ទស្សនៈ និងការស្រាវជ្រាវស្ដីពី«កំអួតសង្គម» ៖ ទស្សនវិទូបារាំងឈ្មោះ ឡឺ ម៉ុងតែញ (Editor’s Note: ឈ្មោះពេញ គឺ Michel de Montaigne ជាទស្សនវិទូបារាំងតាំងពីសតវត្សទី១៦) បានពោលថា «មនុស្សមានប៉ុន្មាន ការគិតរបស់មនុស្សមានប៉ុណ្ណឹង (Tant de tête, autant d’avis)»។
ដូចការអះអាង របស់ទស្សនវិទូរូបនេះមែន។ នៅសតវត្សទី២០ គេឃើញសង្គ្រាមស្លាបប៉ាកាពីរកើតឡើង រវាងអ្នកប្រាជ្ញពីររូប គឺលោក ហ្សង់ប៉ូល សាត (Jean-Paul Sartre) និងលោក អាល់ប៊ែរ កាមុស (Albert Camus)។
លោក អាល់ប៊ែរ កាមុស ជាទស្សនវិទូមិនឲ្យតម្លៃលើជីវិតទេ។ គាត់បានសរសេររឿងល្ខោនជាច្រើន ដូចជា «ជំងឺប៉េស្ត» «ជនចម្លែក» «Le malentendu» និង«Les justes»ជាដើម។ នៅក្នុងប្រលោមលោក រឿងជនចម្លែក លោកបានអត្ថាធិប្បាយថា ជីវិតគ្មានប្រយោជន៍អ្វីសោះ។
ដោយសាររឿងនេះ ទើបលោក សុទ្ធ ប៉ូលីន (Editor’s Note: លោកជាអ្នកនិពន្ធខ្មែរ) បានសរសេរបន្តទៀតនូវរឿងមួយ គឺ«ជីវិតឥតន័យ» និងបន្តមករឿងផ្សេងទៀត ដូចជា«ចំតិតទៀតហើយ ចំតិតឥតអាសូរ» និងចុងក្រោយ រឿង«មរណៈក្នុងដួងចិត្ត (La mort dans l‘ame)»។ រឿងទាំងនេះ សុទ្ធតែរៀបរាប់ពីជីវិតឥតន័យទាំងអស់ ។
ក្នុងជីវភាពប្រចាំថ្ងៃ លោក អាល់ប៊ែរ កាមុស បានបង្ហាញពីភាពដដែលៗ គួរអោយធុញទ្រាន់ដូចជា មនុស្សទៅធ្វើការត្រឡប់មកវិញ រួចដើរលេងបន្តិចបន្តួច ក៏ដេក។ សកម្មភាពនេះ ធ្វើដដែលៗជារៀងរាល់ថ្ងៃ ដែលគួរឲ្យធុញទ្រាន់។ សូម្បីតែម្តាយគាត់ឈឹស្លាប់ ក៏គាត់មិនទៅមើលផង ព្រោះជារឿងអត់ប្រយោជន៍។ គេហៅលោកថា ជាទស្សនវិទូមិនចុះសម្រុង នឹងជីវិត។
ទាក់ទងបញ្ហាសង្គមមនុស្សវិញ លោក កាមុស យល់ថា មនុស្សត្រូវមានគំនិតបះបោរប្រឆាំង នឹងអំពើយង់ឃ្នងជានិច្ច ប៉ុន្តែមិនត្រូវធ្វើអ្វី ដែលបានត្រឹមបង្កើត ភាពមិនសមហេតុផល បន្តទៀតនោះទេ ។
ឯលោក ហ្សង់ប៉ូល សាត វិញ មានគំនិតផ្ទុយស្រឡះ ពីលោក អាល់ប៊ែរ កាមុស។ លោកត្រូវគេឲ្យឈ្មោះថា ទស្សនវិទូអត្ថិភាពនិយម។ លោកបានសរសេររឿងល្ខោនជាច្រើន ដូចជារឿង«កំអួតសង្គម (La nausee)» «ជញ្ជាំង (Le mur)» និងរឿង«មាគ៌ាទៅកាន់សេរីភាព (Le chemins de la liberté)»ជាដើម។
ចលនាគំនិតរបស់លោក ហ្សង់ប៉ូល សាត ចេញមកអំពីប្រទេស ដែលឆ្លងកាត់សង្គ្រាមយ៉ាងសាហាវ។ ព្រោះហេតុនេះហើយ បានជាលោកពិចារណា ផ្តើមចេញពីស្ថានភាពរបស់មនុស្ស ដែលរស់នៅក្នុងសង្គមបច្ចុប្បន្ន ដែលលោកហៅថា«អត្ថិភាព»។
ឯមនុស្សទូទៅ បានឲ្យឈ្មោះទស្សនវិជ្ជារបស់លោក ហ្សង់ប៉ូល សាត ថាជាទស្សនវិជ្ជា«អត្ថិភាពនិយម» ដែលជាទ្រឹស្តីឲ្យតម្លៃ លើការរស់នៅបច្ចុប្បន្ន ក្នុងឋានៈជាមនុស្សបុថុជ្ជន (l’Homme en situation)។
