រយៈពេល៥០ឆ្នាំកន្លងទៅហើយ តែមរណភាពរបស់កំពូលតារាសម្ដែងហូលីវូដ នាង ម៉ារីលីន ម៉ុនរ៉ូ (Marilyn Monroe) នៅបន្តបង្កប់ដោយអាថ៌កំបាំងជាច្រើន ជាពិសេសនៅពេលដែលគេដឹង អំពីរឿងរ៉ាវទាំងឡាយ ដែលកើតឡើង នៅជុំវិញព្រឹត្តិការណ៍ដ៏រន្ធត់មួយនេះ។
នាង ម៉ុនរ៉ូ ដែលមានរូបសម្ផស្សដ៏ប្រិមប្រិយ នៃសម័យកាលដ៏រុងរឿង របស់ពិភពភាពយន្ដអាមេរិក ក្នុងទសវត្សរ៍ឆ្នាំ៦០ ត្រូវបានប្រទះឃើញដេកស្លាប់ នៅយប់ថ្ងៃទី៤ ចូលមកថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦២ ក្នុងផ្ទះរបស់នាង ស្ថិតនៅសង្កាត់ «Brentwood» នៃក្រុង «Los Angeles» ភាគខាងលិចសហរដ្ឋអាមេរិក។ នៅវេលានោះ តារាសម្ដែងទើបមានអាយុ ៣៦ឆ្នាំប៉ុណ្ណោះ។
គេនៅចាំបានថា ក្នុងយប់ថ្ងៃសៅរ៍ ទី៤ ខែសីហានោះ អ្នកចាត់ការទូទៅ (ឬមេផ្ទះ) របស់តារាភាពយន្ដ គឺអ្នកស្រី «Eunice Murray» បានឃើញបន្ទប់របស់នាង នៅមានពន្លឺភ្លើងភ្លឺនៅឡើយ និងមានដាក់គន្លឺះពីខាងក្នុង ដែលជាការចម្លែក ខុសពីរាល់ដង។
ទទួលបានដំណឹងនេះ លោក «Ralph Greenson» គ្រូពេទ្យរោគចិត្តរបស់តារា បានធ្វើដំណើរមកដល់កន្លែងកើតហេតុ និងបានសម្រេចចូលបន្ទប់តារាតាមបង្អួច មុននឹងឃើញនាង ម៉ុនរ៉ូ ស្ថិតនៅលើគ្រែរបស់ខ្លួន មានសភាពស្ដូកស្ដឹង មិនមានស្លៀកពាក់ និងដាក់ដៃនៅលើទូរស័ព្ទ។ នៅលើតុតូចជាប់នឹងគ្រែដេក មានថ្នាំរំងាប់អារម្មណ៍ជាច្រើនប្រអប់ ខណៈនៅលើកម្រាលឥដ្ឋ មានដបថ្នាំ«Nembutal»មួយដប ដែលមានលក្ខណៈទទេស្អាត។
បន្ទាប់មក មរណភាពរបស់នាង ម៉ុនរ៉ូ ត្រូវបានបញ្ជាក់ជាផ្លូវការ ដោយគ្រូពេទ្យផ្ទាល់ខ្លួននាង គឺវេជ្ជបណ្ឌិត «Hyman Engelberg» ដែលបានធ្វើដំណើរ ទៅដល់កន្លែងកើតហេតុដែរ នៅវេលាម៉ោង ៣និង៥០នាទីទាបភ្លឺ (ថ្ងៃអាទិត្យទី៥)។ លុះត្រាជាងមួយម៉ោងក្រោយ ទើបនគរបាលត្រូវបានជូនដំណឹង អំពីមរណភាពរបស់តារាសម្ដែងខាងលើ។
លទ្ធផលនៃការធ្វើកោសល្យវិច្ច័យ បានរកឃើញពី សារធាតុពុល ដែលបណ្ដាលពីការប្រើប្រាស់ហួសកម្រិត នៃថ្នាំរំងាប់អារម្មណ៍ (ឬថ្នាំងងុយគេង) នៅក្នុងរាងកាយរបស់តារាសម្ដែង។ របាយការណ៍កោសល្យវិច្ច័យ បានអះអាងថា មរណភាពរបស់នាង ម៉ារីលីន ម៉ុនរ៉ូ «ទំនងជាការធ្វើអត្តឃាត»។
