វិភាគ អត្ថាធិប្បាយ

អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ផ្ទុយ​ពី​«រដ្ឋធម្មនុញ្ញ»

បើទោះ«រដ្ឋធម្មនុញ្ញ»កម្ពុជា បានចែងថា ព្រះមហាក្សត្រសោយរាជ្យសម្បត្តិ ដោយគ្មានអំណាចក៏ដោយ តែព្រះអង្គ​នៅ​មាន​ព្រះរាជសិទ្ធិមួយចំនួន ដែលច្បាប់ដ៏កំពូលនេះ បានប្រគល់ថ្វាយទ្រង់។ ប៉ុន្តែព្រះរាជសិទ្ធិនេះ មិនមាន​ការអនុវត្ត​ទេ រាប់ពីរជ្ជកាលស្ដេ​ចមុន រហូតមកដល់រជ្ជកាលស្ដេចបច្ចុប្បន្ន។ នេះ បើតាមលោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​កម្ពុជា។

«វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបាន​លោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅ​ពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោក​​ដែលចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

បន្ទាប់ពីព្រះរាជឱង្ការតប របស់ព្រះអង្គរួច លោក ឡៅ ម៉ុងហៃ បានពន្យល់ថា រឿងហ្នឹង ក៏«ចប់ត្រឹមហ្នឹងទៅ»។ អ្នកវិភាគ​បានបង្ហើបទៀតថា៖

«ម្តងនោះ ខ្ញុំជជែកតឹងមាត់តឹងក អំពីអំណាចស្តេច ជាមួយចៅហ្វាវាំង គង់ សំអុល នៅមុខ​លោក។ តែលោកឃាត់ ហើយបង្វែរទៅនិយាយ​រឿងផ្សេង។»។

មាត្រាចែងក្នុង«រដ្ឋធម្មនុញ្ញ»

នៅក្នុងជំពូកទី២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ស្ដីពីព្រះមហាក្សត្រ ដែលមាន២៤មាត្រា បានចែងយ៉ាងច្រើន អំពីព្រះរាជសិទ្ធិ​របស់ព្រះមហាក្សត្រ បើទោះជាព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ តែមិនមានអំណាចក៏ដោយ។ ព្រះរាជសិទ្ធិនោះ រួមមាន ​ទ្រង់​ជា​មេ​បញ្ជា​ការ​កំពូល​ នៃ​កង​យោធពល​ខេមរភូមិន្ទ (មាត្រា២៣) ទ្រង់​គង់​ជា​ព្រះអធិបតី​ នៃ​ឧត្ដម​ក្រុមប្រឹក្សា​​ការពារ​​ជាតិ​ (មាត្រា២៤ថ្មី) និងទ្រង់​មាន​ព្រះរាជ​សិទ្ធិ​ បន្ធូរបន្ថយ​ទោស​ និងលើក​លែង​ទោស (មាត្រា២៧) ជាដើម។

នៅក្នុងជំពូកទី ១៤ នៃរដ្ឋធម្មនុញ្ញ ស្ដីពីសមាជជាតិ ក៏មានចែងដែរថា ព្រះមហាក្សត្រ គឺជាព្រះរាជាធិបតីភាព (មាត្រា១៤៨ថ្មី) នៃសមាជជាតិ​ទាំងនោះ ដែលត្រូវប្រព្រឹត្តិធ្វើ រៀងរាល់​មួយឆ្នាំម្ដង នៅដើមខែធ្នូ។ រាល់ព្រះរាជសិទ្ធិ ជាអាទិ៍ខាងលើ មិនត្រូវបានរដ្ឋធម្មនុញ្ញចែងថា ចាំបាច់ត្រូវបាន​មានការទូលសុំ ឬការឯកភាព ពីនាយករដ្ឋមន្ត្រី​នោះ​ឡើយ។

ផ្ទុយទៅវិញ ព្រះរាជសិទ្ធិទាំងនេះ មិនមានការអនុវត្តជាក់ស្ដែងទេ។ លោក ឡៅ ម៉ុងហៃ បានសម្ដែងការខកចិត្ត ដោយ​លោកថា ព្រះមហាក្សត្រ​ទាំងពីរ​ព្រះអង្គ (ព្រះបាទ នរោត្ដម សីហនុ និងព្រះបាទ នរោត្ដម សីហមុនី) «មិនអាចបំពេញ​តួនាទី និងប្រើប្រាស់សិទ្ធិអំណាច ដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញបាន»។

