នៅពេលដែលចិនកុម្មុយនីស្ដិ៍ កំពុងអួតអាងថា ការរាតត្បាតនៃជំងឺ«កូរូណា» ឬ«Covid-19» កំពុងថមថយកម្លាំង ក្នុងប្រទេសខ្លួន និងបម្រាមនានា កំពុងត្រូវបានលើកចេញ ជាបន្តបន្ទាប់នោះ ស្រាប់តែភស្ដុតាងដែលបង្ហាញឲ្យដឹង ពីចំនួនអ្នកជំងឺស្លាប់ ដោយសារមេរោគខាងលើ យ៉ាងធំសម្បើម កំពុងត្រូវបានទម្លាយចេញបន្តិចម្ដងៗដែរ។
ជាផ្លូវការ របបដឹកនាំកុម្មុយនីស្ដិ៍ចិន បានបញ្ចេញតួលេខអ្នកស្លាប់ ត្រឹមតែ ៣ ៣០០នាក់ប៉ុណ្ណោះ។ តែអ្នកស្លាប់ ដែលអ្នកសារព័ត៌មានក្នុងស្រុក បានរាប់ឃើញ មានចំនួនមិនតិចជាង ៩៧ ០០០នាក់ ក្នុងនោះអ្នកជំងឺ ៥៩ ០០០នាក់ បានស្លាប់ នៅតែក្នុងក្រុង វូហាន តែមួយ។
តួលេខដែលអ្នកសារព័ត៌មានរាប់ឃើញខាងលើ បានកើតឡើង ដោយហេតុថា បណ្ដាប្រជាជនចិន បានតម្រង់ជួរគ្នាមិនចេះចប់ មិនចេះហើយ ដើម្បីទៅទទួលយក នូវអដ្ឋិធាតុនៃញាតិសន្ដាន របស់ផងខ្លួន ដែលបានស្លាប់ ក្នុងរយៈកាល៣-៤ខែកន្លងទៅ នៃការរាតត្បាតរោគ «Covid-19» នៅទូទាំងប្រទេសចិន។
ការសង្វាតរបស់បណ្ដាជនចិន ក្នុងការទទួលអដ្ឋិធាតុទាំងនោះ មកឲ្យគ្រួសារខ្លួននោះ គឺដើម្បីឲ្យបានទាន់ មុនបុណ្យឆេងម៉េង (QingMing) ដែលនឹងមកដល់ នៅថ្ងៃ៤ និងថ្ងៃ៥ ខែមេសា ខាងមុខ។ ហើយមកដល់ថ្ងៃនេះ ការតម្រង់ជួរគ្នា នៃបណ្ដាជនចិន នៅខាងមុខទីប៉ាឆានានា មិនត្រឹមតែមិនទាន់ចប់នៅឡើយទេ តែនៅមានចំនួន ដ៏ច្រើនលើសលប់បន្តទៀត។
អ្នកសារព័ត៌មានច្រើននាក់ ដែលស្ថិតក្នុងហេតុការណ៍ នៃការតម្រង់ជួរទាំងនោះ បានផ្ដិតយកជារូបថត និងវីដេអូ ហើយបានបង្ហោះ នៅលើបណ្ដាញសង្គមចិន។ តែរូបភាព និងវីដេអូទាំងនោះ ត្រូវបានដកចេញ និងរារាំង (Blocked) នៅបន្តិចក្រោយមក។
យ៉ាងណា រូបភាព និងវីដេអូ របស់អ្នកសារព័ត៌មានក្នុងស្រុកទាំងនោះ ត្រូវបានបណ្ដាញសារព័ត៌មានធំៗ នៅលើពិភពលោកដកស្រង់ យកមកធ្វើសេចក្ដីរាយការណ៍ ជាបន្តបន្ទាប់ (សូមទស្សនាវីដេអូខាងក្រោម)។
អ្នកសារព័ត៌មានមួយរូប ពីក្នុងចំណោមនោះ បានពន្យល់ពីវិធីសាស្ត្ររបស់ខ្លួន ដើម្បីរាប់ឃើញចំនួនអ្នកស្លាប់ ដូច្នេះថា៖
«នៅក្នុងតំបន់ នៃក្រុងវូហានតែមួយ មានទីប៉ាឆាធំៗ ចំនួន៨កន្លែង។ ហើយក្នុងមួយថ្ងៃ ទីប៉ាឆានីមួយៗ មានលទ្ធភាពអាចប្រគល់អដ្ឋិធាតុ ទៅឲ្យតំណាងគ្រួសារ បានត្រឹមតែ៥០០អដ្ឋិធាតុប៉ុណ្ណោះ។ ដូច្នេះ បើមើលពីចំនួនអ្នកតម្រង់ជួរ ជារៀងរាល់ថ្ងៃ (ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៤ ខែមេសា) គឺសម្រាប់នៅក្នុងក្រុង វូហាន តែមួយ អ្នកស្លាប់អាចមានចំនួន រហូតដល់ ៥៩ ០០០នាក់។»
បុរសអ្នកសារព័ត៌មាន បានបន្តរាប់ឃើញទៀតថា៖
