បច្ចេកវិទ្យា

អគ្គនាយក «Google» ពន្យល់​ហេតុអ្វី​ចុច​ពាក្យ​គន្លឹះ«ភ្លើ»​ចេញរូប ត្រាំ!

អគ្គនាយកក្រុមហ៊ុនយក្ស «Google» លោក «Sundar Pichai» បានព្យាយាមពន្យល់ នៅចំពោះគណៈកម្មាធិការមួយ របស់សភាជាតិអាមេរិក អំពីថាហេតុអ្វី បានជាគេចុចពាក្យ «ភ្លើ» នៅក្នុងប្រអប់រុករក របស់ «Google» ស្រាប់តែចេញរូបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មកយ៉ាងច្រើន​បែបនេះ។

ចូរសាកល្បង ដោយខ្លួនលោកអ្នក។ នៅក្នុងប្រអប់រុករករូបភាព របស់ «Google» វាយអក្សរ «idiot» ដែលមានន័យថា «ភ្លើ» រួចហើយចុចលើ «Enter» ឬ «រុករក» ពេលនោះ លោកអ្នកនឹងឃើញរូបលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញមកយ៉ាងច្រើន។ បើលោកអ្នកបានឃើញដូច្នេះ លោក ត្រាំ ខ្លួនលោក ក៏បានឃើញដូចគ្នាដែរ តែវាមិនបាន ធ្វើឲ្យលោក​សប្បាយចិត្ត​នោះទេ។

ដោយមានការគាំទ្រ ពីក្រុមតំណាងរាស្ត្រ មកពីគណបក្សសាធារណៈរដ្ឋផង លោកប្រធានាធិបតីអាមេរិក បានចោទក្រុមហ៊ុន «Google» ថា «លំអៀង» ហើយដែលតម្រូវឲ្យលោក «Sundar Pichai» ចូលខ្លួនមកបំភ្លឺ អំពើយន្ដការនៃប្រអប់រុករករបស់ខ្លួន នៅក្នុងរដ្ឋសភា។

នៅចំពោះសមាជិក​របស់​គណៈកម្មាធិការ​សភា​អាមេរិក​ច្រើននាក់ អគ្គនាយកក្រុមហ៊ុន «Google» បានអះអាងថា៖ «មិនមាននរណាម្នាក់ អង្គុយនៅខាងក្រោយឆាក ដើម្បីកំណត់អំពីអ្វី ដែលប្រអប់រុករក ត្រូវបង្ហាញជូនអ្នកប្រើប្រាស់នោះទេ»។ 

លោក «Sundar Pichai» បន្តថា៖ «ប្រព័ន្ធរុករករបស់យើង មានលក្ខណៈដូចជាដើមឈើមួយដើម ដែលបែកមែកធាងសាខា នៅពេលណាអ្នកវាយអក្សរ ពាក្យគន្លឹះ ចូលទៅ។ «Google» បានប្រមែប្រមូល និងថតទុក នូវទិន្នន័យរាប់ពាន់លានគេហទំព័រ មកពីជុំវិញពិភពលោក ហើយជាមួយនឹងការប្រមែប្រមូលនោះ យើងក៏យកមកជាមួយដែរ នូវពាក្យគន្លឹះ ដែលមាននៅលើគេហទំព័រទាំងនោះ។ យើងបានរៀបចំពាក្យគន្លឹះទាំងនោះ តាមសារប្រយោជន៍របស់វា ដែលមានប្រមាណជាង ២០០ សំខាន់ៗ។ ដោយសារតែបែបនេះ ទើបយើងអាចបង្ហាញ ពីទិន្នន័យរុករក ដ៏ប្រសើរបំផុត ជូនទៅអ្នកប្រើប្រាស់។»។ 

តបនឹងការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ អគ្គនាយកក្រុមហ៊ុនយក្សអាមេរិករូបនេះ បានបកស្រាយថា ក្រុមហ៊ុនលោកក៏បានបង្កើត ឲ្យមានការអង្កេតឯករាជ្យ មួយឡើងដែរ តែការអង្កេតនោះ រកមិនឃើញភស្ដុតាង ដែលបង្ហាញថាក្រុមហ៊ុន «លំអៀង» នោះឡើយ។ លោកថា រាល់ផលិតផលទាំងឡាយ របស់ «Google» ត្រូវបានធ្វើឡើង ដោយឯករាជ្យ និងអព្យាក្រិត្យ។

លោក «Sundar Pichai» បញ្ជាក់ថា៖ «យើងមិនបានធ្វើអន្តរាគមន៍ ទៅក្នុងលទ្ធផលនៃការរុករកទេ។ (…) ខ្ញុំបានដឹកនាំក្រុមហ៊ុននេះ ដោយគ្មានកិច្ចការនយោបាយ ចូលលាយឡំ ហើយខ្ញុំក៏ឃ្លាំមើលរហូតមក ចំពោះផលិតផលរបស់យើង ដើម្បីឲ្យវាមានដំណើរការ បែបហ្នឹងដែរ។»៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។