ហេតុការណ៍ទាំងអស់ខាងលើ បានបង្កឲ្យមានការសង្ស័យជាច្រើន ដែលជំរុញឲ្យមានការគិតថា មរណភាពរបស់នាង ម៉ុនរ៉ូ គឺជាការធ្វើឃាត តែបែរជារៀបចំឈុតឆាក ឲ្យក្លាយជាការធ្វើអត្តឃាត។ អ្នករកឃើញរាងកាយស្ដូកស្ដឹងរបស់តារា (ទាំង៣នាក់ខាងលើ) បានចំណាយពេលរហូតដល់៤ម៉ោង (សរុបតាំងពីដំបូង) ទើបរាយការណ៍ប្រាប់នគរបាល។ ពេលនគរបាលទៅដល់កន្លែងកើតហេតុ បន្ទប់គេងរបស់នាង ម៉ុនរ៉ូ ត្រូវបានសម្អាតរួចរាល់អស់។
បើតាមសៀវភៅ «ជីវប្រវត្តិរបស់ ម៉ារីលីន ម៉ុនរ៉ូ» រៀបរៀងដោយលោក «Donald Spoto» បានជឿថា មរណភាពរបស់តារា ជាគ្រោះថ្នាក់ចៃដន្យមួយ ដែលបណ្ដាលមកពីកំហុស របស់ស្ត្រីមេផ្ទះ អ្នកស្រី «Eunice Murray» និងគ្រូពេទ្យរោគចិត្ត លោក «Ralph Greenson»។ សៀវភៅបានសរសេរថា អ្នកទាំងពីរទំនងជាបានបញ្ច្រកថ្នាំលាងក្រពះ ទៅឲ្យនាង ម៉ុនរ៉ូ ទាំងមិនបានដឹងថា នាង ម៉ុនរ៉ូ បានផឹកថ្នាំ«Nembutal» ជាមុនរួចហើយ។
ថ្នាំលាងក្រពះ លាយនិងថ្នាំ«Nembutal» បានបង្កប្រតិកម្ម និងទំនងជាបានផ្ដាច់ជីវិតតារារូបស្អាតរូបនេះ នៅពេលនោះភ្លាមៗ។
ក្នុងសៀវភៅ «ម៉ារីលីន ម៉ុនរ៉ូ ៖ ការស៊ើបអង្កេតពីអំពើមនុស្សឃាតមួយ» របស់អ្នកនិពន្ធមួយរូបផ្សេង ឈ្មោះលោក «Don Wolfe» ក៏បានសរសេរដែរថា ការចាក់ម្ជុលចូលទៅដល់បេះដូង ដើម្បី«ដាស់បេះដូង»ឲ្យដើរឡើងវិញ ពីសំណាក់គ្រូពេទ្យរោគចិត្ត ទំនងជាត្រូវបានធ្វើឡើង ដោយខុសបច្ចេកទេស។
ចំណុចសង្ស័យខាងលើ ត្រូវរាប់បញ្ជូលបន្ថែមទៀត នូវការខកខានមិនធ្វើកោសល្យវិច្ច័យ ទៅលើសរីរាង្គគ្រឿងក្នុង របស់សពនាង ម៉ុនរ៉ូ និងជាពិសេស ការបាត់បញ្ជីទូរស័ព្ទ ហៅចេញ-ហៅចូល (របស់នាង ម៉ុនរ៉ូ) ដែលជាធម្មតា ត្រូវបានរក្សាទុក ដោយស្ថាប័នផ្ដល់សេវាកម្មទូរស័ព្ទខ្សែ (ឬទូរស័ព្ទលើតុ)។
គ្រូពេទ្យជំនាញ បានបញ្ជាក់ក្នុងរបាយការណ៍កោសល្យវិច្ច័យ ថាខ្លួនមិនបានរកឃើញ មានគ្រាប់ថ្នាំ ឬម្សៅថ្នាំ នៅក្នុងក្រពះឬពោះវៀន របស់សពនាង ម៉ុនរ៉ូ ទេ។ ចំណុចនេះបញ្ជាក់ថា តារាភាពយន្ដមិនបានលេបថ្នាំទាំងនេះខ្លួនឯងឡើយ។ បើអញ្ចឹង តើថ្នាំរំងាប់អារម្មណ៍ ដ៏ច្រើនសន្ធឹកសន្ធាប់ ទំនងជាត្រូវបានចាក់តាមម្ជុល ចូលទៅក្នុងខ្លួនតារាឬ?