ទស្សនៈនេះ ដូចគ្នានឹងរឿងទុំទាវខ្មែរដែរ គឺឲ្យតម្លៃទៅលើការរស់នៅប្រចាំថ្ងៃ។ ដូចយើងឃើញស្រាប់ហើយ ក្នុងរឿងទុំទាវ ទោះជាទុំ និងពេជ្របួសជាព្រះសង្ឃក្តី ក៏នេនទាំងពីរ បរទេះដឹកតោកទៅលក់។ ទន្ទឹមនឹងនេះ នេនទុំស្រឡាញ់នាងទាវ ក្នុងឋានៈជាមនុស្សធម្មតា អត់ប្រាថ្នាទៅសួគ៌និព្វានអីទេ។
ទស្សនៈវិជ្ជារបស់លោក ហ្សង់ប៉ូល សាត បានជះឥទ្ធិពល ទៅដល់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន។ ក្រុមយុវជនទាំងនោះ គេហៅពួក ហេបភី (Happy)។ សម័យនោះគេហៅទស្សនវិជ្ជា របស់លោកថា«សាសនាមនុស្សជាតិ»។
ទ្រឹស្តីរបស់លោក ហ្សង់ប៉ូល សាត សង្កត់ធ្ងន់ទៅលើការរស់នៅប្រសើរជាងស្លាប់ ព្រោះហេតុនេះហើយ នៅពេលគេផ្តល់រង្វាន់ណូបែលជូនលោក លោកបានបដិសេធមិនទទួលរង្វាន់នោះទេ។ លោកបានពន្យល់មូលហេតុ នៃការបដិសេធពានរង្វាន់នោះថា លោកណូបែល ជាអ្នកបង្កើតគ្រឿងផ្ទុះសម្លាប់មនុស្ស ហើយមានបានដោយសារសម្លាប់មនុស្ស។
ចំណែកលោក អាល់ប៊ែរ កាមុស ឯណោះ បែរជាទទួលរង្វាន់ណូបែលទៅវិញ។
យើងឃើញថា ទស្សនៈរបស់អ្នកប្រាជ្ញទាំងពីរនេះ ទោះបីខុសគ្នាក៏ដោយ ក៏សុទ្ធតែប្រឆាំងនឹងអំពើជិះជាន់កេងប្រវញ្ច និងការចំរាញ់យកប្រយោជន៍ ពីមនុស្សដោយមនុស្សគ្នាឯង។ លោកទាំងពីរបានពន្យល់ថា អំពើល្អក្តីអាក្រក់ក្តី សុទ្ធសឹងតែជាមធ្យោបាយរបស់មនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដើម្បីយកផលប្រយោជន៍ ដោយគ្មានសីលធម៌។ គេឃើញតែម្នាក់ ដើរខ្សែលើម្នាក់ទៀត។ ម្នាក់ៗរកមធ្យោបាយបង្កើនទ្រព្យសម្បត្តិ ដោយកសាងសេចក្តីសុខលើទុក្ខអ្នកដទៃ។
បើយើងមើលមកស្ថានភាពស្រុកខ្មែររាល់ថ្ងៃវិញ គេឃើញមានអំពើចោរកម្មកាប់សម្លាប់ ឆក់ប្លន់តាមគ្រប់មធ្យោបាយ។ ឯអ្នកនយោបាយវិញ គិតតែរកមធ្យោបាយ និយាយឃោសនាបោកប្រាស់ ទៅតាមចំណេះដឹងរបស់ខ្លួន។ គេឃើញអ្នកនយោបាយខ្លះ តាំងខ្លួនជាអ្នកចេះដឹង ខំនិយាយពន្យល់សាធារណៈជន ឲ្យគេឃើញថា ខ្លួនជាអ្នកចេះដឹងដល់កំពូល។ ទន្ទឹមនឹងនេះ អ្នកនយោបាយប្រភេទនេះ ឆ្លៀតមើលងាយអ្នកដ៏ទៃ រហូតដល់មើលងាយពូជសាសន៍ខ្លួនថា មិនស្មើខ្លួនទៀត(SIC)។
ជននេះមិនខុសពីពួកសូភីស ដូចជា សេណុង អាកុង។ល។ (Editor’s Note: អ្នកទាំងនេះជាអភិជន មន្ត្រី… នៅក្នុងសម័យកាលនៃចក្រភពក្រិច នៅសតវត្សន៍ទី៥ មុនគ្រឹស្ដ៍សករាជ) ដែលប្រើមធ្យោបាយទុច្ចរឹតរបស់ខ្លួន ដើម្បីកំចាត់អ្នកដ៏ទៃឡើយ។
