ក្នុងសម័យកាលបច្ចុប្បន្ន ច្រើនគ្នាណាស់ដែលគិតថា បុណ្យ ស៊ាំងវ៉ាឡង់តាំង (Saint Valentin day) គ្រាន់តែជាបុណ្យសង្សា ឬបុណ្យនៃក្ដីស្រឡាញ់ ហើយអ្នកខ្លះពីក្នុងចំណោមនេះ បានឆ្លៀតឱកាសពីបុណ្យស៊ាំងវ៉ាឡង់តាំង ដើម្បីរកទទួលទាន ដូចជាលក់ផ្កា ឬបង្កើតវត្ថុអនុស្សាវរីយ៍ នោះជាដើម។ តែការពិត និងប្រវត្តដើមនៃបុណ្យ ស៊ាំងវ៉ាឡង់តាំង មានចរិកផ្សេងពីនេះ ដែលជារឿងដែលគួរតែស្វែងយល់ និងដឹងថាតើអត្ថន័យដើម នៃពិធីបុណ្យនេះ មានលក្ខណៈបែបណា។
ជាដំបូងគេត្រូវយល់ថា ប្រវត្តិនៃស៊ាំងវ៉ាឡង់តាំង ឬ បុព្វជិករបស់ព្រះ ឈ្មោះ វ៉ាឡង់តាំង (Valentin) ជាប្រវត្តិដែលមិនសូវមានគេស្គាល់ច្បាស់ ដូចគ្នានឹងប្រវត្តិរបស់តាណូអែល នៅក្នុងបុណ្យគ្រឹស្មាសយ៉ាងដូច្នេះដែរ។ ហើយប្រវត្តិនៃបុណ្យនេះ អាចនឹងមានភាពខុសគ្នាខ្លះៗ ទៅតាមពេលវេលា និងការស្រាវជ្រាវរកឃើញ នៃប្រវត្តវិទូនានា និងទៅតាមបំរែបម្រួល នៃឆន្ទះរបស់ព្រះវិហារសាសានាគ្រឹស្ទ៍។ តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកតែ ខ្លឹមសារសំខាន់ៗនៃព្រឹត្តិការណ៍ទាំងឡាយ ដែលឈានទៅដល់ការប្រារព្ធ បុណ្យស៊ាំងវ៉ាឡង់តាំង នេះមកជម្រាបជូនតែប៉ុណ្ណោះ។
គេនៅចាំបាន កាលពីប៉ុន្មានសតវត្សមុនគ្រឹស្ទិ៍សករាជ ដែលប្រវត្តិរបស់ បុណ្យស៊ាំង វ៉ាឡង់តាំង ទំនងជាបានចាប់ផ្ដើមពីចក្រភពរ៉ូម (Rome ប្រទេសអ៊ីតាលីសព្វថ្ងៃ)។ នៅពេលនោះ ជនជាតិរ៉ូម៉ាំង បានយកថ្ងៃទី១៥ ខែកុម្ភះ ដើម្បីប្រារព្ធពិធីបុណ្យមួយឈ្មោះ លូពើកាល់ (Lupercales) ក្នុងន័យឧទ្ទិសអោយដល់អាទិទេពមួយអង្គ ព្រះនាម ហ្វូនូស (Faunus)។
ព្រះអាទិទេព ហ្វូនូស ជារាជសន្តិវង្សជំនាន់ក្រោយ នៃព្រះអាទិទេពមួយអង្គទៀត ព្រះនាម សាទួន (Saturne ប្រៀបនឹង ក្រូណូ ក្នុងព្រេងកថារបស់ជនជាតិក្រិច) ហើយព្រះហ្វូនូសនេះ ជាអាទិទេពដែលបានចុះមកការពារហ្វូងសត្វស្រុក និងអ្នកគង្វាល ពីពពួកសត្វចចកកាចសាហាវ ធ្វើអោយអ្នកស្រុកដាក់រហសនាមអោយព្រះអង្គមួយទៀត ហៅថា លូពើកាល់ (ជាភាសាខ្មែរ អាចនិយាយបានថា៖ អ្នកការពារទល់នឹងសត្វចចក)។