«សម្រាប់ នៅក្នុងប្រទេសចិនទាំងមូល អ្នកស្លាប់អាចមាន មិនតិចជាង ៩៧ ០០០នាក់ និងចំនួនអ្នកឆ្លងជំងឺ អាចមានមិនតិចជាង ១,២លាននាក់ (ខុសគ្នាយ៉ាងច្រើនលើសលប់ ពីតួលេខផ្លូវការ ដែលបង្ហាញថា មានតែជាង ៨១ ៤០០នាក់ ដែលបានឆ្លងជំងឺ)។»
គេបានដឹងរួចជាស្រេចហើយ ថាអាជ្ញាធរចិន បានលាក់ពេលវេលាពិតប្រាកដ នៃការរាតត្បាតដំបូង នៃមេរោគ«កូរូណា» ឬ«Covid-19»។ ដូច្នេះ វាក៏មិនមែន ជារឿងចម្លែកអ្វីដែរ ដែលអាជ្ញាធរកុម្មុយនីស្ដិ៍ បានលាក់តួលេខពិតប្រាកដ នៃអ្នកឆ្លង និងអ្នកស្លាប់ ដោយសារជំងឺនេះ។
ហើយអ្នកដែលអាចបញ្ជាក់ ពីការលាក់តួលេខខាងលើដោយអាជ្ញាធរចិន មិនមែនមានត្រឹម តែអ្នកសារព័ត៌មានប៉ុន្មាននាក់ខាងលើទេ តែនៅមានក្រុមគ្រូពេទ្យ អង្គការក្រៅរដ្ឋាភិបាល និងវិទ្យាស្ថានអន្តរជាតិជាច្រើនទៀត ក៏បានលើកឡើង ប្រហាក់ប្រហែលគ្នានេះដែរ។
កាលពីសប្ដាហ៍មុន ក្រុមប្រទេស«G7» បានចេញសេចក្ដីប្រកាស ចោទប្រកាន់របបកុម្មុយនីស្ដិ៍ចិន ថាបានដឹកនាំយុទ្ធនាការ បំភ្លៃព័ត៌មានពិត ដោយមានគម្រោងទុកជាមុន។ ក្រុមប្រទេសមហាឧស្សាហកម្ម ទាំង៧ បានចាត់ទុកទង្វើ និងឥរិយាបទខាងលើ របស់ប្រទេសចិន ថាជា«ការគម្រាម»ធ្ងន់ធ្ងរ ដល់សុខភាពពិភពលោក។
រីឯអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន «RWB /RSF» ក៏បានទម្លាក់ការទទួលខុសត្រូវ នៃស្ថានភាពបច្ចុប្បន្ន ទៅលើរបបដឹកនាំ«ផ្ដាច់ការ»ចិនដែរ។ អង្គការនេះ បានពន្យល់ថា ការបិទបាំងព័ត៌មានឬការបំភ្លៃព័ត៌មាន របស់របបកុម្មុយនីស្ដិ៍ បានធ្វើឲ្យវិបត្តិមួយនេះ កកើតឡើងនិងពង្រីកខ្លួន យ៉ាងធំសម្បើម សម្រាប់ពិភពលោកទាំងមូល។
សម្រាប់អ្នកឃ្លាំមើល និងអ្នកជំនាញ បានពន្យល់ដូចៗគ្នាថា ការបិទបាំងព័ត៌មាន ឬការបំភ្លៃព័ត៌មាន គឺជា«ឧបករណ៍ឃោសនា» របស់របបកុម្មុយនីស្ដិ៍ចិន ហើយតាមរយៈការឃោសនានេះ វានឹងជួយពង្រឹងយុទ្ធសាស្ត្រការទូត របស់ប្រទេសមួយនេះ ក្នុងការច្បាមចាប់ពិភពលោក មកដាក់នៅក្នុងដៃរបស់ខ្លួន។
យុទ្ធសាស្ត្រនោះ គឺបង្ហាញ«សារឃោសនា»ថា ប្រទេសចិនដែលមានអ្នកជំងឺស្លាប់ ត្រឹមតែ ៣ ៣០០នាក់ បានការពារពលរដ្ឋខ្លួន ប្រសើរជាងបណ្ដាប្រទេសផ្សេងទៀត ជាពិសេសនៅបស្ចឹមលោក ដែលមកដល់ថ្ងៃនេះ ចំនួនមនុស្សស្លាប់ បានកើនឡើង រាប់ពាន់នាក់។ ហើយយុទ្ធសាស្ត្រ តាមរយៈ«ឧបករណ៍ឃោសនា»ដដែល ក៏ត្រូវបានយកមកប្រើដែរ ដោយប្រទេសជាច្រើនផ្សេងទៀត ដែលមាននិន្នការដឹកនាំ តាមបែប«ផ្ដាច់ការនិយម»។
ជាឧទាហរណ៍ដូចគ្នា ក្នុងព្រឹត្តិការណ៍ ធៀនអានម៉េន (Tian’anmen) ឆ្នាំ១៩៨៩ ប្រទេសចិនក៏បានប្រើ«សារឃោសនា» ដើម្បីបញ្ចេញតួលេខអ្នកស្លាប់ ដែលមានត្រឹមតែ ២៤១នាក់ ប៉ុណ្ណោះដែរ។ ផ្ទុយទៅវិញ សម្រាប់អ្នកឃ្លាំមើលច្រើននាក់ បានលើកឡើងថា ជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍នោះ មានចំនួនដល់ទៅ ច្រើនពាន់នាក់៕