របាយការណ៍

ពេល​«សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់»​ដើរជួប​មន្ត្រីខ្មែរ ក្នុងដំណើរឯកជន…

បើមើលមួយភ្លែត គេច្បាស់ជាហើបខ្លួន ចេញពីកៅអី! សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់ បាន​ដើរជួប​​​ជាមួយ​មន្ត្រីរដ្ឋាភិបាលកម្ពុជា​ច្រើននាក់ ដូចជាអ្នកស្រី ម៉ែន សំអន – លោក ហ៊ុន ម៉ាណែត និង​ព្រះសង្ឃ ទេព វង្ស ជាដើម ហើយបានចេញមកសន្យាថា នឹង​«ជួប​ពិភាក្សា ​ជាមួយ​ប្រទេស​សមាជិក​​សហភាពអឺរ៉ុប ដើម្បីឱ្យ​ពួកគេ​ពិនិត្យ​ឡើងវិញ ចំពោះ​ការដាក់​សម្ពាធ មកលើកម្ពុជា ក្រោមលេស​ចោទប្រកាន់​​ពីសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិ​ប្រជាធិបតេយ្យ»។

ការសន្យាខាងលើ ដែលទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងក្លាពីសំណាក់ប្រព័ន្ធ​ឃោសនា​​ក្នុង​ស្រុក ដែលស្និតនឹងរបបដឹកនាំនៅកម្ពុជា មុននឹងលោក​សមាជិក​ព្រឹទ្ធសភា​បារាំងរូបនេះ ចុះទៅកំសាន្ដនៅឯឆ្នេរសមុទ្រ ក្នុងខេត្តកែបភាគនារតីនៃប្រទេស ដោយ​មានរថយន្ដនគរបាល បើកផ្លូវជូនផង។

ហើយ​គេអាច​នឹង​ភ្ញាក់ ធ្លាក់ចេញពីកៅអី​ថែម​ទៀត នៅពេលគេដឹងថា សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវបាន​ទទួលយ៉ាង​រាក់ទាក់ នៅក្នុង​ប្រទេសកម្ពុជា ត្រូវបាន​អាជ្ញាធរ​បារាំង​សង្ស័យ និងហៅទៅសួរចម្លើយ កាល​ពី​ថ្ងៃពុធទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៩ថ្មីៗ ពីបទ​«លួចបង្វិលហិរញ្ញវត្ថុសាធារណៈ» និងបទ​«ទទួលផល​ប្រយោជន៍​ដោយខុសច្បាប់»។

លោក ហ្វ្រង់ស្វ័រ ហ្គ្រូសឌីឌីយេ (François Grosdidier) សមាជិកព្រឹទ្ធសភាមកពី​គណបក្ស​អ្នកសាធារណរដ្ឋបារាំង (Les Républicains) បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កាល​ពី​សប្ដាហ៍កន្លងទៅ ដើម្បីគាំទ្រសកម្មភាពរបស់សមាគមមួយឈ្មោះ «កុមារជ័យ» ដែល​មានទីតាំងក្នុងតំបន់ «Moselle» ប្រទេសបារាំង (តំបន់ដែលលោក ហ្រូសឌីឌីយេ ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា)។ សមាគមនោះ បានផ្គត់ផ្គង់ថ្នាក់រៀនមួយ នូវ​ការសិក្សា​បែបបារាំង ក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

គឺលោក ហ្វ្រង់ស័រ ហ្គ្រូសឌីឌីយេ ខ្លួនលោកជាអ្នកអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុក​របស់​លោក និង​បានឲ្យ​ដឹង​ទៀតថា លោកមានកិត្តិយសណាស់ ដែលបានជួបមន្ត្រីរដ្ឋាភិបាល​កម្ពុជា ជាច្រើននាក់​រាប់តាំងពី​អ្នកស្រី មែន សំអន – លោក មុំ ជីមហ៊ុយ – អ្នកស្រី ទី បូរ៉ាស៊ី – លោក ហ៊ុន ម៉ាណែត និងសម្ដេចសង្ឃ ទេព វង្ស។

