«ទិវាពលកម្មអន្តរជាតិ ឬទិវាបុណ្យការងារ» ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា ទិវាមួយឧសភា។ ទិវានេះត្រូវបានគេប្រារព្ធឡើង នៅជុំវិញពិភពលោក តាមរយៈការដង្ហែក្រុមហ្វូងមនុស្សជាច្រើន នៅតាមដងផ្លូវ ដោយមានកាន់បដា និងបន្លឺពាក្យពេចន៍នានា ក្នុងន័យបង្ហាញ រំលឹក ឬទាមទារ ទៅកាន់និយោជក រដ្ឋាភិបាល និងមហាជនផ្សេងទៀត ឲ្យគោរពសិទ្ធិបុគ្គលិក កម្មករ ឬនយោជិក ស្របតាមច្បាប់ការងាររបស់ប្រទេស ក៏ដូចជាច្បាប់ការងារអន្តរជាតិ ។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ប្រទេសមួយចំនួនធំនៅក្នុងពិភពលោក មិនដែលភ្លេចប្រារព្ធ ទិវាពលកម្មអន្តរជាតិឡើយ។ តើទិវានេះមានប្រវត្តិ និងអត្ថន័យខ្លឹមសារបែបណាខ្លះ? សូមលោកអ្នកអញ្ចើញតាមដាន អត្ថបទស្រាវជ្រាវមួយ ដែលដកស្រង់ពីឯកសារជាច្រើន មកជម្រាបជូនដូចខាងក្រោម៖
ទិវានេះត្រូវបានប្រារព្ធឡើង ដោយចលនាពលកម្មអន្តរជាតិ រួមនិងចលនាឆ្វេងនិយម ដែលអាចជាទម្រង់ផ្លូវការ ឬមិនផ្លូវការ ទៅតាមប្រទេសជាច្រើនក្នុងពិភពលោក។ ថ្ងៃទី០១ ខែឧសភា ត្រូវបានគេចាត់ទុកថា ជាថ្ងៃឈប់សម្រាករបស់ជាតិនីមួយៗ នៅក្នុងចំណោមប្រមាណជា ៨០ប្រទេស។
នៅប្រទេសបារាំង ថ្ងៃឈប់សំរាកការងារ«១ឧសភា» មិនត្រូវបាននយោជកកាត់ចេញ ពីប្រាក់ខែនោះទេ ហើយនយោជក ត្រូវផ្ដល់ប្រាក់បំណាច់ចំនួនទ្វេដង ទៅកម្មករនយោជិកណា ដែលការងារតំរូវអោយគ្នាធើ្វការ ក្នុងថ្ងៃទីមួយឧសភានេះ។
ការប្រារព្ធ«បុណ្យការងារ» ជាលើកទីមួយចាប់ផ្ដើម នៅចុងសតវត្សទី ១៨ នៅប្រទេសបារាំង នៅថ្ងៃទីមួយ នៃខែដំបូងរបស់ប្រតិទិន «Pluviôse» (រវាងថ្ងៃទី២០មករា និង ១៨កុម្ភះ នៃប្រតិទិនបច្ចុប្បន្ន) ហើយបន្ដធ្វើនៅឆ្នាំបន្តបន្ទាប់ ក្រោយមក។
ហើយនៅឆ្នាំ១៨៦៧ ឧស្សាហកម្មជាគ្រួសាររបស់ ហ្គោដាំង ដឺហ្គីស (Godin de Guise) បានបង្កើតជា បុណ្យពលកម្មមួយ មានរូបរាងច្បាស់លាស់ជាងមុន ដោយលោក ហ្សន់ បាទីស ហ្គោដាំង បានសសេរជាអត្ថបទមួយឡើង ស្ដីអំពីដំណោះស្រាយសង្គមមួយ សំរាប់កម្មករ។ កាលនោះ ថ្ងៃដែលគេអាចដង្ហែក្បួនបាន មិនមែននៅថ្ងៃទីមួយឧសភាទេ តែគេបានធ្វើវានៅថ្ងៃទី៥មិថុនាទៅវិញ។