អ្នកជំនាញខាងកិច្ចការសង្គម និងនយោបាយរូបនេះ បានលើកឡើងថា៖

«ព្រះអង្គជាមេបញ្ជាកំពូល តែមិនដែលឃើញ ព្រះអង្គគ្រងឯកសណ្ឋាន​យោធា និងត្រួតពលឡើយ។ ព្រះអង្គ គង់ជា​ព្រះអធិបតីសមាជជាតិ តែអត់មាន​សមាជជាតិ [ដើម្បី]នឹងធ្វើជាព្រះអធិបតី។ ព្រះអង្គមានព្រះរាជសិទ្ធិ​​លើកលែង​ទោស និងបន្ធូរបន្ថយទោស តែព្រះអង្គមិនអាច​ប្រើប្រាស់​សិទ្ធិនេះ ដោយព្រះអង្គឯងបាន។»។

ជារឿយៗ ក្រុមអ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលឯករាជ្យជាច្រើននាក់ តែងធ្វើការរិះគន់ថា រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលមួយនេះ ហាក់ត្រូវបានចោះៗ យកមកអនុវត្ត ទៅតាមតែការចង់បាន របស់រដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុណ្ណោះ។ ព្រះរាជសិទ្ធិខាងលើ របស់​ព្រះមហាក្សត្រ ក៏បានរងការរិះគន់ដែរថា ថាមិនត្រូវបានអនុវត្ត ឲ្យបាន​ពេញលេញទេ។

កាលពីប៉ុន្មានខែមុន មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ថែមទាំងបានបរិហារ ដោយត្រង់ៗថា ព្រះមហាក្សត្រសព្វថ្ងៃ គឺជា​ចំណាប់ខ្មាំង របស់លោក ហ៊ុន សែន នោះទៀតផង។ ប៉ុន្តែការបរិហាររបស់លោក សម រង្ស៊ី ទទួលបានលទ្ធផល​មកវិញ ដោយបណ្ដឹងមួយ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដាក់ទៅកាន់ទៅតុលាការ ប្ដឹងអតីតប្រធានគណបក្សប្រឆាំង ពីបទប្រមាថ​ព្រះមហាក្សត្រ។

ចំពោះលោក ឡៅ ម៉ុងហៃ វិញ បានសង្កេតឃើញថា៖

«ស្តេចយើង ក៏ដូចជាអ្នកឯទៀតក្តី មិនចង់ដោះស្រាយបែបសកម្ម ច្រើនតែ [ដោះស្រាយតាមបែប] អសកម្ម គេចចេញ​ពីបញ្ហា ទុកឲ្យពេលវេលាដោះស្រាយ ឬភាគីនៃបញ្ហា សម្របសម្រួលទៅវិញ។ ដូចជា លោកមិន​ពេញចិត្តនឹង​ច្បាប់​ណា​មួយ លោកច្រើនគេច ទៅក្រៅប្រទេស ទុកឲ្យប្រមុខរដ្ឋស្តី ចុះហត្ថលេខាជំនួស។»។

អ្នកវិភាគបានថ្លែងបន្តថា៖

«លោក គួរតែបញ្ចេញទស្សន:ដោយស្ងាត់ៗ ជាមួយនាយករដ្ឋមន្ត្រី ឬដោយចំហរ ថាលោកមិនអាចចុះហត្ថលេខា​បានទេ ដោយហេតុអញ្ចេះអញ្ចុះទៅ។ ឆ្នាំទៅ ខ្ញុំជំទាស៎នឹងច្បាប់មួយចំនួន ហើយសុំស្តេចបច្ចុប្បន្ន កុំចុះហត្ថលេខា ដោយលើក​ឧទាហរណ៍ស្តេច​បែលហ្សីក  ដែលសុខចិត្តសុំដាក់រាជ្យ មិនចុះហត្ថលេខាលើច្បាប់ ដែលប៉ះពាល់​ដល់​មនសិការ​លោក។»។

យ៉ាងណា ពាក្យ​«មនសិការ»ប៉ុន្មានម៉ាត់នេះ ហាក់គ្មានន័យប៉ុន្មានឡើយ សម្រាប់លោក ហ៊ុន សែន។

កាលពីឆ្នាំ២០០៥ បុរសខ្លាំងកម្ពុជា ធ្លាប់គម្រាម រំលាយរបបរាជានិយមកម្ពុជា ចោលម្ដងហើយ បន្ទាប់ពីអតីត​ព្រះមហាក្សត្រ បានអនុវត្តតាម​«មនសិការ»​របស់ទ្រង់ មិនឡាយព្រះហស្ថលេខា ទៅលើសន្ធិសញ្ញាបំពេញ​បន្ថែម ដែលក្រុមអ្នក​រិះគន់​ចាត់​ទុកថា ជាអត្ថបទច្បាប់ ដែលទទួលស្គាល់​សន្ធិសញ្ញាខុសច្បាប់​ទាំងឡាយ ដែលត្រូវបាន​ធ្វើឡើង ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លើកបន្តុប​ឡើង​ដោយក្រុង​ហាណូយ និងដែលបាន​ធ្វើឲ្យប្រទេសកម្ពុជា បាត់​ទឹកដី​របស់ខ្លួន ទៅឲ្យប្រទេសវៀតណាម៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។