របាយការណ៍

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

សូមជូនឯកសារវីដេអូចំនួនពីរ៖ ទីមួយ ជាឯកសារស្ដីពីលោក ឈុត វុទ្ធី វីរបុរស​ព្រៃឈើ ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីអាវុធហត្ថ ខេត្ត​កោះកុង និងទីពីរ ជាសកម្មភាពការពារព្រៃឈើ នៃសហគមន៍ព្រៃឡង់ ពីការកាប់ទន្ទ្រានព្រៃ ដោយខុសច្បាប់។

វីដេអូទីមួយ ជាបទយកការណ៍របស់ទូរទស្សន៍អូស្ត្រាលី «SBS Dateline» ដែលបានស៊ើបអង្កេត ទៅលើការសំលាប់សកម្មជនបរិស្ថានកម្ពុជា លោក ឈុត វុទ្ធីនិងថាតើលោក ឈុត វុទ្ធី ទំនងជាបានដឹងពីអ្វី ដែលឃាតកមិនចង់ឲ្យលោកបង្ហាញ។

សូមរំលឹកឡើងវិញថា លោក ឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

រីឯវីដេអូទីពីរ ជាភាពយន្ដឯកសារខ្លី ស្ដីពីសកម្មភាពរបស់បណ្តាញសហគមន៍ព្រៃឡង់ ហៅកាត់ថា «PLCN» បាននិងកំពុងប្រយុទ្ធប្រឆាំង ទល់នឹងការកាប់ឈើខុសច្បាប់ និងការបោសសំអាតដី នៅព្រៃព្រៃឡង់ ដែលមានរយៈពេល តាំងពីជិត ២ ទសវត្សមកហើយ។

បញ្ហាធំបំផុតមួយ ក្នុងចំណោមបញ្ហាធំបំផុតជាច្រើន របស់ពួកគេ គឺផ្តល់តាមរយៈ កម្មវិធីមួយ ក្នុងទូរស័ព្ទដៃ នូវភស្តុតាង​ នៃសកម្មភាព​ខុសច្បាប់​ជាច្រើន ដែលកើតមានជារៀងរាល់ថ្ងៃ នៅទូទាំងព្រៃឡង់។

ភាពយន្ដឯកសារ ផលិតដោយលោក «Allan Michaud» ដែលជាសមិទ្ធិករជាតិអង់គ្លេស រស់នៅក្នុងប្រទេសកម្ពុជា៖

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។