តើពាក្យចចាមអារាម ដែលអះអាង ម្ដងហើយម្ដងទៀត ថាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុងអ៊ុន «ស្លាប់»នោះ អាចជឿជាក់បានដល់កម្រិតណា? បើវាមិនពិត ថាតើហេតុអ្វីក៏មេដឹកនាំរូបនេះ មិនបង្ហាញខ្លួនជាសាធារណៈ ដើម្បីរំងាប់ពាក្យចចាមអារាមនេះភ្លាមទៅ?
អត្ថបទខាងក្រោម នឹងពន្យល់ពីមូលហេតុ ទឡ្ហីករណ៍ និងសេណារីយ៉ូច្រើនយា់ង ដែលផ្ទុះចេញ ពីព្រឹត្តិការណ៍មួយនេះ។
គឺស្ត្រីម្នាក់ ដែលត្រូវជាក្មួយស្រី នៃរដ្ឋមន្ត្រីការបរទេសចិន និងជានាយិការរងមួយរូប នៃបណ្ដាញទូរទស្សន៍ «HKSTV – Hong Kong Satellite Television» មានទីតាំង ក្នុងក្រុងហុងកុង (ចិន) ជាអ្នកទម្លាយរឿងថា លោក គីម ជុងអ៊ុង បានទទួលមរណភាពហើយ បន្ទាប់ពីបានឆ្លងកាត់ ការវះបេះដូងជាលក្ខណៈបន្ទាន់មួយ។
ស្ត្រីរូបនេះ បានអះអាងថា ទទួលបានដំណឹងខាងលើ ពីប្រភព«ច្បាស់ការណ៍»មួយ។ ប៉ុន្តែបន្តិចក្រោយមក នាយិការងរូបនេះ បានលើកឡើង នៅលើបណ្ដាញសង្គម «Weibo» ទំនងជាប្ដូរសំដី របស់ខ្លួនដូច្នេះថា៖
«ពាក្យចចាមអារាម មានមូលដ្ឋានរបស់វា តែមិនប្រាកដថា វាជាការពិតទេ ហើយពេលវេលាកាន់តែទៅមុខ ការពិតនៃពាក្យចចាមអារាមនោះ ក៏មានកាន់តែតិចទៅដែរ។ ដូច្នេះ គេត្រូវពិនិត្យមើល ថាតើពាក្យចចាមអារាមនេះ កើតចេញពីណា និងដើម្បីអ្វី?»
យ៉ាងណា ព័ត៌មានខាងលើ ត្រូវបានដកស្រង់ យកទៅផ្សព្វផ្សាយបន្ត ដោយសារព័ត៌មាន ក្នុងប្រទេសជប៉ុន បន្ទាប់មកក្នុងប្រទេសកូរ៉េខាងត្បូង មុននឹងធ្លាក់ទៅដល់សារព័ត៌មាននានា នៅបស្ចឹមលោក។
ប៉ុន្តែពាក្យចចាមអារាមទាំងនេះ មិនមែនថា គ្មានការពិត ទាំងស្រុងនោះទេ ព្រោះនៅក្នុងគ្រួសារត្រកូល គីម ដែលយកប្រទេសកូរ៉េខាងជើង ជាអាណាចក្រផ្ទាល់ខ្លួននោះ តែងរងការញាំញីដោយបញ្ហាសុខភាព ក្នុងនោះមានជំងឺបេះដូង បញ្ហាធាត់ចុះខ្លាញ់ ញៀនបារី និងត្រូវរាប់បញ្ចូល ទាំងអាការៈទឹកនោមផ្អែម នោះផង។
ហើយអ្វី ដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះ គឺអវត្តមានជាសាធារណៈ របស់លោក គីម ខ្លួនលោក អស់រយៈពេលជាច្រើនថ្ងៃ។ ជាពិសេសអវត្តមាន នៅចំថ្ងៃបុណ្យខួបជីតារបស់លោក ដែលជាបីតាស្ថាបនិក នៃរបបកុម្មុយនីស្ដិ៍ និងដែលជាថ្ងៃបុណ្យដ៏សំខាន់ ទាមទារឲ្យមេដឹកនាំគ្រប់រូប ត្រូវបង្ហាញខ្លួន ដើម្បីបង្ហាញពីភក្ដីភាព។
