បច្ចេកវិទ្យា

ទ្វីសធើរ បិទគណនេយ្យ ដូណាល់ ត្រាំ ជាស្ថាពរ

គណនេយ្យ ទ្វីសធើរ (Twitter) ដែលមធ្យោបាយផ្សព្វផ្សាយ​ដ៏សំខាន់ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ចប់អាណត្តិ នៃសហរដ្ឋអាមេរិក ត្រូវបានបិទចោលជាស្ថាពរ នៅមុននេះបន្តិច។ ជាការសម្រេចចិត្ត របស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស ទ្វីសធើរ ដើម្បីទប់ស្កាត់ហនិភ័យ នៃ«ការញុះញង់» ដែលអាចបង្កឲ្យមានអំពើហិង្សា សារជាថ្មី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយភ្លាមៗ នៅក្រោយការបិទគណនេយ្យនោះ ក្រុមហ៊ុន ទ្វីសធើរ បានបញ្ជាក់ថា ខ្លួនបានសិក្សាយ៉ាងម៉ត់ចត់ អំពីសារទ្វីសធើរចុងក្រោយ របស់លោក ដូណាល់ ត្រាំ និងបានគិតថា សារទាំងនោះមានទំនោរ ក្នុងការបង្ក​គ្រោះថ្នាក់ សម្រាប់សន្តិសុខប្រទេស។

គណនេយ្យរបស់ប្រធានាធិបតីចប់អាណត្តិ ដែលមានអ្នកតាមដាន ប្រមាណជា៨៩លាននាក់ ត្រូវបានក្រុមហ៊ុន ទ្វីសធើរ ផ្អាក​ដំណើរការ​ម្ដងហើយ ភ្លាមៗនៅក្រោយការទន្ទ្រានកាប់កាប់វិមានកាពីតូល (វិមានសភាទាំងពីរ នៃសហរដ្ឋអាមេរិក) កាលពីរសៀល​ថ្ងៃពុធ ទី៦ ខែមករា។

នៅ១២ម៉ោងក្រោយមក គណនេយ្យខាងលើ​ បានមានដំណើរឡើងវិញ ដែលអនុញ្ញាតឲ្យលោក ត្រាំ បង្ហោះសារបានប៉ុន្មានឃ្លា ដូចត្រូវបានផ្សាយ នៅក្នុងអត្ថបទនេះ

តែចាប់ពីពេលនេះតទៅ លោក ត្រាំ នឹងបាត់សម្លេងសឹងតែសូន្យតែម្ដង នៅលើបណ្ដាញសង្គម ព្រោះក្រៅពី ទ្វីសធើរ នៅមាន ហ្វេសប៊ុក (Facebook) អ៊ិនស្តាហ្គ្រាម (Instagram) ស្នាបឆាត (Snapchat) និងយូធូប (YouTube) ក៏បានបិទគណនេយ្យរបស់លោក ជាស្ថាពរដែរ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។