ហើយមិនខុសពីខ្សែបន្ទាត់នយោបាយ របស់របបដឹកនាំក្រុងភ្នំពេញទេ ព្រោះបន្ទាប់ពី​ត្រឡប់​​ទៅដល់​​ប្រទេស​បារាំងវិញ លោក ហ្គ្រូសឌីឌីយ៉េ បានអះអាងថា លោកចូលរួមចែក​រំលែក ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល​កម្ពុជាទាំងនោះ ហើយថា សហភាពអ៊ឺរ៉ុប មិន​អាចបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើមោឃភាព​ទៅលើការសម្រេច របស់តុលាការកំពូល​នោះ​បាន​ទេ (ក្នុងករណីរំលាយគណបក្សប្រឆាំង)។

សមាជិកព្រឹទ្ធសភារូបនេះ បានរៀបរាប់បន្ថែមថា ជីវភាពនយោបាយ​នៅ​កម្ពុជា មិន​មែន​មាន​តែ​គណបក្សប្រជាជនកម្ពុជា ដែលកំពុង​កាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ដែលត្រូវបាន​រំលាយ​នោះ​ឡើយ ព្រោះមានគណបក្ស​«ជាងម្ភៃ»ផ្សេងទៀត ដែល​ជា​ករណី​«ដ៏កម្រ​នៅក្នុង​តំបន់» (SIC)។ លោកថា វាពិតជាចម្លែក​ណាស់​សម្រាប់​សហភាព​អ៊ឺរ៉ុប ដែលគ្រោងបែរខ្នង​ដាក់កម្ពុជា តែបែរជាងាក​ទៅចាប់ដៃ​ប្រទេសជិត​ខាង​កម្ពុជា ដែលមាន​ប្រព័ន្ធ​ដឹកនាំ​ឯកបក្ស ហើយថា ការប្រៀបធៀបកម្ពុជា​ជាមួយប្រទេស​វេណេស៊ុយអេឡា ពិតជាខុស​ពីការពិត​ទាំងស្រុង។

បន្ទាប់ពីគាំទ្រការបដិសេធរបស់រដ្ឋាភិបាលកម្ពុជា នូវរាល់ការជ្រៀតជ្រែកផ្ទៃក្នុង ពីសំណាក់​មហាអំណាច​ខាងក្រៅនោះ លោកសមាជិកព្រឹទ្ធសភាបារាំង ក៏បានទទួលស្គាល់​ដែរ​ថា ការសម្រេចចិត្តរបស់សហភាពអ៊ឺរ៉ុប ចំពោះគម្រោង​ព្យួរប្រទេសកម្ពុជា ចេញពី​កម្មវិធី​​អនុគ្រោះពន្ធ «EBA» ពិតជាបង្កផលប៉ះពាល់​សម្រាប់សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ប៉ះពាល់​​ទៅដល់​ការងារ​​របស់ស្ត្រីកម្ពុជា រាប់ម៉ឺនសែននាក់។

មន្ត្រី CNRP ថាលោក ហ្គ្រូសឌីឌីយេ មិនគួរជា«សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់»

ប៉ុន្តែការលើកឡើងរបស់លោក ហ្វ្រង់ស័រ ហ្គ្រូសឌីឌីយេ ដែលមានលក្ខណៈ​ជាការតម្រង់​តាម​ខ្សែបន្ទាត់នយោបាយ របស់របបដឹកនាំលោក ហ៊ុន សែន សព្វថ្ងៃ បានរងប្រតិកម្មខ្លាំងៗ ពីសំណាក់​មន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងប្រទេសបារាំង។ លោក ថៃ មករា មន្ត្រីសម្រប​សម្រួលរបស់គណបក្សនេះ​ក្នុងទ្វីបអ៊ឺរ៉ុប បានសំដែងការសោកស្ដាយ ក្នុងនាមលោកជា​ពលរដ្ឋ​បារាំង (ដែលមានដើមកំណើតខ្មែរ) ថាប្រទេសបារាំងមិនគួរមានលោក ហ្វ្រង់ស័រ ហ្គ្រូសឌីឌីយ៉េ ជាសមាជិកព្រឹទ្ធសភាសោះឡើយ។