តែ «ទិវាពលកម្មអន្តរជាតិ» ដែលយើងដឹងរាល់គ្នា ហើយប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសជាច្រើន នាពេលបច្ចុប្បន្ននេះ វាមានប្រភពចេញពីការតស៊ូរបស់កម្មករ នយោជិក នៅចុងសតវត្សទី ១៩ ដើម្បីទាមទារ អោយមានការកំណត់ ពេលវេលាធ្វើការងារក្នុងមួយថ្ងៃ ត្រឹមតែ៨ម៉ោង។
រលកចលនាតស៊ូទាំងនោះ ចាប់ផ្ដើមតាំងពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ១៨៨២ នៅទីក្រុងញ៉ូយកសហរដ្ឋអាមេរិក ដោយកម្មករនយោជិក ចំនួនជាង ១០ ០០០នាក់ មកពីសហជីពជាច្រើនស្ថាប័ន បានចុះដើរតាមដងផ្លូវ ហើយវាបានក្លាយជា ក្បួនដង្ហែរលើកទីមួយនៃ ទិវា«បុណ្យការងារ»។
នៅក្នុងសមាជជួបជុំគ្នាដ៏ធំ នាឆ្នាំ១៨៨៤ ពពួកសហជីពបានកំណត់ឱសានវាទពេលវេលាចំនួនពីរឆ្នាំ ទៅខាងនយោជក ដើម្បីផ្ដូរពេលវេលាធ្វើការក្នុងមួយថ្ងៃ មកត្រឹមតែ៨ម៉ោងវិញ។ ពួកគេបានកំណត់ «ថ្ងៃទីមួយខែឧសភា» ជាថ្ងៃផ្ដើមដំបូងនៃការតស៊ូនេះ ដោយមកពីថ្ងៃនេះជាថ្ងៃវិលជុំប្រចាំឆ្នាំរបស់សហគ្រាស ក្នុងការកំណត់យកធ្វើជាថ្ងៃនៃកិច្ចសន្យាធ្វើការ ដែលភាគច្រើនបានចប់ ឬចាប់ផ្ដើមនៅថ្ងៃនេះ។
ការតស៊ូទាមទារនេះ ឈានមកដល់ដំណាក់កាលរីករាលដាលខ្លាំង ហើយបាតុកម្មដ៏ធំមួយ ត្រូវបានរៀបចំធ្វើ នៅថ្ងៃទីមួយ ខែឧសភា ឆ្នាំ១៨៨៦ ដែលមានកម្មករ នយោជិកចូលរួមធ្វើប្រមាណជា ៣៤០ ០០០នាក់ មកពីគ្រប់ទិសទី ក្នុងប្រទេសអាមេរិក។
នៅតំបន់ «Haymarket (ទីផ្សារ ស្មៅស្ងួត)» នាទីក្រុង ស៊ីកាហ្គោ ក្នុងខណៈដែលការទាមទារ បានឈានទៅដល់ការ ប្រទាញប្រទង់គ្នា រវាងកងកំលាំងនគរបាល និងកម្មករ នយោជិក ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ បានបោកគ្រាប់បែក ឆ្នៃពីរំសេវផ្ទុះ នៅនឹងជួរមុខនៃក្រុមកម្លាំងនគរបាល ដែលបានធ្វើអោយនគរបាលម្នាក់ស្លាប់។ នគរបាលប្រាំពីរនាក់ ផ្សេងទៀតបានស្លាប់ដែរ នៅក្នុងពេលប្រតាយប្រតប់គ្នាបន្ទាប់មក។
ក្រោយពីព្រឹត្តិការណ៍ដែលខាងអជ្ញាធរបានចោទ ថាជាអំពើភេវរកម្មនេះ សមាជិកសហជីពចំនួន៥នាក់ ត្រូវបានគេយកទៅប្រហាជីវិត (បួននាក់ប្រហាជីវិតដោយព្យួករ នៅថ្ងៃទី១១វិច្ឆិការ ឆ្នាំ១៨៨៧ – ថ្ងៃនោះមានឈ្មោះថា ជាថ្ងៃសុសុក្រខ្មៅងងឹត – និងម្នាក់ទៀតសំលាប់ខ្លួនមុន នៅក្នុងពន្ធនាគារ) បើទោះជាគ្មានភស្ដុតាងច្បាស់លាស់ បញ្ជាក់ពីទោសកំហុស របស់ពួកគេក៏ដោយ។