ចំពោះជន ដែលតាំងខ្លួនថាមានតែឯងនេះ លោក សូក្រាត (Editor’s Note: Socrate ជាអ្នកប្រាជ្ញក្រិច នៅក្នុងសម័យកាលនៃចក្រភពក្រិច) បាននិយាយថា «ខ្ញុំចេះតែម្យ៉ាងគត់ គឺមិនចេះអ្វីសោះ»។ ពាក្យនេះ ធ្វើឲ្យពួកសូភីសបាក់អំនួត ហើយងាកមកប្រើការជេរបញ្ចោរ ប្រទូស្តសរ៉ាយ រហូតដល់ប្រើប្រព័ន្ធតុលាការនាសម័យនោះ ដើម្បីសម្លាប់លោក សូក្រាត។
ឆ្លងតាមពាក្យសំដី របស់អ្នកនយោបាយតាំងខ្លួនមានតែឯង គេអាចវាយតម្លៃបានថា មនុស្សនេះ គ្រាន់តែជាមនុស្សពាលម្នាក់ប៉ុណ្ណោះ ព្រោះពួកនេះចេះតែជេរបញ្ចោរ តាមរយៈការប្រើពាក្យអសុរស ដូចជាពាក្យ អាឈាមឆ្កែ អាឈាមថោក។ល។ ធម្មតា មនុស្សពាល វាយកការជេរបញ្ចោរ ធ្វើជាការអប់រំមនុស្ស ដើម្បីកែប្រែសង្គម។
វាពិតណាស់ហើយ មនុស្សពាលគ្មានចេះអ្វី ក្រៅពីយកអំពើហឹង្សា ជេរបញ្ចោរ មកដោះស្រាយបញ្ហាសង្គមនោះឡើយ។ ទន្ទឹមនឹងនេះ អ្នកនយោបាយនោះ បានពន្យល់គេថា អ្នកដែលខ្លួនជេរបញ្ចោរ គឺសក្តិសមនឹងខ្លួនជេរបញ្ចោរហើយ។ ជាការត្រឹមត្រូវ ចំពោះការគិតរបស់មនុស្សប្រភេទនេះហើយ ព្រោះចំណេះខ្លួនមានតែប៉ុណ្ណឹង មិនអាចគិតអ្វីឲ្យប្រសើរខ្ពង់ខ្ពស់ជាងនេះនោះទេ។
ម្យ៉ាងទៀត បើមនុស្សនេះយកខ្លួនឯងជាខ្នាត សម្រាប់វាស់អ្នកដ៏ទៃ ហើយទៅជេរអ្នកដ៏ទៃនោះ គឺជាអំពើល្ងង់ខ្លៅបំផុត ព្រោះអ្នកដ៏ទៃក៏គេអាចយកខ្នាតរបស់គេ សម្រាប់វាយតម្លៃមនុស្សធុននេះបានដែរ។
លោក អាញស្តាញ (Editor’s Note: ឈ្មោះពេញគឺលោក Albert Einstein) នៅក្នុងរូបវិទ្យាឌីណាមិចធៀបបានពន្យល់ថា «គ្មានអ្វីមានភាពដាច់ខាតទេ» ពោលគឺអ្វីទាំងអស់ សុទ្ធតែមានលក្ខណៈធៀប (Tout est relatif) បានន័យថា ធៀបនឹងផែនដី ព្រះច័ន្ទធ្វើចលនាគន្លងជាអេលីប (រាងពងក្រពើ) តែបើធៀបនឹងព្រះអាទិត្យ ព្រះចន្ទលែងមានគន្លងពិតប្រាកដទៀតហើយ។ ឯមនុស្សនេះ បើធៀបនឹងអ្នកចេះដឹងមានការអប់រំ គាត់គ្រាន់តែជាជនពាលម្នាក់ប៉ុណ្ណោះ ។
ទាក់ទងនឹងបញ្ហានិយាមគរុកោសល្យទៅវិញ គ្មានប្រទេសណា គេយកការជេរបញ្ចោរទៅអប់រំមនុស្សទេ ហើយអ្នកប្រៀនប្រដៅគេ ជាពិសេសមេបក្សនយោបាយ ត្រូវចេះចិត្តសាស្ត្រគរុកោសល្យ ជាមុនសិន គឺត្រូវរៀនចិត្តសាស្ត្ររបស់មនុស្ស និងគរុកោសល្យឲ្យបានត្រឹមត្រូវ។
នៅក្នុងទសវត្សឆ្នាំ៦០ លោក ឈូក ម៉ឹងម៉ៅ ជាគរុវិទូខ្មែរដ៏ល្បីល្បាញ ត្រូវគេតែងតាំងឲ្យកាន់កម្មវិធីនាទីកុមារ ដើម្បីអប់រំក្មេងអោយក្លាយ ជាមនុស្សមានអនាគតល្អ។ លោក ហូ តុងហូ គរុវិទូល្បីល្បាញជាងនេះទៀត បានពោលថា៖ «កូនក្មេងខ្មែរ ពុំមែនជាសត្វកណ្តុរ សម្រាប់ធ្វើការពិសោធន៍ទេ។ ដូច្នេះគ្រូ ត្រូវមានគរុកោសល្យធួនល្មម។»។
