វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ «ជំនួប»ធ្វើឲ្យ ហ៊ុន សែន ​ចំណេញ តែ កឹម សុខា គិត​ជ្រៅ

ទិដ្ឋភាព«ជំនួប»ផ្ទាល់មុខ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំ គណបក្ស​ប្រឆាំង លោក កឹម សុខា ក្នុងពិធីបុណ្យសព ម្ដាយក្មេកលោក ហ៊ុន សែន បានបង្ហូ​ទឹកប៉ាកកា មិនតិចទេ សម្រាប់ក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើល បញ្ហាសង្គម និងនយោបាយខ្មែរ។

សម្រាប់លោក គឹម សុខ អ្នកវិភាគឯករាជ្យ ដែលកំពុងរស់នៅ​និរទេសខ្លួន ក្នុង​ប្រទេស​ណ័រវេស បានអបអរសាទរជំនួបនេះ ថាជាការបង្ហាញ នូវ«ប្រពៃណី​វប្បធម៌​នយោបាយ​ល្អមួយ»។

បើទោះជាលោកយល់ថា ស្ថានការណ៍នយោបាយកម្ពុជា នឹងពុំមានការប្រែប្រួលអ្វីធំដុំ ចេញពីជំនួប បែបនេះដ៏ដោយចុះ ក៏លោក គឹម សុខ ពន្យល់ថា មេដឹកនាំទាំងសងខាង បានប្រើប្រាស់ជំនួបនេះ ដើម្បីយុទ្ធសាស្ត្រនយោបាយ តែរៀងៗខ្លួន។ លោកថា លោក​នាយក​រដ្ឋមន្ត្រី ទទួលបានផលចំណេញ ខណៈមេដឹកនាំប្រឆាំង បានបង្ហាញពីគំនិត ដ៏ជ្រៅ​មួយ។

នៅលើបណ្ដាញសង្គម លោក គឹម សុខ បានពន្យល់ថា លោក ហ៊ុន សែន បានចំណេញ​២យ៉ាង ៖

«ទី(១) មុខមាត់ និងទី(២) បង្កើតជាការសង្ស័យ​រវាងគ្នា ក្នុងចំណោមក្រុមប្រឆាំង ជាពិសេស ពីពួក​អ្នក​ហ្វឹកហាត់​ការងារ​មួលបង្កាច់ ដែលចាំតែចោទ ដោយមិនចេះ​ពិចារណា​វែងឆ្ងាយ។ ពួកនេះ​នឹងដណ្ដើមគ្នា ស្រែកកញ្ជ្រោកឆ្លើយឆ្លងគ្នា យ៉ាងទ្រហឹង តាម​បណ្ដាញសង្គម ហ្វេសប៊ុក ទាក់រកម៉ូយដុំម៉ូយរាយ តាមស្នៀតប្រូ និងទាយនយោបោក របស់​ពួកគេ។»

សម្រាប់ប្រធាន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានលោក គឹម សុខ ពន្យល់ថា មាន​គំនិត​នយោបាយជ្រៅ នៅក្នុងជំនួបនេះ គឺមេឹកនាំប្រឆាំង​«ចែករំលែកមេរៀនចិត្តធម៌ ដល់លោក ហ៊ុន សែន, មានន័យថា លោក កឹម សុខា ហ៊ានធ្វើល្អ អន់ឱន និងអនុគ្រោះ ចំពោះ​លោក ហ៊ុន សែន បើទោះបីជាសម្ដេចប្រធាន គណបក្សប្រជាជនកម្ពុជា [រូបនេះ] ធ្វើបាប​គាត់ យ៉ាងណាក៏ដោយ»។

ជំនួប ហ៊ុន សែន-កឹម សុខា ផ្ដល់ផលតិច…

ផ្ទុយពីបានមើលឃើញ ពីយុទ្ធសាស្ត្រនយោបាយ ខ្លីឬវែង ដូចបានរៀបរាប់ខាងលើ អ្នកវិភាគ ដែលមានសំដី មិនសំចៃមាត់រូបនេះ បានរំពឹងថា ចេញពី«ជំនួប» រវាង​មេដឹកនាំ​ទាំងពីរ ស្ថានការណ៍នយោបាយ នៅកម្ពុជា នឹងមិនមានការផ្លាស់ប្ដូរអ្វី គួរឲ្យ​កត់សម្គាល់​ឡើយ។

«លោក ហ៊ុន សែន មិនហ៊ានបន្ធូរសេរីភាពនយោបាយ នៃលោក កឹម សុខា ដល់កម្រិត​ឲ្យ​ខូចផែនការ អំណាច “តត្រកូលហ៊ុន”ទេ។ រីឯលោក កឹម សុខា វិញ ក៏នឹងមិនសម្លាប់ កិត្តិនាម​នយោបាយរបស់គាត់ ដោយការលេងល្បែង របស់លោក ហ៊ុន សែន ដែរ។»

អ្នកវិភាគ បានសរសេរពន្យល់ ទៀតថា៖ 

«លោក កឹម សុខា បង្ហាញជំហរត្រូវផ្លូវ ក្នុងការទាមទារ ឲ្យមានការផ្សះផ្សាជាតិ ហើយ​ជម្លោះ​នយោបាយ ពិតជាត្រូវសម្រុះសម្រួលគ្នា តាមផ្លូវនយោបាយមែន ក៏ប៉ុន្តែគាត់​មិន​អាច​ងាកចេញ ពីគោលការណ៍ទាមទារយុត្តិធម៌ សមនឹងទទួលយកបាន ដូចដែល​គាត់​ធ្លាប់​បានសន្ទនា ជាមួយអង្គទូតនានា កន្លងមកនោះទេ។»

នៅទីបញ្ចប់ លោក គឹម សុខ ក៏បានយកលោក សម រង្ស៊ី មេដឹកនាំប្រឆាំង មួយរូបទៀត ចូល​មកក្នុង​ការប្រមើលមើល របស់លោក ដែលធ្វើទៅលើជំនួប នៃមេដឹកនាំទាំងពីរនាក់ មុននេះដែរ។ អ្នកវិភាគ បានលើកឡើងថា៖

«ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី បើអ្នកណាម្នាក់ ហ៊ានលេង ដាច់ដោយឡែក ពីគ្នា តាមល្បែងរបស់លោក ហ៊ុន សែន នោះពួកគាត់ គួរប្រកាស ឈប់ធ្វើនយោបាយ ល្អ​ជាង ពីព្រោះការលេងល្បែង [របស់]លោក ហ៊ុន សែន រៀងៗខ្លួន ដោយឡែកពីគ្នា កិត្តិនាម​ផ្ទាល់ខ្លួន​ក៏ចប់ ហើយស្មារតីប្រជាធិបតេយ្យជាតិ ក៏ធ្លាក់យ៉ាប់៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។