លោក ម៉ែន សុថាវរិន្ទ្រ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាង កាលពីយប់ថ្ងៃសៅរ៍ទី២៧ ខែមេសាម្សិលម៉ិញថា បន្ទាប់ពីជំនួបជាមួយ«អ្នកគាំទ្រ» នៅក្នុងប្រទេសកូរ៉េខាងត្បូង មេដឹកនាំប្រឆាំង លោក សម រង្ស៊ី គ្រោងនឹងបន្តដំណើរ ទៅកាន់ប្រទេសថៃ ដើម្បីអ្វីមួយ ដែលក្រុមលោកអះអាងថា ជាការកៀងគរបណ្ដាជន ដើម្បីវិលចូលមាតុភូមិជាមួយលោកវិញ។
ប្រសិនជាគម្រោងនោះ ក្លាយជាការពិត វាអាចជាការប្រឈម នឹងហានិភ័យដ៏ខ្ពស់មួយ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចប្រើប្រាស់ទំនាក់ទំនង កម្ពុជា-ថៃ ក្នុងការធ្វើបត្យាប័នអ្នកទោស ឲ្យចាប់បញ្ជូនខ្លួនលោក សម រង្ស៊ី និងក្រុមលោក។
នេះ បើតាមការអះអាង របស់លោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកពន្យល់ថា ប្រទេសថៃអាចនឹងចាត់ទុកផលប្រយោជន៍ ចំពោះមុខសម្រាប់ខ្លួនគេ សំខាន់ជាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោក ព្រហ្ម គិត បញ្ជាក់ថា ផ្ទុយទៅវិញ ការអះអាងពីការលួចបញ្ជូនគិញសម្ងាត់ ចូលទៅក្នុងប្រទេសគេ មិនអាចធ្វើទៅរួចទេ ដោយហេតុថា បើសិនជាលោក ហ៊ុន សែន ហ៊ានធ្វើទង្វើនេះ លោកនឹងប្រឈម នូវវិបត្តិការទូតដ៏ធ្ងន់ធ្ងរ ជាមួយសហគមន៍អន្តរជាតិ។ អ្នកវិភាគវ័យចំណាស់ បានថ្លែងថា៖
«វាជាទង្វើបំពានបូរណភាព អធិបតេយ្យភាព របស់ប្រទេសគេ ហើយករណីនេះ លោក ហ៊ុន សែន គ្រាន់តែគម្រាមលោក សម រង្ស៊ី ចោលប៉ុណ្ណោះ។»
បុរសខ្លាំងកម្ពុជា ធ្លាប់គម្រាមមិនតិចដងទេ ពីការបញ្ជូនភ្នាក់ងារចារកម្មរបស់លោក ទៅតាមចាប់ខ្លួនលោក សម រង្ស៊ី ក្នុងករណីដែលមេដឹកនាំប្រឆាំងរូបនេះ បង្ហាញវត្តមាននៅក្នុងតំបន់អាស៊ី ក្បែរៗកម្ពុជា។ ប៉ុន្តែការគម្រាមនោះ រងប្រតិកម្មខ្លាំងៗមកវិញ ពីប្រធានស្ដីទីគណបក្សប្រឆាំង ដោយហៅទង្វើនេះ របស់លោក ហ៊ុន សែន ថាមានលក្ខណៈ«ហ្វាស៊ីស»។
យ៉ាងណា លោក សម រង្ស៊ី និងក្រុមលោក មិនទាន់អស់ផ្លូវទាំងស្រុងទេ បើសិនជាក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ ច្បាស់លាស់ក្នុងការកំណត់ថា ជំនួបជាមួយអ្នកគាំទ្រ នៅក្នុងប្រទេសថៃ ជាជម្រើសយុទ្ធសាស្ត្រ សម្រាប់ដំណើរវិលត្រឡប់ ចូលមាតុភូមិវិញ។
ហើយដើម្បីឲ្យជំនួបនោះ អាចប្រព្រឹត្តិទៅបាន លោក ព្រហ្ម គិត បានលើកពីគន្លឹះសំខាន់ៗចំនួនបី៖
អ្នកវិភាគផ្នែកនយោបាយ បានលើកឡើងទៀតថា អាចមានសេណារីយ៉ូផ្សេង នោះគឺប្រទេសថៃ បិទមិនឲ្យមានការជួបប្រជុំ ផ្នែកនយោបាយនេះ នៅលើទឹកដីរបស់ខ្លួនតែម្ដង។ លោក ព្រហ្ម គិត បន្តថា ក្នុងករណីនេះ លោក សម រង្ស៊ី និងក្រុមលោក អាចប្ដូរទីតាំង ទៅជួប«អ្នកគាំទ្រ»នៅក្នុងប្រទេសម៉ាឡេស៊ីវិញ ដែលសព្វថ្ងៃមានរដ្ឋាភិបាល ដែលចេញពីអតីតគណបក្សប្រឆាំងម៉ាឡេស៊ី។
លោក ព្រហ្ម គិត បញ្ជាក់នៅចុងបញ្ចប់ថា៖
«រឿងដែលសំខាន់ នៅត្រង់ថា តើការប្ដេជ្ញាចិត្តរបស់លោក សម រង្ស៊ី ខ្លួនឯង ទល់នឹងរាល់ការប្រឈមទាំងនោះ មានដល់កម្រិតណា ឬមួយធ្វើឡើង ដើម្បីគ្រាន់តែជាការកំញើញ? ព្រោះថា បើស្ដាប់តាមការថ្លែងរបស់គាត់ តាំងពីដើមរហូតមក ការប្រឈមប៉ុណ្ណេះ មិនគួរជាឧបសគ្គទេ៕»