សមាជិកសហជីពបីនាក់ផ្សេងទៀត ត្រូវបានគេកាត់ទោស អោយជាប់ពន្ធនាគារអស់មួយជីវិត តែត្រូវដោះលែងនៅឆ្នាំ១៨៩៣ ដោយការលើកលែងទោសមួយ របស់អភិបាលនៅតំបន់នោះ យោងទៅលើភាពផុយស្រួយខ្លាំង ក្នុងការស៊ើបអង្កេតរកទណ្ឌភាព ដាក់លើសមាជិកសហជីពទាំងនេះ។
ដើម្បីឧទ្ទឹសទៅអ្នកដែលបានស្លាប់ទៅ ដើម្បីបុព្វហេតុរួមនេះ នៅវាលកប់សាកសព វ័លដហាម (Cimetière de Waldheim) នៅទីក្រុង ស៊ីកាហ្គោ (Chicago) គេបានចារផ្ទាំងសិលា នៅលើផ្នូរវីរជននៃសហជីពទាំងនោះ ដោយមានអត្ថន័យថា៖
ការទាមទារនេះ បានរីករាលដាលកាន់តែធំឡើងៗ រហូតមកដល់ឆ្នាំ ១៨៨៩ សមាជជួបជុំគ្នាស្ដីពីការងារ ជាលក្ខណៈអន្តរជាតិលើកទីពីរ ក៏ត្រូវបានគេរៀបចំឡើង នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅក្នុងឱកាសបុណ្យខួប ១០០ឆ្នាំនៃបដិវត្តបារាំង និងការតាំងពិពណ៌សាកល។
ក្រោយមកទៀត សំណើរមួយក៏ត្រូវបានលើកឡើង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៨៨៩ ដោយលោក រ៉េម៉ុង ឡាវីញ (Raymond Lavigne) យកថ្ងៃទី១ឧសភា ឆ្នាំ១៨៩០ ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍ នៃចលនាតស៊ូរបស់កម្មករ-នយោជិក ពលីនៅទីក្រុងស៊ីកាហ្គោ ដែលបានទាមទារឲ្យកំរិតពេលវេលាធ្វើការ តែ៨ម៉ោងក្នុងមួយថ្ងៃ ហើយក៏ជាថ្ងៃសំរាប់ការដង្ហែ ក្បួនជាទូទៅ នៃទិវាបុណ្យការងារផងដែរ។
ព្រឹត្តការណ៍ដ៏សោកសៅមួយទៀត ក្នុងពេលដង្ហែក្បួនថ្ងៃទីមួយឧសភា ឆ្នាំ១៨៩១ នាផ្នែកខាងជើង នៃប្រទេសបារាំង កងកំលាំងនគរបាលបានបាញ់រះ ទៅលើអ្នកចូលរួមដង្ហែក្បួន ធ្វើឲ្យមានអ្នកស្លាប់៩នាក់ នៅពេលនោះ។ ព្រឹត្តការណ៍នេះ បាបានធ្វើឲ្យអត្តសញ្ញាណ នៃទិវាថ្ងៃទីមួយឧសភា កាន់តែត្រូវបានគេនិយាយរក និងទទួលស្គាល់ជាផ្លូវការថា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំទូទៅមួយ សរាប់ពលករទាំងឡាយក្នុងពិភពលោក ក្នុងការទាមទារអោយគេគោរពសិទ្ធរបស់ខ្លួន និងសិទ្ធរស់នៅជាមូលដ្ឋាន នៅក្នុងសង្គម។
នៅប្រទេសបារាំង គេតែងតែជូនរង្វាន់គ្នា ទៅវិញទៅមក នូវផ្កា មុយហ្គេ (Le muguet – រូបថតខាងលើ) ដែលគេបានគិតថាជាផ្កា នាំមកនូវសំណាងល្អ ហើយវារីកតែនៅក្នុងអំឡុងពេលថ្ងៃទីមួយ ខែឧសភានេះតែប៉ុណ្ណោះ។ ទម្លាប់នេះត្រូវបាន បណ្ដាជនជាតិបារាំងយក មកប្រើក្នុងឱកាស «ទិវាពលកម្ម ឬទិវាបុណ្យការងារ អន្តរជាតិ» នៅឆ្នាំ១៩០៧ និងនៅឆ្នាំ១៩៣៦ បន្តបន្ទាប់មក៕