គេសួរថា តើមេបក្សកណ្តឹងអត់ព្រួយនោះ ចេះនិយាមចិត្តសាស្ត្រគរុកោសល្យទេ ដែលមកតាំងខ្លួនជាអ្នកប្រៀនប្រដៅគេ ហើយយកចំណេះតិចតួចរបស់ខ្លួន និងការជេរបញ្ចោរ មកប្រៀនប្រដៅគេ ធ្វើជាការអប់រំមនុស្ស? តើនិយាមគរុកោសល្យ មានតម្រូវឲ្យមនុស្ស យកការជេរបញ្ចោរ មកអប់រំឬទេ? សូម្បីតែក្នុងគ្រួសារមួយ កូនចេះជេរ ក៏ត្រូវឪពុកម្តាយហាមឃាត់ មិនឲ្យប្រើពាក្យនេះដែរ ព្រោះធ្វើឲ្យក្មេងអាក្រក់។ តើគ្រួសារមេបក្សកណ្តឹងអត់ព្រួយ អប់រំកូនឲ្យចេះជេរបញ្ចោរអ្នកដទៃ ពេលដែលស្អប់អ្នកដទៃ ហើយសក្តិសមនឹងជេរបញ្ចោរនោះឬ?
ទោះជាយ៉ាងនេះក្តី មេបក្សកណ្តឹងអត់ព្រួយ ឆ្លៀតបោកក្រុមរបស់ខ្លួន ដើម្បីលាភសក្ការៈផ្ទាល់ខ្លួនក្រោមលេសថា «ខ្លួនគិតត្រូវជាងគេ ចេះជាងគេ អស់អញជាងគេ ដូចសមណគោត្តម ដែលអាចដោះស្រាយបញ្ហាជាតិបាន»។ មនុស្សធុនមេបក្សកណ្តឹងអត់ព្រួយ នេះត្រូវលោក ហ្សង់ប៉ូល សាត បកស្រាយយ៉ាងច្បាស់ក្នុងអត្ថបទល្ខោនឈ្មោះ«កំអួតសង្គម (La nausée)»ថា ការគិតអ្វីដែលថាល្អនោះ គឺគ្មានអ្វីក្រៅពីបោកប្រាស់អ្នកដ៏ទៃ ដើម្បីបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយ។
ទោះជាមនុស្សនេះ ត្រូវអ្នកប្រាជ្ញចាត់ទុកជា កំអួតសង្គមក៏ដោយ ហើយដែលមនុស្សជាតិ មិនអាចទទួលយកបានក៏ដោយ តែមានពួកតិរច្ឆានខ្លះ ដូចជាឆ្កែឆ្មាទទួលយកបាន យ៉ាងពេញចិត្ត។ កំអួត ជាចំណីដ៏ឆ្ងាញ់របស់ឆ្កែ ក៏ដូចជាគំរង់សាកសព ជាចំណីដ៏ឆ្ងាញ់ របស់សត្វត្មាតនោះដែរ។ នេះជាភាវៈ ដែលមាននៅក្នុងធម្មជាតិ ។
សរុបមក សំដី និងទស្សនៈ របស់មេបក្សកណ្តឹងអត់ព្រួយ គ្រាន់ជា«កំអួត»មួយ ដែលទទួលយកបាន តែពីពពួកសត្វដូចខាងលើនេះប៉ុណ្ណោះ៕
អត្ថបទ«កំអួតសង្គម»ខាងលើ ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុក របស់លោក ហែន វិភាគ កាលពីសប្ដាហ៍មុន និងត្រូវបានផ្ញើរមកកាន់ទស្សនាវដ្ដី ដោយប្រិយមិត្តមួយរូប។ ទស្សនាវដ្ដីបានចុះផ្សាយអត្ថបទនេះ ក្នុងក្របខណ្ឌសេរីភាព នៃការបញ្ចេញមតិ។ ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើមរបស់អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។
ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជាអត្ថបទស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើដល់ប្រយោជន៍សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរអត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរមកទស្សនាវដ្ដីតាមរយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល contact@monoroom.info។