លោក ថៃ មករា បានអះអាងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោក ហ្គ្រូសឌីឌីយេ គួរ​ទៅ​សិក្សា​ឲ្យបាន​ស៊ីជម្រៅ​អំពីបញ្ហាកម្ពុជា ជាជាងគ្រាន់តែ​បើកត្រជៀក​ស្ដាប់​ការសូត្រ​មេរៀន​​ឲ្យស្ដាប់ ពីសំណាក់​មន្ត្រីរដ្ឋាភិបាល​កម្ពុជា។ លោកថា លោកសមាជិក​​ព្រឹទ្ធសភា​ត្រូវ​ស្វែង​យល់​អំពី កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ស្ដីពីជម្លោះនៅកម្ពុជា ដែលត្រូវបាន​ចូលរួម​ចុះ​ហត្ថលេខា​​ដោយ១៨ប្រទេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ – កិច្ច​ព្រមព្រៀង​​​រវាង​សហភាពអ៊ឺរ៉ុប​​និង​ប្រទេ​ស​កម្ពុជា ទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធ «EBA» និង​ទំនាក់ទំនង​​​រវាងប្រទេសចិន​​​និងកម្ពុជា។

សម្រាប់មន្ត្រីជាន់ខ្ពស់​មួយរូប​នៅក្នុងព្រឹទ្ធសភាបារាំង ដែលស្នើសុំទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ មិន​ឲ្យ​បញ្ចេញ​ឈ្មោះ នៅបានហៅលោក ហ្វ្រង់ស័រ ហ្គ្រូសឌីឌីយេ ថាជាមនុស្ស​«ល្ងីល្ងើ»​ម្នាក់ ដែល​បានទាក់ទងជាមួយ​របបក្រុងភ្នំពេញ ហើយបិទភ្នែក​មិនមើលបញ្ហា​ជាច្រើន ដែលកើត​ឡើង​នៅក្នុងប្រទេសនេះ។ មន្ត្រីជាន់ខ្ពស់​បានសំដែងការហួសចិត្ត ចំពោះ​​ពាក្យសំដីខាងលើ របស់លោក ហ្គ្រូសឌីឌីយ៉េ ដោយអះអាងដូច្នេះថា៖

«សមាជិកម្នាក់របស់គណបក្សអ្នកសាធារណរដ្ឋ ដែលគួរតែប្រកាន់ជំហរសេរីនិយម តែបែរ​ជាទៅ​គាំទ្រ​របប​គ្រប់គ្រងមួយ ដែលដឹកនាំដោយអតីតមេទាហានខ្មែរក្រហមទៅវិញ។ ជួនកាល នៅព្រឹទ្ធសភា​បារាំង មាន​លក្ខណៈគួរឲ្យអស់សង្ឃឹម​ណាស់។»

គួរបញ្ជាក់ដែរថា កាលពីថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២១០៩ លោក ហ្គ្រូសឌីឌីយេ ត្រូវបាន​អាជ្ញាធរបារាំង ទទួលបន្ទុកស៊ើបអង្កេតក្នុងសំនុំរឿងពុករលួយ កោះហៅទៅសួរចម្លើយ ក្នុងនាមជាជនសង្ស័យ ពីបទ​«លួចបង្វិល​ហិរញ្ញវត្ថុ​សាធារណៈ» និងបទ​«ទទួលផល​ប្រយោជន៍​ដោយខុសច្បាប់» ជុំវិញសំណុំរឿងមួយ ដែលកើតឡើង​ក្នុងឆ្នាំ២០១៣។

សារព័ត៌មានជាច្រើនក្នុងប្រទេសបារាំង បានរាយការណ៍ថា នៅពេលនោះ លោក ហ្គ្រូសឌីឌីយេ គឺជា​តំណាងរាស្ត្រ​ផង និងជាអភិបាលក្រុង «Woippy» ផង និងថា​សំនុំរឿង​នោះ ត្រូវបានប្ដឹង​ដោយអ្នកនយោបាយម្នាក់ ចោទលោកថា បានប្រើប្រាស់​ថវិកា​បម្រុង​របស់រដ្ឋសភា (ក្នុងនាមលោកជាតំណាងរាស្ត្រ) ដើម្បីផ្គត់ផ្គង់​សមាគមមួយ ដែលមាន​លោក​​ខ្លួនឯង​ជាប្រធាន។

តែការចោទប្រកាន់ខាងលើ ត្រូវបានលោកសមាជិកព្រឹទ្ធសភាច្រានចោល ដោយហៅ​ការសួរ​ចម្លើយនោះ ថាជា​ការគម្រាម​កំហែង​​តាមប្រព័ន្ធតុលាការ ទៅលើរូបលោក៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។