។

ហើយកម្មវិធីដ៏ពិសេសមួយ ដែលនឹងត្រូវយកមកប្រារព្ធ នៅក្នុងព្រលានបុរាណនេះ គឺពិធីបិទបញ្ចប់កីឡាអូឡាំពិក សិសិររដូវ នាឆ្នាំ២០២៦ខាងមុខ៕

(*) ចក្រភពបារាំងទី១ នៃរជ្ជកាលព្រះចៅ​អធិរាជ ណាប៉ូឡេអុង បូណាប៉ាត្រ៍ (Napoléon Bonapatre) ដែលបាន​វាយកាន់កាប់ទឹកដី សឹងតែទាំងអស់ ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច​។

ដ.កែវ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។