សេណារីយ៉ូជាច្រើន បានដាក់ការសង្ស័យ នៃមរណភាពរបស់នាង ម៉ុនរ៉ូ ថាជាស្នាដៃរបស់ភ្នាក់ងារ «FBI» ឬ «CIA» ផ្ទាល់តែម្ដង ក្រោមហេតុផលថា ពួកគេចង់បំបិទមាត់តារាសម្ដែង ជុំវិញទំនាក់ទំនងស្នេហាជាសម្ងាត់ រវាងតារាល្បីរូបនេះ និងលោក ចន កេណឺឌី (John F. Kennedy) ប្រធានាធិបតីទី៣៥ នៃសហរដ្ឋអាមេរិក។
ទំនាក់ទំនងជាសម្ងាត់នេះ ត្រូវបានទម្លាយឲ្យដឹងជាសាធារណៈ នៅប៉ុន្មានឆ្នាំក្រោយមក ដោយស្ថាប័ន «CIA» ខ្លួនឯង និងដោយអ្នកស្រី ជេកឃ្លីន កេណឺឌី (Jacqueline Kennedy) ភរិយាមេម៉ាយរបស់លោក ចន កេណឺឌី ផ្ទាល់តែម្ដង។ ក្នុងអំឡុងពេលចុងក្រោយនៃជីវិតរបស់នាង តារាស្រីដែលជាម្ចាស់បទចម្រៀង «Happy Birthday Mr. President» ត្រូវបានដាក់ក្រោមការតាមដានស្ដាប់សម្លេង តាមប្រព័ន្ធទូរស័ព្ទ។ ដូច្នេះហើយ ការបាត់បញ្ជីទូរស័ព្ទ ហៅចេញ-ហៅចូល របស់នាង ម៉ុនរ៉ូ មិនមែនជាឧបទ្ទវហេតុចៃដន្យនោះទេ។
បើតាមសៀវភៅរបស់លោក «Dom Wolfe» បានអះអាងទៀតថា អ្នកនៅពីក្រោយឃាតកម្ម លើនាង ម៉ុនរ៉ូ មិនមាននរណាផ្សេង ក្រៅពីលោក រ៉ូប៊ើត កេណឺឌី (Robert Kennedy) ប្អូនប្រុសលោកប្រធានាធិបតី កេណឺឌី នោះឡើយ។ សៀវភៅបញ្ជាក់ថា លោក រ៉ូប៊ើត កេណឺឌី ថែមទាំងមានវត្តមាន នៅពេលចាក់ម្ជុល បញ្ចូលថ្នាំចូលក្នុងខ្លួនតារាភាពយន្ដ នៅយប់នោះទៀតផង។
សេណារីយ៉ូខ្លះ បានលើកឡើងពីស្នាដៃ របស់ក្រុមម៉ាហ្វីយ៉ា (Mafia) ដែលទំនងជាបានធ្វើសកម្មភាពខាងលើ ដើម្បីផលប្រយោជន៍ណាមួយរបស់ពួកគេ។
អតីតអ្នកឆ្នៃម៉ូតសក់ម្នាក់របស់តារាភាពយន្ដ លោក «George Masters» បានទម្លាយឲ្យដឹង នៅក្នុងខ្សែអាត់សម្លេងមួយថា នៅមួយថ្ងៃមុនមរណភាព នាង ម៉ុនរ៉ូ បានស្នាក់នៅក្នុងសណ្ឋាគារ «Cal Neva Lodge» (នៅមាត់បឹង«Tahoe», រដ្ឋ«Nevada») ជាមួយលោក «Sam Giancana» ដែលជាមេម៉ាហ្វីយ៉ាដ៏ល្បីម្នាក់ នៅសហរដ្ឋអាមេរិកក្នុងសម័យនោះ។
ខ្សែអាត់សម្លេងរបស់លោក «George Masters» បានបន្តថា ក្នុងយប់នោះ មេម៉ាហ្វីយ៉ា ដែលធ្លាប់ស្គាល់គ្រួសារ កេណឺឌី បានព្យាយាមបញ្ចុះបញ្ចូលនាង ម៉ុនរ៉ូ កុំឲ្យទម្លាយទំនាក់ទំនងរវាងរូបនាង និងលោកប្រធានាធិបតី ចន កេណឺឌី ចេញមកជាសាធារណៈ។ នៅវេលាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៦២ តារាភាពយន្ដបានឡើងយន្ដហោះ យ៉ាងប្រញាប់ប្រញាល ត្រឡប់មកកាន់ក្រុង ឡូស អេនជឺឡេស (Los Angeles) វិញ។ ហើយនៅយប់ថ្ងៃដដែល ចូលមកថ្ងៃទី៥ ខែសីហា តារាស្រីត្រូវបានរកឃើញស្លាប់។
យ៉ាងណា មូលហេតុផ្លូវការនៃមរណភាពរបស់នាង ម៉ុនរ៉ូ ដែលអះអាងដោយអាជ្ញាធរក្រុង ឡូស អេនជីឡេស គឺការធ្វើអត្តឃាត ដោយលេបថ្នាំហួសកម្រិត។ មានការលើកឡើងថា នៅមុនពេលស្លាប់ តារាសម្ដែងអាយុជាង៣០ឆ្នាំ តែងមានអារម្មណ៍មិននឹងនរ និងការតឹងតែងក្នុងជីវិតជាញឹកញយ។ ជីវិតឯកជនរបស់នាង ដែលមិនមានភាពជោគជ័យ បានធ្វើឲ្យរូបនាងមានជម្ងឺបាក់ទឹកចិត្ត។
ផ្ទុយទៅវិញ ក្រុមអ្នកមិនជឿជាក់នឹងការធ្វើអត្តឃាត បានពន្យល់តបថា បើទោះជានាង ម៉ុនរ៉ូ មានអារម្មណ៍មិននឹងនរយ៉ាងណាក្ដី ក៏តារាភាពយន្ដល្បីរូបនេះ មិនដែលនឹកឃើញចង់ស្លាប់ឡើយ នៅវេលានោះ៕