នៅថ្ងៃនោះ កម្រងផ្ការបស់លោក គីម ជុងអ៊ុន ដែលត្រូវយកមកដាក់ ដើម្បីឧទ្ទិសឲ្យជីតាលោក បានមកដល់យឺតពេល ដែលធ្វើឲ្យគេគិតថា ការដាក់កម្រងផ្កា ដែលគ្មានវត្តមានរបស់លោក គីម បែបនេះ ទំនងជាមិនបានគ្រោងទុក ជាមុនទេ។ ដូច្នេះហើយ លោក គីម ទំនងជាមានអាការៈអ្វីមួយ ដែលត្រូវសង្គ្រោះបន្ទាន់ ហើយគ្មាននរណាដឹងមុន ដូចជាជំងឺគាំងបេះដូង ជាដើម។
អវត្តមានរបស់លោក គីម ជុងអ៊ុន មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ កាលពីឆ្នាំ២០១៤ លោក គីម ក៏ធ្លាប់បាត់មុខ ដោយគ្មានដំណឹង អស់រយៈពេល១៥ថ្ងៃដែរ។ ការបាត់មុខជាច្រើនថ្ងៃ បានបញ្ចប់ទៅ ដោយដំណឹងចុងក្រោយមួយ ថាលោកបានរង ការវះកាត់ យកគ្រាប់គីសមួយ ចេញពីកែងជើង។
បើទោះជាមាន សេចក្ដីប្រកាសព័ត៌មាន របស់ប្រទេសកូរ៉េខាងជើងខ្លះៗក្ដី ក៏គេនៅតែមិនអាចដឹង ពីស្ថានភាពសុខភាព របស់មេដឹកនាំ នៃប្រទេសនេះ ថាពិតជាឈឺ ឬមិនឈឺនោះដែរ។ និយាយជារួម សេចក្តីប្រកាសព័ត៌មានទាំងនោះ ចេញផ្សាយ ដើម្បីគ្រាន់តែបង្ការ ស្ងានការណ៍ងើបបះបោរ ដែលអាចកើតឡើង ជាយថាហេតុប៉ុណ្ណោះ។ នៅក្នុងប្រទេស ដែលមានរបបដឹកនាំកុម្មុយនីស្ដិ៍ ឬតាមបែបកុម្មុយនីស្ដិ៍ គេតែងចាត់ទុកព័ត៌មានរបៀបនេះ ថាមានលក្ខណៈរសើប ឬជាការញុះញង់។
មានទឡ្ហីករណ៍ច្រើន ដើម្បីពន្យល់ពីអវត្តមានរបស់លោក។ ការអះអាងថា អវត្តមានបណ្ដាលមកពីបញ្ហាសុខភាព ពិតជាមានមូលដ្ឋានគ្រឹះ ដូចបានពន្យល់ខាងលើរួច។ ហើយនៅពេលនេះ លោក គីម ទំនងជាកំពុងព្យាបាលខ្លួន ដើម្បីត្រឡប់មករកសុខភាពធម្មតាឡើងវិញ។
រថភ្លើងមួយខ្សែ ក្នុងក្រុង «Wonsan» ដែលត្រូវបានថតឃើញ តាមប្រព័ន្ធផ្កាយរណប ក៏អាចបញ្ជាក់បានដែរថា លោក គីម កំពុងមានវត្តមាន សម្រាកលំហែកាយ ឬសម្រាកព្យាបាលខ្លួន នៅក្នុងភូមិគ្រឹះនៃក្រុង «Wonsan» ដោយសារតែវថភ្លើងមួយខ្សែរនេះ ដឹកតែលោក គីម និងគ្រួសារប៉ុណ្ណោះ។
សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសកូរ៉េខាងត្បូង បានលើកពីទឡ្ហីករណ៍មួយទៀត។ សារព័ត៌មានបានលើកឡើងថា ករណីឆ្លងមួយ ត្រូវបានរកឃើញ នៅក្នុងចំណោមមនុស្សជំនិតជាច្រើននាក់ ដែលនៅជុំវិញលោក គីម។ ដូច្នេះហើយ ទើបលោក គីម បានសម្រេចចិត្ត ដាក់ខ្លួនឲ្យនៅដោយឡែក សម្រាប់រយៈពេលច្រើនថ្ងៃ ដើម្បីព្យាបាលជំងឺរាតត្បាត ដែលរូបលោកអាចឈឺ។
ក្រុមគ្រូពេទ្យចិន ដែលត្រូវបានបញ្ជូន ជាបន្ទាន់ ទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេលចុងក្រោយនេះ ក៏អាចមានមូលហេតុដូចគ្នាថា ត្រូវទៅព្យាបាលលោក គីម ដែលឆ្លងជំងឺ«Covid-19»នេះដែរ។
វាហាក់ដូចជារហ័សពេក ដែលលើកមកនិយាយ អំពីការឡើងស្នងតំណែង បើគេគ្រាន់តែឮ ពាក្យចចាមអារាមខាងលើ។ តែនៅទីនេះ យើងនិយាយថា ប្រសិនជាលោក គីម ជុងអ៊ុន ស្លាប់ តើនរណាឡើងកាន់អំណាច? ហើយសំនួរនេះ ក៏ទំនងជារបបក្រុងព្យុយ៉ាង ជាពិសេសលោក គីម ជុងអ៊ុន ខ្លួនលោក បានចោទសួរឡើងដែរ ដើម្បីចង់ដឹងពីចលនា ឬប្រតិកម្មទាំងឡាយ នៅក្នុងជួរមជ្ឈឹមបក្សរបស់ខ្លួន។
មានសេណារីយ៉ូចំនួន៤ ដែលអាចកើតមាន៖
បើទោះជាអ្នកស្រី គីម យ៉ូជុង មានភាពវាងវៃ នៅក្នុងកិច្ចការបក្ស និងកិច្ចការដឹកនាំក៏ដោយ តែអ្នកស្រីអាចជួបឧបសគ្គ ដោយហេតុថា អ្នកស្រីជាស្ត្រីភេទ ដែលរបបកុម្មុយនីស្ដិ៍ទាំងឡាយ នៅក្នុងពិភពលោក មិនសូវជាឲ្យតម្លៃ ដើម្បីក្លាយជាមេដឹកនាំ របស់ពួកគេឡើយ។
តែអ្នកស្រី គីម យ៉ូជុង អាចត្រូវជ្រើសតាំង ជាលក្ខណៈបណ្ដោះអាសន្ន ដើម្បីរង់ចាំកូនៗ របស់លោក គីម ជុងអ៊ុន មានវ័យគ្រប់ការ ដើម្បីឡើងកាន់អំណាចបាន។
យ៉ាងណា លោក គីម ជេយ៉ុង អាចសហការជាមួយអ្នកស្រី គីម យ៉ូជុង ដោយឲ្យម្នាក់ជាអ្នកកាន់តំណែង ម្នាក់ទៀតជាអ្នកអនុវត្តន៍។
បើទោះជាតំណែងនេះ មានលក្ខណៈត្រឹមតែនិមិត្តរូបក្ដី តែលោកបានបង្ហាញសកម្មភាព និងឥទ្ធិពលកាន់តែខ្លាំងឡើង ក្នុងជួរថ្នាក់ដឹកនាំបក្ស។
លោក គីម ព្យុងអ៊ីល អាយុ៦៥ឆ្នាំ ដែលត្រូវជាឪពុកមា របស់លោក គីម ជុងអ៊ុន សព្វថ្ងៃ ទើបតែវិលចូលប្រទេសវិញ កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុននេះប៉ុណ្ណោះ បន្ទាប់ពីលោកបានចេញ ទៅធ្វើមន្ត្រីទូត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងកើត អស់រយៈកាល ជាច្រើនឆ្នាំរហូតមក៕