ហ្វូនូស ជាអាទិទេពដែលមានជើងនិងដងខ្លួន ជាជើងនិងដងខ្លួនរបស់សត្វពពែ ហើយអាទិទេពនេះ មានដំណើរទំនងប្រហាក់ប្រហែលនឹងអាទិទេពមួយអង្គទៀត ឈ្មោះប៉ង់ (Pan) ក្នុងព្រេងកថារបស់ជនជាតិក្រិច។
នៅថ្ងៃទី១៥ខែកុម្ភះ បុព្វជិករបស់ហ្វូនូសចំនួន១២នាក់ ដែលសុទ្ធសឹងមានវ័យក្មេងៗនោះ បានប្រជុំគ្នានៅក្នុងរូងភ្នំមួយ នៃលូពើកាល់ មានទីតាំងនៅជើងភ្នំប៉ាឡាតាំង (Palatin មានទីតាំងនៅក្បែរនឹងទីក្រុងរ៉ូម អ៊ីតាលីសព្វថ្ងៃ)។ បុព្វជិកដែលស្លៀកបាំងខ្លួន តែនឹងសំពត់ប៉ឹងមួយនោះ បានបូជាឧទ្ទិសទៅហ្វូនូស នូវសត្វពពែឈ្មោលមួយក្បាល។
ពួកគេ បានយកកាំបិតទៅចាក់កពពែ ដើម្បីអោយចេញឈាម ដាក់នៅពីមុខបុព្វជិកទាំង១២នាក់នេះ។ បន្ទាប់មកបុព្វជិកដដែល បានយកអំបោះឡែនមួយដុំ ជ្រលក់ជាមួយនឹងទឹកដោះ មកជូតឈាមនេះចេញពីលើកាំបិត រួចអារជ្រៀកស្បែករបស់ពពែឈ្មោលជាជំរៀកៗ បង្កើតបានជាខ្សែរតីជាច្រើនខ្សែរ។
ពិធីបុណ្យនេះ អនុញ្ញាតអោយក្រុមបុព្វជិក ដែលជាយុវជនពេញកម្លាំងទាំង១២នាក់ រត់ពាសពេញទីក្រុងរ៉ូម ជាមួយនឹងសំណើចសើចក្អាកក្អាយផង ហើយបានវាយទៅលើនារីក្មេងៗ ជាមួយនឹងខ្សែរតី ដែលទើបនឹងធ្វើរួច ពីស្បែកសត្វពពែឈ្មោលមុននេះ។ ការវាយនេះ មកពីនៅក្នុងសម័យកាលនោះ ជនជាតិរ៉ូម៉ាំងមានជំនឿថា នឹងជួយអោយពួកនាងមានភាពត្រជាក់ត្រជុំ នៅក្នុងការប្រកបដំណាំដាំដុះ ឬធ្វើកិច្ចការរកស៊ីអ្វីក្ដី។
នៅពេលនោះ ក្នុងអំឡុងសតវត្សទី៣នៃគ្រឹសករាជ បុព្វជិកម្នាក់ឈ្មោះ វ៉ាឡង់តាំង ដែលមានឈ្មោះដើម វ៉ាឡង់តាំង ឌឺតែនី (Valentin de Terni) បានចុះមកជួយបណ្ដាគ្រឹស្ទ៍សានិកជន ដែលរងគ្រោះនឹងរំពាត់ខ្សែតីនេះ។ នៅក្រោយពេលអន្តរាគម របស់បុព្វជិក វ៉ាឡង់តាំង ដែលល្បីឈ្មោះ ថាជាបុព្វជិកពូកែខាងការផ្សំផ្គុំគូស្វាមីភរិយា តាមបែបសាសនានៅក្នុងព្រះវិហាររូបនេះ អធិរាជក្លូដទី២ (Claude II) ដែលនិយមទំនៀមទំលាប់ហ្គោទិក (Gothique) បានចេញបញ្ជាអោយចាប់បុព្វជិករូបនេះ ទៅដាក់ឃុំ។
Page: 1 2